(តាកែវ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា បច្ចុប្បន្នកិច្ចការអភិវឌ្ឍរបស់កម្ពុជា ត្រូវបានរាជរដ្ឋាភិបាលពង្រាយពាសពេញផ្ទៃប្រទេស មិនមែនតែនៅភ្នំពេញនោះទេ។

ក្នុងឱកាសអញ្ជើញសម្ពោធផ្លូវជាតិ៣ខ្សែ តម្លៃ១៨៨លានដុល្លារ ដែលធ្វើឡើងនៅខេត្តតាកែវ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រៀបប្រដូចការរៀបចំបណ្ដាញសេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសសៃឈាមរបស់មនុស្ស គឺត្រូវតែរត់គ្រប់កោសិការទាំងអស់ ទើបរាងកាយរឹងមាំល្អ។

សម្ដេចបវរធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍យ៉ាងដូច្នេះថា «គ្រប់ខេត្ត គ្រប់ក្រុង គ្រប់ស្រុក គ្រប់ភូមិ ត្រូវតែរីកចម្រើន គ្រប់កោសិការទាំងអស់ទើបប្រទេសរីកចម្រើន មិនអាចរីកតែនៅរាជធានីភ្នំពេញនោះទេ មិនអាចចុះមកកប៉ាល់ហោះឃើញរាជធានីភ្នំពេញដូចតូក្យូ ស្រាប់តែចេញមកមិនទាន់បានប៉ុន្មានសុទ្ធតែផ្ទះខ្ទម គឺទៅមិនរួចទេ»

ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រៀបប្រដូចការរៀបចំបណ្ដាញសេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសសៃឈាមរបស់មនុស្ស គឺត្រូវតែរត់គ្រប់កោសិការទាំងអស់ ទើបរាងកាយរឹងមាំល្អ ព្រោះសរីរាង្គ អវយវៈរបស់មនុស្សមានតួរនាទីខុសៗគ្នាដែលផ្គុំគ្នាជួយឲ្យពេញលក្ខណៈ ទើបមនុស្សអាចធ្វើចលនាបាន ចំណែកប្រទេសគឺដូចគ្នា គ្រប់ខេត្ត ក្រុង ស្រុក ខណ្ឌ ចាំបាច់ត្រូវតែអភិវឌ្ឍន៍ទាំងអស់ ទើបប្រទេសជាតិរីកចម្រើនទៅមុខបាន។

បើតាមប្រសាសន៍របស់សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត, ​នៅក្នុងរយៈពេល៤០ឆ្នាំមកនេះ ប្រទេសកម្ពុជាបានអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលគ្រប់ខេត្ត នៅតាមភូមិស្រុក មានផ្លូវខ្វាត់ខ្វែង និងជីវភាពប្រជាពលរដ្ឋមានភាពប្រសើរឡើង។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើដល់ប្រជាពលរដ្ឋ ទាំងអ្នកធ្វើដំណើរ អ្នកបើកបររថយន្ត អ្នកជិះម៉ូតូ និងអ្នករត់កាត់ផ្លួវ សូមចូលរួមថែរក្សាទាំងអស់គ្នា ជាពិសេសនោះគឺ គោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន៕​