(ភ្នំពេញ)៖ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានបញ្ជាក់ថាខណៈពេលនេះមានសហគ្រាសកែច្នៃជលផលចំនួន ៥កន្លែង បាននិងកំពុងទទួលបានការសិក្សាពី ឌីជីសាន់តេ (DG SANTE)ធ្វើការពិនិត្យសម្រាប់ការនាំចេញផលិតផលជលផលទៅកាន់ទីផ្សារអឺរ៉ុប។
ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានអំពីវឌ្ឍនភាពការកែច្នៃផលជលផលនៅកម្ពុជា, លោក ពុំ សុថា បានមានប្រសាសន៍ថា ចំពោះការកែច្នៃជលផលនេះ យើងទើបតែចាប់ផ្ដើម បើទោះបីជាមានចំនួនតិចក៏ដោយ ប៉ុន្តែបានចេញលទ្ធផលជាវិជ្ជមានគួរឱ្យកោតសសើរ ខណៈដែលផលិតផលកែច្នៃជលផលរបស់សហគ្រាស បានលេចមុខមាត់នៅក្នុងទីផ្សារទំនើប។
សូមជម្រាបថា គិតមកត្រឹម៤ខែនៃឆ្នាំ២០២៥ មានសហគ្រាសចំនួន១៩កន្លែង ដែលទទួលបាននិម្មិតសញ្ញាបញ្ជាក់គុណភាពផលផលិតផលជលផលក្រោយប្រមូលផល (CQS) ហើយក្នុងនោះមានសហគ្រាសចំនួន ៣កន្លែង បាននាំផលិតផលកសិកម្មទៅកាន់ទីផ្សារអូស្ត្រាលីផងដែរ។ បន្ថែមពីនេះ សហគ្រាសចំនួន ៥ ក្នុងចំណោមសហគ្រាសទាំង១៩ បាននិងកំពុងសិក្សាជាមួយខាង DG SANTE ដើម្បីពិនិត្យលើលក្ខខណ្ឌមួយចំនួន ត្រៀមសម្រាប់ការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប៕