(កំពង់ធំ)៖ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដំណើរ​ដោយ​លោក ​សុទ្ធ​ ម៉ារី​ អភិបាល​រង​ស្រុក​បារាយណ៍​ បានដឹកនាំកងកម្លាំងនាំយកអំណោយ មនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅជួយសង្គ្រោះ និងឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ខូចខាតផ្ទះទាំងស្រុងចំនួន៥ខ្នង និងជួយដោះស្រាយការ លំបាកជូនប្រជាពលរដ្ឋក្រីក្រចំនួន៥គ្រួសារផ្សេងទៀត​នៅភូមិគូរ និង​ភូមិ​សំរោង​ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ មានគ្រោះមហន្តរាយដោយខ្យល់កន្ត្រាក់ ធ្វើឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋនៅក្នុងឃុំចុងដូងទាំងមូលចំនួន៦៣​ខ្នង ដោយ​មាន​ប្រជាពលរដ្ឋរងផលប៉ះពាល់ចំនួន៦៣​គ្រួសារ នៅ​​ភូមិ​ចំនួន៥​។

ភូមិគូរ និង​ភូមិ​សំរោង​ ឃុំចុងដូង ស្រុកបារាយណ៍ ត្រូវបានខ្យល់កន្ត្រាក់ធ្វើឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង ហើយបច្ចុប្បន្នប្រជាពលរដ្ឋកំពុងជួបការលំបាកក្នុងការស្នាក់នៅនិងការដោះស្រាយជីវភាពក្នុងគ្រួសារ។

ដោយឃើញពីការលំបាកនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកស័ង្កសី និងស្បៀងអាហារគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៥គ្រួសារ និងឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃចំនួន៥គ្រួសារផ្សេងទៀត ក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ២៥ គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ និងត្រីខកំប៉ុងចំនួន១យួរ  ដោយ​ឡែក​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​រលំ​ផ្ទះ​ទាំង​ស្រុង​ ចំនួន​ បី​គ្រួសារ​ទទួល​បាន​ស័ង្កសី​ចំនួន​១០០​ សន្លឹក​ ព្រមទាំងបានចាត់តាំងកងកម្លាំងជួយរុះរើ និងរៀបចំ ផ្ទះសម្បែងជូនពួកគាត់ផងដែរ។

លោក ​កែវ​ អូក​ មេឃុំ​ចុង​ដូង ​តំណាង​ឲ្យប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយខ្យល់កន្ត្រាក់នៅភូមិគូរ និង​ភូមិ​សំរោង​ ឃុំចុងដូង ស្រុកបារាយណ៍ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី ដែលបាននាំយកស័ង្កសី ស្បៀងអាហារគ្រឿងឧបភោគបរិភោគ  និងជួយរុះរើការបែកបាក់ផ្ទះសម្បែងរបស់ពួកគាត់នៅពេលនេះ៕