(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោកបណ្ឌិត មេហ្គាត ហ៊្សូហាយរី ប៊ីន មេហ្គាត ថាជូឌីន (Ir Dr Megat Zuhairy bin Megat Tajuddin) នាយកប្រតិបត្តិ នៃទីភ្នាក់ងារសន្តិសុខសាយប័រជាតិម៉ាឡេស៊ី (Chief Executive of National Cybersecurity Agency, Malaysia - NACSA) និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានជម្រាបជូនលោកបណ្ឌិតនាយកប្រតិបត្តិ អំពីវឌ្ឍនភាពនៃការរៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងសន្តិសុខសាយប័រ កិច្ចការការពារទិន្នន័យឯកជន និងបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកវិទ្យាឌីជីថល ជាពិសេសជំនាញសន្តិសុខសាយប័រ តាមរយៈការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ជាដើម។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី និងលោកបណ្ឌិតនាយកប្រតិបត្តិ ក៏បានចែករំលែកឧត្តមានុវត្តន៍លើការងារសន្តិសុខសាយប័រ មុខងារ និង លិខិតបទដ្ឋានពាក់ព័ន្ធនឹងសន្តិសុខសាយប័រ។
លោករដ្ឋមន្រ្តី និងលោកបណ្ឌិត បានបញ្ជាក់អំពីការបន្តកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងទីភ្នាក់ងារសន្តិសុខសាយប័រជាតិម៉ាឡេស៊ី ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់អាស៊ានលើការងារសន្តិសុខសាយប័រ៕