(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអំពាវនាវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ចុះឈ្មោះតាមថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល ខណៈគិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានពាក្យស្នើសុំចំនួន ៥១.៣២៤ នៅទូទាំងប្រទេស។
ការអំពាវនាវនេះ ធ្វើឡើងក្នុងយុទ្ធនាការផ្សព្វផ្សាយ ដែលសហការរៀបចំដោយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរដ្ឋបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺប្រមាណ ៣.៥០០នាក់។
លោក ហែម វណ្ណឌី បានសង្កត់ធ្ងន់ថា ការចូលរួមរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កំណើនសេដ្ឋកិច្ច និងសមាហរណកម្មវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងវិស័យឧស្សាហកម្មដែលកំពុងរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ។
លោក ហែម វណ្ណឌី បានលើកឡើងថា «យើងឃើញថាសេដ្ឋកិច្ចក្នុងប្រព័ន្ធ ជាពិសេសក្នុងវិស័យឧស្សាហកម្ម ដែលមានរោងចក្រដ៏ច្រើន កំពុងរីកចម្រើនទៅមុខហើយ។ ប៉ុន្តែដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ យើងក៏ត្រូវការឱ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធរីកចម្រើន និងអាចចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់នានា ព្រោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានច្រើនលើសលុបនៃតួអង្គសេដ្ឋកិច្ចរបស់យើង»។
យុទ្ធនាការផ្សព្វផ្សាយលើកទឹកចិត្តឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធខចុះឈ្មោះតាមថ្នាលឌីជីថល ដែលរៀបចំឡើងក្នុងខេត្តកំពង់ស្ពឺនាពេលនេះ គឺជាយុទ្ធនាការលើកទីបួន បន្ទាប់ពីយុទ្ធនាការនេះ បានធ្វើឡើងនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តសៀមរាប។
លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺមានប្រជាជនចំនួន ៩៥០.០០០ នាក់ និងមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ៣៨ ម៉ឺននាក់។ លោកបានលើកទឹកចិត្តឱ្យពួកគេចូលរួមចុះឈ្មោះ និងបន្តផ្សព្វផ្សាយដើម្បីលើកទឹកចិត្តអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្សេងទៀតឱ្យចុះឈ្មោះដែរ។
ការចុះឈ្មោះបើកផ្លូវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ ដែលក្រសួង ស្ថាប័នបាននិងកំពុងរៀបចំជូនជាបន្តបន្ទាប់ ដូចជាការអភិវឌ្ឍជំនាញ ការចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ការអនុគ្រោះនិងលើកលែងកាតព្វកិច្ចពន្ធដារ និងសេវាគាំពារសង្គមជាដើម។
អ្នកស្រី ចក់ សំណាង ដែលជាអាជីវករលក់សម្លៀកបំពាក់នៅផ្សារព្រៃផ្តៅ បានលើកឡើងថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិតជាមានសារៈសំខាន់ណាស់ ដែលធ្វើឱ្យការធ្វើអាជីវកម្មមានការទទួលស្គាល់ បើទោះបីជាការប្រកបរបរតូចតាចក៏ដោយ។ ហើយជាមួយគ្នានេះ អ្នកស្រីក៏ទទួលបានអត្ថប្រយោជន៍ពីការធ្វើបណ្ណ ប.ស.សផងដែរ។
បន្ទាប់ពីបានចូលរួមកម្មវិធីនេះ អ្នកស្រី រិន សុខុម អាជីវករ លក់មាសនៅផ្សារព្រៃផ្តៅ បានយល់ដឹងកាន់តែច្រើនពីអត្ថប្រយោជន៍នៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលនៅពេលឆាប់ៗនេះ អ្នកស្រី និងកូន នឹងចុះឈ្មោះតាមថ្នាលឌីជីថល ដើម្បីទទួលបានលិខិតបញ្ជាក់ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានពាក្យស្នើសុំចំនួន ៥១.៣២៤ នៅទូទាំងប្រទេស ដោយខេត្តកំពង់ស្ពឺជាប់ចំណាត់ថ្នាក់ទី៦។
ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានមធ្យោបាយចុះឈ្មោះច្រើនជម្រើស តាមរយៈកម្មវិធីទូរសព្ទដៃ (CAM-IE app) វិបផតថល និងតាមរយៈសាខានៃភ្នាក់ងារចុះឈ្មោះនៅទូទាំងប្រទេស ដែលបច្ចុប្បន្នរួមមាន ធនាគារវីង ធនាគារវឌ្ឍនៈ ធនាគារអេស៊ីលីដា ធនាគារ ABA ធនាគារ SME និង ធនាគារ ARDB ។ ក្រុមគោលដៅសម្រាប់ការចុះឈ្មោះនេះរួមមានសហគ្រាសធុនមីក្រូ កម្មករ-និយោជិតនៃសហគ្រាសធុនមីក្រូ កម្មករ-និយោជិតម្តងម្កាល និងបុគ្គលស្វ័យនិយោជន៍ ដែលប្រកបអាជីវកម្ម មុខរបរ និង/ឬ ការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕