(ភ្នំពេញ)៖ បដិមាព្រះនរាយណ៍ ឬព្រះវិស្ណុផ្ទុំ ដែលត្រូវបានចាត់ទុកថា ជាបដិមាធ្វើពីលោហៈដ៏ធំជាងគេនៅអាស៉ីអាគ្នេយ៍ និងធំជាងគេនៅតំបន់អង្គរ ដែលបានរកឃើញនៅប្រាសាទមេបុណ្យខាងលិច ត្រូវបានរៀបចំដំណើរការដាក់តាំងក្នុងពិព័រណ៌ដ៏ធំរបស់សារមន្ទីរបារាំង ឈ្មោះថា Guimet ។ បើតាមការជូនដំណឹងរបស់សារមន្ទីរ Guimet ពិព័រណ៌នេះ ធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។

មិនទាន់មានការបកស្រាយលម្អិតពីរបៀបដែលខ្មែរអាចផលិតបដិមាព្រះវិស្ណុ ដែលធ្វើពីលោហៈសំរឹទ្ធ ហើយស្រោបដោយមាសខ្នាតយក្សបែបនេះទេ។ ប៉ុន្តែបើតាមលោកបណ្ឌិត លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅសម័យអង្គរ ខ្មែរធ្លាប់មានឡស្លលោហៈធំជាងគេនៅអាស៉ីអាគ្នេយ៍ ដែលគ្មានប្រទេសណាមួយនៅតំបន់នេះ ស្លលោហៈបានល្អដូចខ្មែរទេ។

តើបដិមាព្រះវិស្ណុផ្ទុំ ឬព្រះនរាយណ៍មួយអង្គនេះ មានលក្ខណៈពិសេសយ៉ាងណា?

*អំពីបដិមា

អ្នកជំនាញបារាំង នៅមន្ទីរពិសោធន៍អាក់កង់ទិក Arc’Antique ក្នុងទីក្រុងណង់ស៍ បានឲ្យដឹងថា មានសារធាតុមាសក្នុងស្នឹមលើបតិមាព្រះវិស្ណុផ្ទុំធ្វើពីសំរិទ្ធមួយអង្គនេះ។ នេះបើតាមការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ។

ក្នុងឆ្នាំ១៩៣៦ ការធ្វើកំណាយស្រាវជ្រាវបានរកឃើញបដិមារូបព្រះវិស្ណុផ្ទំមួយកំណាត់ព្រះកាយខាងលើយ៉ាងធំនៅកណ្ដាលប្រាសាទមេបុណ្យខាងលិច។

ក្រសួងវប្បធម៌បារាំង ក៏បានឲ្យដឹងថា តាមរយៈកំណាយនៅឆ្នាំ១៩៣៦ ដឹកនាំដោយអ្នកអភិរក្សជនជាតិបារាំង លោក ម៉ូរីស ហ្គ្លេស (Maurice Glaize) បានរកឃើញបដិមានេះ នៅក្នុងគំនររណ្តៅថ្មចំកណ្តាលតួប៉មប្រាសាទមេបុណ្យខាងលិច។ តាមការសន្និដ្ឋាន ជាដំបូងគេវាយកម្ទេចបដិមាព្រះនារាយណ៍ផ្ទុំជាច្រើនបំណែក មុនពេលកប់ចោលក្នុងដី ជាមួយនឹងបំណែកបដិមាផ្សេងទៀត។

ប្រភពពី ស.ស.យ.ក វិស័យបេតិកភណ្ឌ បានឲ្យដឹងថា ព្រះកាយព្រះវិស្ណុមួយកំណាត់ខាងលើនេះ ធ្វើអំពីសំរឹទ្ធ មានព្រះហស្ថស្ដាំពីរ ព្រះសីសៈ និងដើមទ្រូង។ កំណាត់ព្រះកាយដែលគេប្រទះឃើញនេះ មានកម្ពស់ ១២២ សង់ទីម៉ែត្រ ប្រវែង ២២២ សង់ទីម៉ែត្រ និងទទឹង៧២.៥ សង់ទីម៉ែត្រ។

ព្រះបដិមានេះជាភស្ដុតាងសិល្បៈធំជាងគេ ដែលធ្វើពីលោហៈនៅក្នុងតំបន់អង្គរ ហើយប្រសិនបើនៅមានរូបរាងពេញមានប្រវែង ៦ម៉ែត្រ។ បច្ចុប្បន្ន ព្រះបដិមានេះតម្កល់ទុកនៅសារមន្ទីរជាតិភ្នំពេញ។

*អំពីប្រាសាទមេបុណ្យខាងលិច

ប្រភពពី ស.ស.យ.ក វិស័យបេតិកភណ្ឌ ក៏បានឲ្យដឹងថា នាពាក់កណ្ដាលសតវត្សរ៍ទី១១ ព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៤៩-១០៦៦) បានស្ថាបនាប្រាសាទមេបុណ្យខាងលិចឡើង តាមរចនាប័ទ្មបាភួននៅលើកោះតូចមួយ កណ្តាលបារាយណ៍ទឹកថ្លា ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា។

ប្រាសាទមេបុណ្យខាងលិចនេះ មានលក្ខណៈពិសេសប្លែកម្យ៉ាង ដោយសារសំណង់ប្រាសាទមានទំហំ ១០០ ម៉ែត្របួនជ្រុង មានកំពែងមួយជាន់ និងមានសំណង់ថ្មភក់រាងមូល ប្រៀបដូចជាអណ្ដូងទឹកដែលមានអង្កត់ផ្ចិត៣ម៉ែត្រ ស្ថិតនៅចំកណ្ដាលស្រះទឹកក្នុងប្រាសាទ។ ឯកំពែងខាងកើត ស្ថាបត្យករបានរចនាជាថែវរំលេចដោយក្បាច់រចនាយ៉ាងស្អាត មានបង្អួចចំហ និងគោបុរៈចំនួន៣ ដែលធ្វើពីថ្មពណ៌ផ្កាឈូក។

សូមជម្រាបថា ប្រាសាទមេបុណ្យខាងលិច ស្ថាបនានៅចំកណ្ដាលបារាយណ៍ទឹកថ្លា ដោយយកលំនាំតាមដំណើររឿងកូរសមុទ្រទឹកដោះ នៃការបង្កើតភពថ្មី។ តាមដំណើររឿងថា ព្រះវិស្ណុទ្រង់ផ្ទំធ្វើសមាធិលើនាគអនន្តៈ បណ្ដែតខ្លួនលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយអស់កាលយ៉ាងយូរ ដើម្បីបង្កើតឱ្យមានភពផែនដីថ្មីសម្រាប់សត្វលោករស់នៅ។ បន្ទាប់មក មានផ្កាឈូកមួយដើមដុះចេញពីផ្ចិតរបស់ព្រះអង្គ ហើយនៅលើផ្កាឈូកនោះមានលេចចេញនូវព្រះព្រហ្ម ដែលទ្រង់កំពុងគង់ធ្វើសមាធិដើម្បីបង្កើតភពថ្មីនោះឯង។ ហេតុនេះហើយទើបព្រះបាទឧទយាទិត្យវរ្ម័នទី២ ស្ថាបនាបដិមាព្រះវិស្ណុផ្ទំតម្កល់នៅកណ្ដាលប្រាសាទ ដើម្បីឱ្យស្របនឹងតម្រាទេវកថានេះ៕