(ហាណូយ)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នាល្ងាចថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ក្នុងឱកាសបំពេញបេសកកម្ម ចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម។
ក្នុងជំនួបសម្តែងការគួរសមនេះ លោកស្រីរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាដ៏មមារញឹក អនុញ្ញាតជូនលោកស្រី និងគណៈប្រតិភូកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបាននាំសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនចំពោះលោកនាយករដ្ឋមន្រ្តីផងដែរ។
លោកស្រីរដ្ឋមន្ត្រី ក៏បានគោរពថ្លែងអបអរសាទរ ជូនចំពោះភាគីរៀតណាម ក្នុងឱកាសខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូងវៀតណាម និងបង្រួបបង្រួមជាតិ។
ឆ្លៀតក្នុងឱកាសនេះ លោកស្រីរដ្ឋមន្រ្តីបានជម្រាបជូន ដោយសង្ខេបអំពីលទ្ធផលសំខាន់ៗ នៃដំណើរទស្សនកិច្ចការងារនេះ ដោយបានគូសរំលេចពីកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម ដោយផ្តោតសំខាន់ លើការបង្កើនទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ តាមរយៈការអនុវត្តឲ្យមានកាន់តែមានប្រសិទ្ធភាព និងពេញលេញនូវយន្តការ ដែលមានស្រាប់ ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អាស៊ានបូកមួយ និងអាសិប ជាដើម ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ២០២៥-២០២៦ និងការពិនិត្យលទ្ធភាពបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីចូលរួមចំណែកឈានទៅសម្រេចបានគោលដៅ ទំហំពាណិជ្ជកម្មចំនួន ២០ ប៊ីលានដុល្លាអាម៉េរិក តាមការដាក់ចេញរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។
ជាកិច្ចឆ្លើយតប លោកនាយករដ្ឋមន្ត្រីវៀតណាម បានវាយតម្លៃខ្ពស់លើការអភិវឌ្ឍ និងសមិទ្ធផលដែលកម្ពុជា សម្រេចបានរួមទាំងកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
លោកនាយករដ្ឋមន្រ្តីក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខគោរព ថ្វាយព្រះមហាក្សត្រនៃកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។
បន្ថែមពីលើនេះ លោកនាយករដ្ឋមន្រ្តី ក៏បានឯកភាពលើគំនិតផ្តួចផ្តើមរបស់លោកស្រីរដ្ឋមន្ត្រី ក្នុងការបង្តើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ និងបានលើកទឹកចិត្តឲ្យក្រសួងទាំងពីរ និងស្ថាប័នពាក់ព័ន្ធបន្តកិច្ចសហការឱ្យកាន់តែសកម្មបន្ថែមទៀត សំដៅជំរុញកំណើនពាណិជ្ជកម្មឈាន ទៅសម្រេចបានគោលដៅទំហំពាណិជ្ជកម្មចំនួន ២០ ប៊ីលានដុល្លាអាម៉េរិក ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕