(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតអបអរសាទរជូន លោក ជិន ថាញ់មិន ប្រធានរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រុងហាណូយ ក្នុងឱកាសខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រលើកទី៥០ នៃការបង្រួបបង្រួមមាតុភូមិវៀតណាម។

តាមរយៈសារលិខិតរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងឱកាសខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រលើកទី ៥០ នៃការបង្រួបបង្រួមមាតុភូមិវៀតណាម, ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងនាមរដ្ឋសភានិងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា, សូមអបអរសាទរប្រកប ដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ជូនចំពោះបក្សកុម្មុយនិស្តវៀតណាម រដ្ឋាភិបាល រដ្ឋសភា និងប្រជាជនវៀតណាម»

សម្តេចរដ្ឋសភាធិបតី បានបន្ដថា ដំណើរការកសាងជាតិរបស់វៀតណាមបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈសមិទ្ធផលជាច្រើន រួមមានអភិបាលកិច្ច ដែលយកប្រជាជនជាស្នូល ការប្តេជ្ញាចិត្តយ៉ាងមោះមុតចំពោះឯករាជ្យភាព ការពង្រឹងអធិបតេយ្យភាព និងចក្ខុវិស័យវែងឆ្ងាយសម្រាប់សន្តិភាព និងវិបុលភាពជាតិ។ ប្រវត្តិសាស្ត្រដ៏គួរឱ្យស្ញប់ស្ញែងរបស់វៀតណាម បង្ហាញយ៉ាងច្បាស់នូវបទពិសោធន៍ជោគជ័យ ក្នុងការកសាងជាតិប្រកបដោយការអភិវឌ្ឍរឹងមាំ និងភាពធន់របស់ជាតិ។

ជាថ្មីម្ដងទៀត សម្តេចរដ្ឋសភាធិបតី បានបន្ថែមថា កម្ពុជា និងវៀតណាម តែងតែឈររួមសុខរួមទុក្ខគ្រប់កាលៈទេសៈ ដើម្បីសម្រេចផលប្រយោជន៍រួម។ ការតស៊ូរួមគ្នាប្រឆាំងនឹងអាណានិគមនិងអំណាចចក្រពត្តិនិយម, ការគាំទ្រនិងជួយគ្នាទៅវិញទៅមក ការប្តេជ្ញាចិត្តរួមចំពោះសន្តិភាព និងស្ថិរភាព និងដំណើរឆ្ពោះទៅរកទំនើបកម្ម និងវិបុលភាពរួម គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមិត្តភាព និងភាពជាដៃគូដ៏យូរអង្វែងរបស់យើង៕