(ភ្នំពេញ)៖ រដ្ឋបាលជលផល (FIA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីអបអរសាទរទិវាភពផែនដី ក្រោមប្រធានបទ «ស្តីពីការគ្រប់គ្រងធនធានជលផលប្រកបដោយចីរភាព»។
ពិធីនេះ រៀបចំឡើងក្រោមអធិបតីភាព លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា, លោកស្រី Rebekah Bell តំណាង FAO ប្រចាំកម្ពុជា, សហគមន៍នេសាទ និងភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត។
បច្ចុប្បន្ននេះ រដ្ឋបាលជលផល (MAFF) បាននិងកំពុងអនុវត្ត «កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន (CAPFISH-Capture)» ដែលផ្តល់មូលនិធិដោយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សហភាពអឺរ៉ុប។
គោលបំណងនៃកម្មវិធីនេះ គឺដើម្បីលើកកម្ពស់កំណើនប្រកបដោយនិរន្តរភាព ភាពធន់នឹងអាកាសធាតុ និងបរិយាបន្ននៅក្នុងវិស័យជលផលទឹកសាប និងសមុទ្ររបស់ប្រទេសកម្ពុជា។
តាមរយៈកម្មវិធី CAPFISH-Capture អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) ផ្តល់ការគាំទ្រផ្នែកបច្ចេកទេសបន្ថែម ដល់រដ្ឋបាលជលផលក្នុងការអនុវត្តសកម្មភាព ដែលបានចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០១៩ រហូតដល់ខែធ្នូ ឆ្នាំ២០២៥ ដើម្បីគាំទ្រដល់ការគ្រប់គ្រងអភិរក្ស និងការអភិវឌ្ឍធនធានជលផល។
ការគាំទ្ររបស់ FAO, CAPFISH-Capture នេះបានបង្កើតនូវគំនិតផ្តួចផ្តើម និងការកសាងសមត្ថភាពដល់មន្ត្រីរដ្ឋបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ព្រមទាំងគណៈកម្មការ សមាជិកសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី ដើម្បីធានានូវការប្រើប្រាស់ធនធានជលផល ប្រកបដោយការទទួលខុសត្រូវ មានសមភាព និងនិរន្តរភាព។
វេទិកាភពផែនដី ស្តីពី «ការគ្រប់គ្រងធនធានជលផលទឹកសាបប្រកបដោយចីរភាព» រៀបចំឡើងដើម្បីបង្ហាញនូវការគាំទ្រផ្នែកបច្ចេកទេសរបស់អង្គការ FAO និងលទ្ធផលនៃការអនុវត្តកម្មវិធីដោយរដ្ឋបាល ផលផល និងខណ្ឌរដ្ឋបាលជលផល ព្រមទាំងការចូលរួមអនុវត្តដោយសហគមន៍។
កម្មវិធី CAPFISH-Capture ប្រារព្ធទិវាភពផែនដីសម្រាប់និរន្តរភាពជលផលនៅកម្ពុជា ដែលនឹងផ្តល់ពានរង្វាន់កិត្តិយសចំពោះអង្គភាព ដែលអនុវត្តការងារបានល្អប្រសើរ ក្នុងការចូលរួមចំណែកយ៉ាងសកម្ម ដែលធ្វើឱ្យប្រសើរឡើងនូវធនធានជលផលទឹកសាបក្នុងរយៈពេល ៥ឆ្នាំមកនេះ។
វេទិកានេះ ក៏នឹងដាក់ឱ្យដំណើរការនូវគេហទំព័ររដ្ឋបាលជលផល និងប្រព័ន្ធគ្រប់គ្រងព័ត៌មានជលផល (FIMS) ដែលបានរៀបចំឡើងក្នុងគោលបំណងបង្កើនការគ្រប់គ្រង និងអភិរក្សធនធានផលផល ដោយផ្តល់ឱ្យភាគីពាក់ព័ន្ធនូវព័ត៌មានសំខាន់ៗ និងលើកកម្ពស់ការធ្វើសេចក្តីសម្រេចចិត្តដោយផ្អែកលើទិន្នន័យដែលមាន។
មិនតែប៉ុណ្ណោះ ពិធីនេះក៏នឹងបង្ហាញពីការចូលរួមចំណែករបស់យុវជនក្នុងវិស័យជលផល តាមរយៈការសិក្សាស្រាវជ្រាវនិងការអនុវត្តផ្ទាល់ ដើម្បីក្លាយជាអ្នកបន្តវេនក្នុងវិស័យជលផលនាពេលអនាគត។
ជាចុងក្រោយ កិច្ចពិភាក្សានឹងផ្តោតលើការចូលរួមរបស់សហគមន៍ ក្នុងការគ្រប់គ្រងនិងអភិរក្សធនធានជលផលនៅមូលដ្ឋាន ដោយមានការចែករំលែកអំពីយុទ្ធសាស្ត្រនិងវិធីសាស្ត្រ ក្នុងការអនុវត្តនានាស្របតាមតម្រូវការសេដ្ឋកិច្ចសង្គម មានភាពស៊ីសង្វាក់ជាមួយប្រព័ន្ធអេកូឡូស៊ី ដែលជាគោលដៅឆ្ពោះទៅរកចីរភាពក្នុងវិស័យជលផលកម្ពុជា។
គួរជម្រាបថា វេទិកានិងទស្សនកិច្ចនៅតំបន់គោលដៅ គឺបង្ហាញនូវសមទ្ធិផលដែលបានអនុវត្តដោយរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផល ដោយមានការគាំទ្រផ្នែកបច្ចេកទេសរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ និងក្រោមមូលនិធិនៃសហភាពអឺរ៉ុប ក្នុងការគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍធនធានជលផលប្រកបដោយនិរន្តរភាព៕