(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ប្រតិភូមហាវិទ្យាល័យបញ្ជាការសេនាធិការ GOH KENG SWEE នៃកងទ័ពសិង្ហបុរី ដឹកនាំដោយឧត្តមសេនីយ៍ត្រី TAN TIONG KEAT បានចូលជួបសម្ដែងការគួរសមជាមួយ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅទីបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចសិក្សាជាលើកដំបូងរបស់មហាវិទ្យាល័យបញ្ជាការសេនាធិការ GOH KENG SWEE នៃកងទ័ពសិង្ហបុរី មកកាន់ប្រទេសកម្ពុជា ស្របពេលឆ្នាំ២០២៥នេះ ជាខួបអនុស្សាវរីយ៍៦០ឆ្នាំ ការបង្កើតចំណងការទូតរបៀបប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី។

ឧត្តមសេនីយ៍ត្រី TAN TIONG KEAT នាយកវិទ្យាស្ថានហ្វឹកហ្វឺនយោធា កងទ័ពសិង្ហបុរី បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដែលដំណើរទស្សនកិច្ចនេះ បានផ្ដល់ឱកាសឲ្យប្រតិភូបានស្វែងយល់ អំពីប្រវត្តិសាស្រ្តការអនុវត្តនយោបាយឈ្នះឈ្នះ ព្រមទាំងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងចក្ខុវិស័យក្នុងការកងទ័ពរបស់កម្ពុជា។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ប្រតិភូមហាវិទ្យាល័យបញ្ជាការសេនាធិការ GOH KENG SWEE នៃកងទ័ពសិង្ហបុរី ក៏មានកម្មវិធីជជែកពិភាក្សាជាមួយឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាន នយោបាយ កិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារជាតិ ក្រោមប្រធានបទ «គោលនយោបាយការពារជាតិ និងការទូតយោធារបស់កម្ពុជា»៕