(ហ្វីលីពីន)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជួបពិភាក្សាការងារជាមួយ លោក Mayor Eric L. Olivarez អភិបាលក្រុង Paranaque នៃប្រទេសហ្វីលីពីន នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញទស្សនកិច្ចការងារ នៅទីក្រុងម៉ានីល។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យក្រោមការដឹកនាំដ៏គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនិងកំពុងធ្វើឲ្យកម្ពុជាទទួលសុខសន្តិភាព និងស្ថេរភាពនយោបាយ។
ទេសរដ្ឋមន្ត្រីបានលើកឡើងដែរថា ទីក្រុងភ្នំពេញ ជារាជធានីតែមួួយរបស់កម្ពុជា ដែលជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ និងការទូត ហើយបច្ចុប្បន្នមានការរីកចម្រើនលើគ្រប់វិស័យ ដែលជាផ្នែកមួយកំពុងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញមកទស្សនា និងលេងកម្សាន្ត មានការកើនឡើងជាលំដាប់។ ទេសរដ្ឋមន្ត្រីបានបន្តថា សេដ្ឋកិច្ចរបស់ភ្នំពេញពឹងផ្អែកលើវិស័យសេវាកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ ហើយបច្ចុប្បន្នមានការវិនិយោគបរទេសកើនឡើងក្នុងវិស័យផ្សេងៗ និងមានប្រជាជនរស់នៅច្រើនផងដែរ។
ចំណែកលោកអភិបាលក្រុង Paranaque ក៏បានជម្រាបព័ត៌មានមួយចំនួនទាក់ទងនឹងទីក្រុង Paranaque, ទីក្រុង Paranaque ជាទីក្រុងស្វយ័ត ស្ថិតនៅតំបន់រាជធានីម៉ានីល បច្ចុប្បន្នមានប្រជាជនរស់នៅប្រមាណ១លាននាក់។ លោកអភិបាលបានបន្តថា ទីក្រុង Paranaque ជាទីក្រុងដែលមានសក្តានុពលខ្លាំងផ្នែកវិនិយោគ ផ្នែកអចលនទ្រព្យ និងទេសចរណ៍ ហើយបច្ចុប្បន្នកំពុងទាក់ទាញភ្ញៀវទេសចរជាច្រើនទៅលេងកម្សាន្តនៅតំបន់នោះ ព្រោះមានអាគារធំៗ ផ្សារទំនើបជាច្រើនកន្លែង មជ្ឈមណ្ឌលកំសាន្ត និងហេដ្ឋរចនាសម្ព័ន្ធ។ល។
ជាមួយគ្នានេះ អភិបាលក្រុង Paranaque បង្ហាញបំណងចង់ជម្រុញឲ្យមានកិច្ចសហប្រតិបត្តិការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុង Paranaque និងទីក្រុងភ្នំពេញ ហើយចង់ឲ្យឈានដល់ការចុះអនុស្សរណៈស្តីពីការយោបយល់គ្នារវាងទីក្រុងទាំង២ ដើម្បីជំរុញលើវិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ទេសចរណ៍ អប់រំ វប្បធម៌ និងវិស័យផ្សេងៗទៀត។
ជាការឆ្លើយតប ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា នឹងយកសំណើនេះ គោរពជម្រាបជូនប្រមុខរាជរដ្ឋាភិបាល និងជូនដំណឹងដល់អភិបាលរាជធានីភ្នំពេញ ដើម្បីសិក្សា ពិនិត្យ លើករណីនេះ៕