(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំពាវនាវឱ្យវិស័យឯកជន ធុរកិច្ច ចូលរួមជាមួយរដ្ឋាភិបាល ចាប់អារម្មណ៍ងាកមកទាញយកសក្តានុពលពីផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដើម្បីធ្វើការវិនិយោគបង្កើនផលចំនេញដល់ក្រុមហ៊ុន និងបង្កើតការងារជូនប្រជាពលរដ្ឋ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចនិង​លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញសម្ពោធដាក់​ឱ្យប្រើប្រាស់​ជាផ្លូវការផ្លូវជាតិចំនួន ៣ខ្សែ មានផ្លូវជាតិ​លេខ៤១ ៣១ និង៣៣។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំសូមអំពាវនាវឱ្យវិស័យឯកជនធុរកិច្ច ចាប់អារម្មណ៍ទាញយកសក្តានុពលពីផ្លូវទាំងអស់នេះ (ផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣) ដែលយើងបានធ្វើ ចាប់អារម្មណ៍ទាញយកសក្តានុពលតាំង​ពីពេលនេះ និងទៅអនាគត់»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការកសាងផ្លូវទូរគមនាគមន៍ មិនមែនតែធ្វើផ្លូវថ្នល់នោះទេ ផ្លូវដែកក៏យើងធ្វើដែរ ហើយសម្រាប់ផ្លូវដែកយើងនឹងពង្រឹងបន្ថែមទៀត ជាមួយគ្នានោះ ផ្លូវទឹកមានព្រែកជីក ដែលកាត់តាមខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត ក៏សូមឱ្យគិតគូរទាញយកសក្តានុពលសម្រាប់វិនិយោគឱ្យបានរួចរាល់ជាមុន ទាញយកសក្តានុពល ដើម្បីធ្វើយ៉ាងណា​ចូលរួមជាមួយរដ្ឋាភិបាល។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា រដ្ឋាភិបាលបានត្រឹមតែបង្ករលក្ខណៈឱ្យងាយស្រួលនោះទេ តែមិនបង្ខិតបង្ខំនោះឡើយ រដ្ឋាភិបាលបានត្រឹមតែជួយបង្ករលក្ខណៈឱ្យប្រជាពលរដ្ឋ និងវិស័យឯកជន ធុរកិច្ច ស្វែងយល់ពីសក្តានុពលវិនិយោគដោយខ្លួនឯង ហើយសូមចាប់អារម្មណ៍មកវិនិយោគនៅទិសនិរតី ដែលជាខេត្តមានសក្តានុពល ដើម្បីកំណើនសេដ្ឋកិច្ច និងទាញយកផលចំនេញ​សម្រាប់ក្រុមហ៊ុន ទាំងក្នុង និងក្រៅប្រទេស។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ធ្វើផ្លូវហើយមិនមានមនុស្សដើរ ក៏មិនកើតដែរ ធ្វើផ្លូវហើយអត់មានអ្នកវិនិយោគមកប្រើប្រាស់ទាញយកផលប្រយោជន៍ ក៏យើងមិនសូវបានសក្តានុពលផងដែរ ដូចនេះរដ្ឋនឹងបន្តលើកទឹកចិត្ត និងស្នើឱ្យតាមបណ្តាខេត្ត ស្រុក នៅទិសនិរតីនេះ ខិតខំទាក់ទាញវិនិយោគិនយកធ្វើការវិនិយោគឱ្យបានច្រើនបន្ថែមទៀត៕