(រ៉ាបាត)៖ លោក អ៊ុច បូររិទ្ធ ប្រធានគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា បានថ្លែងថា ប្រទេសលោកខាងត្បូងត្រូវតែពង្រឹងសម្ពន្ធភាព ដើម្បីការពារផលប្រយោជន៍រួម និងដើរតួនាទីសកម្មក្នុងការបង្កើតសណ្តាប់ធ្នាប់សកលថ្មីមួយ លើមូលដ្ឋានសមធម៌ បរិយាបន្ន និងផលប្រយោជន៍ទៅវិញទៅមក។

លោកថ្លែងបែបនេះ ក្នុងឱកាសចូលរួមវេទិកា ស្ដីពី «តួនាទីនៃកិច្ចសន្ទនាសភាអន្តរតំបន់ ក្នុងការលើកកម្ពស់សមាហរណកម្ម សេដ្ឋកិច្ច និងការអភិវឌ្ឍរួមគ្នា ក្នុងចំណោមប្រទេសលោកខាងត្បូង» នៅរាជធានីរ៉ាបាត ប្រទេសម៉ារ៉ុក នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ក្រោមកិច្ចសហការរៀបចំដោយសមាគមព្រឹទ្ធសភា ក្រុមប្រឹក្សា Shoora និងស្ថាប័នសមមូលនៅអាហ្វ្រិក និងពិភពអារ៉ាប់ (the Association of Senates, Shoora and Equivalent Councils in Africa and the Arab World-ASSECAA)។

លោក អ៊ុច បូររិទ្ធ បានលើកឡើងថា ក្នុងបរិបទដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស និងមិនអាចទាយទុកជាមុនបាន ការគំរាមកំហែងបែបប្រពៃណី និងមិនមែនប្រពៃណី ផ្តើមពីការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងអស្ថិរភាពសេដ្ឋកិច្ច ជំរុញបន្ថែមដោយភាពតានតឹងពាណិជ្ជកម្ម ដល់ការកើនឡើងនូវការគាំពារនិយម កំណើនវិសមភាព និងការពន្លឿនផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ កាន់តែបង្ហាញឱ្យឃើញពីភាពងាយរងគ្រោះនៃសេដ្ឋកិច្ចរបស់យើង។

លោកបានបន្តថា «ភាពច្របូកច្របល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ការប្រែប្រួលកាន់តែខ្លាំងនិងយ៉ាងឆាប់រហ័សនៃទីផ្សារ និងការធ្លាក់ចុះការវិនិយោគ បានបញ្ជាក់ពីទំហំផលប៉ះពាល់នៃបញ្ហាប្រឈមដ៏ចាក់ស្រះគ្នានេះ។ ចំពោះមុខសភាពការណ៍ចលាចលទាំងនេះ ប្រទេសលោកខាងត្បូងត្រូវតែពង្រឹងសម្ពន្ធភាព ដើម្បីការពារផលប្រយោជន៍រួម និងដើរតួនាទីសកម្មក្នុងការបង្កើតសណ្តាប់ធ្នាប់សកលថ្មីមួយ លើមូលដ្ឋានសមធម៌ បរិយាបន្ន និងផលប្រយោជន៍ទៅវិញទៅមក»។

បើតាមលោក អ៊ុច បូររិទ្ធ ចាប់ពីអាស៊ីនិងអាហ្រ្វិក រហូតដល់តំបន់អាម៉េរិកឡាទីន និងពិភពអារ៉ាប់, យើងមានបំណងប្រាថ្នាតែមួយគឺ សុខសន្តិភាព វិបុលភាព និងវឌ្ឍនភាពប្រកបដោយនិរន្តរភាព។ បើទោះជាមានធនធានធម្មជាតិដ៏សម្បូរបែប និងប្រជាជនវ័យក្មេងស្វាហាប់ ប្រជាជាតិរបស់យើងជាច្រើន នៅតែបន្តជួបប្រទះនូវឧបសគ្គជាប្រព័ន្ធក្នុងការធ្វើសមាហរណកម្មឱ្យកាន់តែស៊ីជម្រៅ រួមទាំងលទ្ធភាពទទួលបានហិរញ្ញវត្ថុមានកម្រិត ហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ និងគម្លាតបច្ចេកវិទ្យាកាន់តែធំ។ ដើម្បីទប់ទល់នឹងបញ្ហាប្រឈមរួមទាំងនេះ កិច្ចសន្ទនាសភាអន្តរតំបន់ក្លាយជាយន្តការដ៏មានឥទ្ធិពល និងប្រកបដោយក្ដី
ស្ថាបនា។ យន្តការនេះមិនមែនគ្រាន់តែជាឧបករណ៍ឆ្លើយតបនឹងវិបត្តិប៉ុណ្ណោះទេ តែជាវេទិកាសម្លឹងឆ្ពោះទៅមុខ ដើម្បីពូនជ្រុំការយល់ដឹងពីគ្នាទៅវិញទៅមក សមិទ្ធិផលរួមផ្នែកច្បាប់ និងការសម្របសម្រួលកំណែទម្រង់ក្នុងវិស័យសំខាន់ៗដូចជា ការវិនិយោគ ពន្ធដារ ការប្រែប្រួលឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយអាកាសធាតុ។

លោកបានបន្តថា មាគ៌ាអភិវឌ្ឍរបស់កម្ពុជា ជាសក្ខីភាពយ៉ាងប្រត្យក្ស ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ ដែលគាំទ្រដោយការចូលរួមរបស់សភា អាចនាំមកនូវវឌ្ឍនភាពប្រកបដោយអត្ថន័យ។ ជាប្រទេសសមាជិកអាស៊ាន កម្ពុជាទទួលបានអត្ថប្រយោជន៍ពីការកាត់បន្ថយរបាំងពាណិជ្ជកម្ម ការតភ្ជាប់កាន់តែប្រសើរឡើង និងចល័តភាពដោយសេរីប្រសើរជាងមុននៃកម្លាំងពលកម្ម និងមូលធន។ តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) សមាជិកសភាកម្ពុជាបានរួមចំណែកដល់សុខដុមនីយកម្មនៃក្របខ័ណ្ឌច្បាប់ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាបន្ននិងនៅទូទាំងតំបន់។

លោក អ៊ុច បូររិទ្ធ បានថ្លែងទៀតថា «ការសម្រេចបាននូវសុខសន្តិភាព និងការអភិវឌ្ឍរបស់យើងខ្ញុំ ជាពិសេស “គោលនយោបាយឈ្នះ-ឈ្នះ” ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា ជាមូលដ្ឋានគ្រឹះសម្រាប់ការផ្សះផ្សាជាតិ និងស្ថិរភាពនយោបាយ។ គោលនយោបាយនេះ ដែលបានបញ្ចប់ជម្លោះផ្ទៃក្នុងជាច្រើនទសវត្សរ៍ដោយមិនប្រើគ្រាប់កាំភ្លើងសូម្បីតែ ១គ្រាប់ បានអនុញ្ញាតឱ្យកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងចូលរួមក្នុងភាពជាដៃគូក្នុងតំបន់ និងអន្តរតំបន់ ប្រកបដោយទំនុកចិត្ត។ ក្នុងបរិការណ៍នេះ ការចូលរួមរបស់កម្ពុជាក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់ក្នុងចំណោមប្រទេសអាស៊ីប៉ាស៊ីហ្វិក១៥ ប្រទេស បានបង្ហាញពីរបៀបដែលស្ថិរភាពជាតិអាចត្រូវបានប្រើប្រាស់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង»

ជាមួយគ្នានេះ លោកបានបន្តថា ខណៈដែលរចនាសម្ព័ន្ធសហការ ដូចជាអាស៊ាន និងRCEP បានផ្តល់នូវមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ ឯកសារទស្សនទានរបស់វេទិកាថ្ងៃនេះបានគូសបញ្ជាក់យ៉ាងត្រឹមត្រូវ អំពីតម្រូវការឱ្យមានការចូលរួមកាន់តែស៊ីជម្រៅរបស់សភាអន្តរតំបន់។ សភាមានសមត្ថភាពពិសេសក្នុងការតភ្ជាប់តំបន់ ពង្រឹងសាមគ្គីភាព ក្នុងចំណោមបណ្តាប្រទេសលោកខាងត្បូង និងតម្រង់តម្រឹមវិធានការនីតិប្បញ្ញត្តិទៅនឹងអាទិភាព និងគោលដៅអភិវឌ្ឍរួម។

លោក អ៊ុច បូររិទ្ធ បានបន្តទៀតថា «ការផ្តោតសំខាន់របស់អង្គវេទិការថ្ងៃនេះលើ កិច្ចសហប្រតិបត្តិការសភា និងសាមគ្គីភាពក្នុងតំបន់ ស្របគ្នាទាំងស្រុងទៅនិងគំនិតផ្ដួចផ្ដើមជាយុទ្ធសាស្ត្ររបស់សម្ដេចប្រធានព្រឹទ្ធសភា បច្ចុប្បន្នរបស់យើងខ្ញុំ ដែលបានកំណត់ “ការទូតសភា” ជាអាទិភាពចម្បងមួយនៃស្ថាប័នព្រឹទ្ធសភាកម្ពុជា។ មិនមែនជាកាយវិការជានិមិត្តរូបនោះទេ គំនិតផ្ដួចផ្ដើមនេះបានបង្ហាញពីការប្តេជ្ញាចិត្តជាក់ស្តែង និងផ្តោតលើលទ្ធផលជាក់លាក់ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរសភា ពង្រឹងទំនាក់ទំនងជាមួយបណ្ដាអង្គនីតិប្បញ្ញត្តិនៃប្រទេសជាមិត្ត ដើម្បីគាំទ្រដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ទន្ទឹមនឹងនេះ អាទិភាពការងារកាទូតសភាមានលក្ខណៈសមស្របនឹងគោលនយោបាយការបរទេសដ៏ទូលំទូលាយរបស់កម្ពុជា ដោយឈរលើមូលដ្ឋានសន្តិសហវិជ្ជមាន ស្ថិរភាពតំបន់ និងកំណើនប្រកបដោយបរិយាបន្ន ដែលជាគោលការណ៍ដ៏ឧត្តុងឧត្តម ដែលបំផុសគំនិតវេទិការថ្ងៃនេះ»

លោកក៏បានថ្លែងថា «ដោយស្របតាមការប្តេជ្ញាចិត្តនេះ កម្ពុជាមានកិត្តិយសទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ “សម័យប្រជុំពេញអង្គលើកទី១១ នៃ សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព” កាលពីឆ្នាំកន្លងទៅ ដែលនៅក្នុងឱកាសនោះ “ធម្មនុញ្ញសន្តិភាពសកល” ដែលជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន ត្រូវបានតាក់តែងឡើងជាក្របខ័ណ្ឌបំពេញគ្នាជាមួយនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ។ “ធម្មនុញ្ញសន្តិភាពសកល” បញ្ជាក់នូវគុណតម្លៃសំខាន់ៗ ដូចជាសន្តិភាព ភាពអត់ឱន និងសាមគ្គីភាព និងតំណាងឱ្យការរួមចំណែករបស់សភាប្រកបដោយអត្ថន័យ ក្នុងការលើកកម្ពស់ភាពសុខដុមរមនារបស់ពិភពលោក»។

លោក អ៊ុច បូររិទ្ធ បានបន្ថែមថា កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់កិច្ចសន្ទនាសភាអន្តរតំបន់ ជាកតាលីករជំរុញសមាហរណកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។ ក្នុងស្មារតីនេះ យើងខ្ញុំសូមលើកទឹកចិត្តឱ្យមានការពង្រឹងការផ្លាស់ប្តូរយោបល់រវាងអង្គនីតិបញ្ញត្តិ ការចែករំលែកឧត្តមានុវត្តតាមវិស័យជាក់លាក់ និងការសម្របសម្រួលគោលនយោបាយសាធារណៈដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕