(ភ្នំពេញ)៖ ភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ និងសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល នឹងរៀបចំ «ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៥» ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី៩-១០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ១៧៖០០នាទីល្ងាច នៅអគារ អង្គរវត្ត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។

ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនេះ ជាវេទិកាជួបជុំគ្នានៅមួយកន្លែងដោយផ្តល់ភាពងាយស្រួល សម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ព្រមទាំងអ្នកស្វែងរកការងារ និងជាសិក្ខាសាលាចែករំលែក បទពិសោធ ការប្រឹក្សាយោបល់ការងារនិងអាជីព និងការត្រៀមខ្លួនចូលបម្រើការងារ ដោយមានវាគ្មិនដែល មានបទពិសោធច្រើនឆ្នាំក្នុងទីផ្សារការងារ។

ព្រឹត្តិការណ៍នេះ នឹងមានក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន និង គ្រឹះស្ថានអប់រំបណ្តុះបណ្តាលធំៗ ចូលរួមតាំងបង្ហាញអំពីតម្រូវការជ្រើសរើសកម្លាំងពលកម្ម កម្មសិក្សាការងារ និងផ្សព្វផ្សាយនូវកម្មវិធីសិក្សា និងកម្មវិធីអភិវឌ្ឍជំនាញគ្រប់ប្រភេទ ដើម្បីទាក់ទាញយុវជនដែលកំពុងស្វែងរក ការងារធ្វើ ចូលរួមដាក់ពាក្យចូលបម្រើការងារ និងចុះឈ្មោះចូលរៀនក្នុងកម្មវិធីសិក្សានានាផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈលេខទូរសព្ទ ០១៧ ៤៦៧ ៤២៣ / ០១៧ ៨៧១ ៨០៧៕