(ក្រចេះ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ បង្ក្រាបករណីជួញដូរគ្រឿងញៀន បានចំនួន១៧ករណី ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៥នេះ និងឃាត់ខ្លួនមនុស្សចំនួន៣៣នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ ចាត់ការបន្ដតាមផ្លូវច្បាប់។
លោកវរសេនីយ៍ឯក ឡុង យឹង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តក្រចេះ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះថា កម្លាំងជំនាញប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តក្រចេះ ក្រោមការចង្អុលបង្ហាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន១៧ករណី និងបានឃាត់ខ្លួនជនសង្ស័យចំនួន៣៣នាក់ ក្នុងនោះស្រីចំនួន៣នាក់។
លោកបន្ដថា ក្នុងប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននោះ កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សប្រភេទមេតាំហ្វេតាមីន ចំនួន១១១កញ្ចប់មានទម្ងន់៩០១,៧៧ក្រាម, ជញ្ចីងថ្លឹង៧គ្រឿង, ម៉ូតូ១៨គ្រឿង, ទូរស័ព្ទ២៦គ្រឿង, នាឡិកា២គ្រឿង, កាបូបស្ពាយ៣, ដែកកេស៥១, កន្រ្តៃ៥, កាំបិតផ្កាក៣, ពូថៅ២, កាំភ្លើងកែច្នៃ (ខ្យល់) ២ដើម, ធុងស្ពេត្រូ១, សម្ភារ:សម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជាមួយគ្នានោះ កម្លាំងជំនាញក៏បានសហការក្នុងការចុះបង្ក្រាបករណីគ្រឿងញៀន ចំនួន១ករណី ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងបានដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន១កញ្ចប់ធំ ម៉ូតូ១គ្រឿង សម្ភារ:សម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ប្រគល់ជនសង្ស័យ និងវត្ថុតាងទៅកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។
ដោយឡែកជនសង្ស័យទាំង៣៣នាក់ រួមនិងវត្ថុតាងដែលដកហូតបាន ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕