(ភ្នំពេញ)៖ កាលពីវេលាទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ មានជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពព្រួតវាយជនរងគ្រោះ ប្លន់យកម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JD-7405 នៅចំណុចបណ្តោយវិថីឈ្នះឈ្នះ ស្ថិតភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្រោយពីបានទទួលពាក្យបណ្ដឹង កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានបើកការស្រាវជ្រាវតាមស្វែងរកក្រុមជនសង្ស័យ រហូតឈានទៅសហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកកៀនស្វាយ ធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន៦នាក់ ក្នុងចំណោម៧នាក់ នៅវេលាម៉ោងប្រមាណ១១៖៤០នាទី ថ្ងៃខែឆ្នាំដដែល នៅចំណុចភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្រោមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យទាំង៦នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួន និងបក្ខពួកម្នាក់ទៀត ដែលកំពុងរត់គេចខ្លួនពិតជាបានចូលរួមក្នុងសកម្មភាពវាយប្លន់យកម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន តែជាការប្លន់លើកទីមួយប៉ុណ្ណោះ។ កន្លងមកពួកខ្លួន បានបង្កើតក្រុមមួយ មានរហ័សនាមថា MTT (មនុស្សតូចៗ) ដែលមានសមាជិកប្រុសស្រី ប្រមាណ៦០នាក់ សម្រាប់ជួបជុំដើរលេងជាមួយគ្នា និងតែងតែបង្ហោះម៉ូតូ នៅលើផ្លូវជាតិលេខ៦A វិថីឈ្នះឈ្នះ និងតាមបណ្តាខេត្តមួយចំនួន ហើយក្នុងនោះក្រុមខ្លួនមួយចំនួនក៏ធ្លាប់ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនអប់រំ ២លើករួចមកហើយ ពាក់ព័ន្ធនឹងអំពើទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ។
ជនសង្ស័យទាំង៦នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕