(កណ្តាល)៖ ក្រោមការចង្អុលបង្ហាញពីលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា នាថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានក្រុម លោកស្រី បណ្ឌិត ចាន់ សុទ្ធាវីលេខាធិការក្រុម និងលោកស្រី សួស សារ៉ាម សមាជិកាក្រុម និងអមដំណើរដោយទីប្រឹក្សា និងជំនួយការខុទ្ទកាល័យអនុប្រធានទី១ព្រឹទ្ធសភា សហការជាមួយក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តបារាំង Solidarity Mission និងបុគ្គលិកក្រុមហ៊ុន Laboratoire Bioderma អញ្ជើញចុះពិនិត្យនិងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយមិនយកកម្រៃ នៅមណ្ឌលសុខភាពប្រាសាទ ក្នុងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល។
ជាកិច្ចចាប់ផ្តើមនៃអង្គពិធី តាងនាមឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ លោក ម៉ម ប៊ុននាង បានមានប្រសាន៍សំណេះសំណាល ដោយពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ និង លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរខេត្ត មន្ត្រីរាជការ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល។
លោកបានមានប្រសាសន៍ទៀតថា ជានិច្ចកាលថ្នាក់ដឹកនាំតែងតែយកចិត្តទុក ដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាលនាពេលនេះ។
ទន្ទឹមនឹងនេះ លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរស្រុកស្អាង និងក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តបារាំង Solidarity Mission និងបុគ្គលិកក្រុមហ៊ុន Laboratoire Bioderma ដែលបានជួយសម្របសម្រួល និងសហការយ៉ាងរលូនឱ្យមានពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនយកកម្រៃនៅថ្ងៃនេះ។
លោក ម៉ម ប៊ុននាង បានគូសបញ្ជាក់ប្រកបដោយមោទកភាពថា ក្រោមម្លប់សន្តិភាពដ៏ពេញលេញ បានធ្វើឱ្យប្រទេសកម្ពុជាសម្រេចបាននូវផ្លែផ្កាយ៉ាងធំធេង តាមរយៈការបង្កើតបាននូវសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តជាច្រើន ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការរស់នៅដ៏សុខសាន្តរបស់ប្រជាជន។ សន្តិភាព និងសមិទ្ធផលដែលសម្រេចបានទាំងនេះ គឺបានមកពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ហើយប្រជាពលរដ្ឋបាននិងកំពុងទទួលបានផលពីសុខសន្តិភាព រស់នៅពោរពេញដោយសុខសំបូរសប្បាយ អាចប្រកបរបរចិញ្ចឹមជីវិតគ្រប់ប្រភេទ ធ្វើឱ្យសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមមានការរីកចំរើនលើគ្រប់វិស័យ។
ក្នុងនោះ វិស័យសុខាភិបាល គឺជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់រំកិលសេវាឱ្យទៅកៀកជិតនឹងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សុខមាលភាព ដែលជាកត្តាចម្បងក្នុងការទទួលបាននូវសុខភាពល្អ និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោក ម៉ម ប៊ុននាង បានកោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តបារាំង Solidarity Mission និងបុគ្គលិកក្រុមហ៊ុន Laboratoire Bioderma ដែលបានមកពិនិត្យ និងព្យាបាល ព្រមទាំងផ្តល់ថ្នាំជូនទៅតាមប្រភេទជំងឺ ក្នុងស្មារតីមនុស្សធម៌ ដែលស្តែងចេញពីទឹកចិត្តសប្បុរស ក្តីស្រលាញ់ ព្យាបាលមិនប្រកាន់បក្ខពួក ជាតិសាសន៍ សាសនា និងនិន្នាការនយោបាយ។
ទន្ទឹមនឹងនេះ លោកក៏បានផ្តាំផ្ញើដល់ បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកចូលរួមទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ និង ត្រូវប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យឱ្យបានទៀងទាត់ និងពិសារហារណាដែលមានអនាម័យ តមអាហារប្រៃ និងផ្អែម។
លោក សង្ឃឹមថា ក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តបារាំងនឹងបន្តធ្វើការងារមនុស្សធម៌ជូនប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជា ក៏ដូចជាចុះជួយនៅភូមិភាគទី៣ បន្តទៀត។
ជាលទ្ធផល ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានរៀបចំពិធីនេះឡើងមានរយៈពេលពេញមួយថ្ងៃ ដោយបានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋមកពីឃុំប្រាសាទ ឃុំតាលន់ និងឃុំត្រើយស្លា សរុបចំនួន ៥៤១នាក់ (ក្នុងនោះស្ត្រីចំនួន ១៨១នាក់ កុមារចំនួន ៣១០នាក់ និងអ្នកជំងឺដែលត្រូវតាមដានចំនួន ៥នាក់) ដោយចំណាយថវិកាសរុបទាំងអស់ចំនួន ៦,១៧០,០០០រៀល ៕