(ហ្វីលីពីន)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានជួបពិភាក្សាការងារជាមួយលោក SHAHLIMAR HOFER TAMANO អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍(Department of Tourism-DOT) នៃសាធារណរដ្ឋហ្វីលីពីន ដោយមានការចូលរួមពីលោក ស៊ិន សារៀម ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន ដើម្បីធ្វើកិច្ចសហការគ្នាលើវិស័យទេសចរណ៍ ការវិនិយោគ និងវិស័យពាក់ព័ន្ធផ្សេងៗទៀត ក្នុងឱកាសអញ្ជើញទស្សនកិច្ចការងារនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

ជាកិច្ចចាប់ផ្តើមនៃជំនួប ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជម្រាបពីភាពរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្កនូវភាពងាយស្រួលដល់ការងារវិនិយោគ ធ្វើការស្ដារហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗជាច្រើន មានដូចជា ការសាងសង់ផ្លូវល្បឿនលឿន ព្រលានយន្តហោះថ្មីៗ កំពង់ផែកម្រិតអន្តរជាតិ ស្ពាន ជាពិសេសជីកព្រែកហ្វូណនតេជោ និងកំពង់ផែសមុទ្រទឹកជ្រៅ និងវិស័យសំខាន់ៗផ្សេងៗជាច្រើនទៀត ដែលនឹងធ្វើឲ្យសេដ្ឋកិច្ចជាតិ មានការកើនឡើងជាបន្តបន្ទាប់។

ទន្ទឹមគ្នានេះ ទេសរដ្ឋមន្ត្រី បានរំលឹកពីទំនាក់ទំនងរវាងកម្ពុជា-ហ្វីលីពីន ដែលមានតាំងពីយូរមកហើយ និងបានស្នើឲ្យភាគីហ្វីលីពីន ចែករំលែកបទពិសោធន៍ទាក់ទង ការរៀបចំឲ្យមានទំនិញរួចពន្ធ (Duty Free) នៅក្នុងប្រទេសហ្វីលីពីន ដែលជាផ្នែកមួយផ្តល់ប្រយោជន៍ជាច្រើនដល់ប្រទេស និងប្រជាជន។

ដោយឡែកសម្រាប់ការហោះហើរផ្ទាល់ ពីកម្ពុជាទៅហ្វីលីពីន ពីហ្វីលីពីនមកកម្ពុជា ទេសរដ្ឋមន្ត្រីក៏បានស្នើឲ្យអាកាសចរហ្វីលីពីនអ៊ែឡាញ ពិនិត្យឡើងវិញការផ្លាស់ប្តូរពេលវេលាហោះហើរ នៅវេលារំលងអាធ្រាត្រ មកពេលវេលាសមរម្យណាមួយ ព្រោះនៅពេលទៅដល់ហ្វីលីពីន ឬមកដល់កម្ពុជា ព្រឹកព្រលឹមពេកសណ្ឋាគារមិនអនុញ្ញាតឲ្យភ្ញៀវ Check In ដែលធ្វើឲ្យចំណាយថវិកាបន្ថែម ខណៈកន្លងមកអ្នកដំណើរហោះហើរតាមអ៊ែរឡាញផ្សេងៗ ទោះជាត្រូវការប្រើពេលវេលាច្រើនក៏ដោយ។ លោកបន្ថែមថា បើមានការផ្លាស់ប្តូរពេលវេលា នឹងបង្កភាពងាយស្រួលដល់អ្នកធ្វើដំណើរទូទៅ ជាពិសេសភ្ញៀវទេសចរ នៃប្រទេសទាំងពីរ ហើយវាក៏ជាផ្នែកមួយដើម្បីបង្កើនចំនួនអ្នកធ្វើដំណើរផងដែរ។

លើសពីនេះទៅទៀត លោកបណ្ឌិត អូស្មាន ហាស្សាន់ ស្នើក្រសួងទេសចរណ៍ហ្វីលីពីន ពិនិត្យលទ្ធភាពជួយគាំទ្រ និងជំរុញទេសចរមូស្លីមមកកាន់គោលដៅកម្ពុជា ដើម្បីជំរុញវិស័យទេសចរណ៍រវាងភាគីទាំងពីរ ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ខណៈកម្ពុជាកំពុងបង្កើតផលិតផលទេសចរណ៍ជាច្រើន ក្នុងនោះក៏មានទេសចរណ៍មូស្លីមផងដែរ ស្របពេលហ្វីលីពីនមានប្រជាជនមុស្លីមចំនួនប្រមាណជាង១៣លាននាក់។

លោក SHAHLIMAR HOFER TAMANO បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចការងាររបស់លោកទេសរដ្ឋមន្ដ្រី មកកាន់ហ្វីលីពីន។ ទន្ទឹមគ្នានេះ លោកបានវាយតម្លៃខ្ពស់ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំប្រទេសមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

លោកអនុរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សាធារណរដ្ឋហ្វីលីពីន បានបង្កើត Duty Free អស់រយៈពេលជាយូរមកហើយ ដោយស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ ដើម្បីជាប្រយោជន៍ផ្ទាល់ និងប្រយោល សម្រាប់ប្រទេស និងប្រជាជនរបស់ខ្លួន។ ជាក់ស្តែងពលករហ្វីលីពីន ដែលកំពុងបម្រើការងារនៅក្នុងក្រៅប្រទេស មានចំនួនប្រមាណជាង៨លាននាក់ និងភ្ញៀវទេសចរហ្វីលីពីន ដែលធ្វើដំណើរទៅក្រៅប្រទេស ដោយមិនចាំបាច់ទិញសម្ភារប្រើប្រាស់ពី Duty Free ពីក្រៅប្រទេសនោះទេ គឺពួកគាត់អាចមកទិញ Duty Free នៅក្នុងប្រទេស ក្នុងតម្លៃមួយដែលសមរម្យ និងមានភាពងាយស្រួល។

ដោយឡែកទាក់ទងពេលវេលាហោះហើររបស់ហ្វីលីពីនអ៊ែឡាញ លោកបញ្ជាក់ដែរថា នឹងជួយសម្របសម្រួលជាមួយក្រុមហ៊ុន ពិនិត្យលទ្ធភាពផ្លាស់ប្តូរពេលវេលាសមស្របណាមួយ ព្រមទាំងជំរុញឲ្យមានទេសចរមូស្លីម រវាងប្រទេសទាំងពីរផងដែរ៕