(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា បានសហការជាមួយនឹងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) រៀបចំសិក្ខាសាលាស្ដីពី «ការដោះស្រាយវិវាទកម្មសិទិ្ធបញ្ញាតាមយន្តការផ្សះផ្សា»។

សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាព លោក យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋភិបាល និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក, លោក សួន វិជ្ជា ទីប្រឹក្សា ក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញា និងជាប្រធានយកដ្ឋានកម្មសិទិ្ធបញ្ញា និងលោក កង តារាវុធ ប្រធានសមាគមកម្មសិទិ្ធបញ្ញាកម្ពុជា។

ថ្លែងបើកសិក្ខាសាលា លោក យ៉ម ផារ៉ូត បានជម្រាបជូនអង្គសិក្ខាសាលាថា ការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញាតាមយន្តការផ្សះផ្សា មានអត្ថប្រយោជន៍ជាច្រើន ដូចជាមិនចំណាយថវិកា ប្រើពេលវេលាខ្លី ដំណោះស្រាយមានប្រសិទ្ធភាព និងបង្កើតកិច្ចព្រមព្រៀងបញ្ចប់វិវាទ ដែលមានអត្ថប្រយោជន៍រួមសម្រាប់ភាគីទាំងអស់។

លោកបានបញ្ជាក់បន្ថែមថា សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញាតាមយន្តការផ្សះផ្សាផងដែរ។

គួរកត់សំគាល់ផងដែរថា សិក្ខាសាលានេះ មានការចាប់អារម្មណ៍ និងចូលរួមពីសំណាក់ក្រសួងស្ថាប័នរដ្ឋ មេធាវី សមាគមនក្រៅរាជរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ជាពិសេស មានការចូលរួមពីសំណាក់កញ្ញា​ លី តុងមី តំណាងមជ្ឍមមណ្ឌលស្រាវជ្រាវច្បាប់អាស៊ាន-ចិន​ ដែលបានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្កើតកិច្ចការសហប្រតិបត្តការ ជាមួយស្ថាប័ន ពាក់ព័ន្ធ និងសមាគមកម្មសិទ្ធិបញ្ញា ដើម្បីចែករំលែកបទពិសោធន៍ និងការបណ្តុះបណ្តាលអ្នកជំនាញខាងសម្របសម្រួលវិវាទកម្មសិទ្ធិបញ្ញានៅកម្ពុជា។

សូមរំលឹកថា សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយ នូវយន្តការសម្របសម្រួលផ្សះផ្សារបស់ អ.ដ.ក ដែលជាយន្តការបន្ថែម លើយន្តការដែលមានស្រាប់នៅស្ថាប័នជំនាញ ដូចជាក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាដើម ដើម្បីឲ្យការសម្របសម្រួល និងផ្សះផ្សាទៅលើវិវាទកម្មសិទ្ធិបញ្ញា នៅកម្ពុជា កាន់តែមានប្រសិទ្ធភាពខ្ពស់។ ជាការពិតណាស់ យន្តការនេះ មានលក្ខណៈសមស្រប និងមានសារៈប្រយោជន៍ជាច្រើន សម្រាប់សាធារណជន ជាពិសេសធុរជន និងម្ចាស់កម្មសិទ្ធិបញ្ញា ក្នុងការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញារដែលអាចកើតមានឡើង៕