(កំពង់ធំ)៖ លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានថ្លែងថាការផ្តល់សេវាសាធារណ:ឆាប់រហ័ស បង្កលក្ខណ:ងាយស្រួលដល់ក្រុមហ៊ុនផ្គត់ផ្គង់ចែកចាយជី និងថ្នាំកសិកម្ម ទិសដៅបង្កើនគុណភាព និងតម្លៃសមរម្យជូនប្រជាកសិករ។

ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងនាឱកាសដែលលោកអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនផលិតជីខ្នាតធំទី២ របស់ក្រុមហ៊ុន ហាស វេនឈ័រ ខេមបូឌា ដែលមានទីតាំងក្នុងស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ។

ពិធីនេះ ក៏មានការចូលរួមពី លោក ឡោ រស្មី អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ តំណាងអគ្គនាយកដ្ឋានកសិកម្ម មន្ទីរ និងអង្គភាពចំណុះរដ្ឋបាលខេត្ត រដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន ព្រមទាំងដៃគូចែកចាយ និងបុគ្គលិកក្រុមហ៊ុនសរុបជាង ១៤០នាក់។

ក្នុងនាមក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ, លោក គង់ ច័ន្ទវាសនា បានកោតសរសេីរ និងវាយតម្លៃខ្ពស់ ចំពោះការរួមចំណែករបស់ក្រុមហ៊ុន ហាស វេនឈ័រ ខេមបូឌា ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសការផលិត និងផ្គត់ផ្គង់ចែកចាយជីកសិកម្ម ប្រកបដោយគុណភាព និងតម្លៃសមរម្យ ដេីម្បីកាត់បន្ថយថ្លៃដេីមផលិត និងបង្កេីនប្រាក់ចំណេញរបស់កសិករ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លៀសវៃ ស្វាហាប់ និងបុិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះ លោកក៏បានបន្ថែមថា ស្របតាមគោលនយោបាយនេះ ក្រសួងកសិកម្ម បានអនុញ្ញាតឱ្យក្រុមហ៊ុនជាច្រេីនប្រកួតប្រជែង និងនាំចូលជី និងថ្នាំកសិកម្មមានគុណភាព និងតម្លៃសមរម្យ ដេីម្បីផ្គត់ផ្គង់ និងចែកចាយជូនដល់ប្រជាកសិករនៅទូទាំងប្រទេស។

ជាក់ស្តែង ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចូលជីកសិកម្មចំនួន ៩៦មុឺនតោន និងថ្នាំកសិកម្មជាង ៧មុឺនតោន ដល់ប្រជាកសិករ។ ដោយឡែក ក្រុមហ៊ុន និងសិប្បកម្មក្នុងស្រុកចំនួន១៦ រួមទាំងក្រុមហ៊ុន ហាស វេនឈ័រ ខេមបូឌា ផងដែរ មានសមត្ថភាពផលិត និងផ្គត់ផ្គង់ចែកចាយជីកសិកម្មប្រមាណ ៥មុឺនតោនក្នុងមួយឆ្នាំ។

ជាមួយគ្នានេះ លោក បានបញ្ជាក់ថាតាមអនុសាសន៍ណែនាំរបស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងផ្តោតការយកចិត្តទុកដាក់ខ្ពស់ដល់ការផ្តល់សេវាសាធារណ:ល្អ ឆាប់រហ័ស និងប្រកបដោយតម្លាភាព ជាពិសេស ការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ដែលបង្កលក្ខណ:ងាយស្រួលដល់ក្រុមហ៊ុនទាំងអស់ ទាំងក្រុមហ៊ុននាំចូល និងក្រុមហ៊ុនផលិតក្នុងស្រុក ក្នុងដំណេីរការអាជីវកម្មផ្គត់ផ្គង់ចែកចាយជី និងថ្នាំកសិកម្ម ប្រកបដោយគុណភាព តម្លៃសមរម្យ ទាន់ពេលវេលា និងតាមតម្រូវការជូនដល់ប្រជាកសិករ នៅទូទាំងប្រទេស។

លោក បានបន្តថា ការធានាបាននូវការផ្គត់ផ្គង់នេះ បានរួមចំណែកជួយឱ្យកម្ពុជាសម្រេចបានផលិតផលកសិកម្មប្រមាណ ៤០លានតោន ក្នុងឆ្នាំ២០២៤ ដោយក្នុងនោះ កម្ពុជាបាននាំចេញជិត ១២លានតោន ទៅកាន់ទិសដៅចំនួន ៩៥ប្រទេស គិតជាទឹកប្រាក់ប្រមាណ ៥,២ពាន់លានដុល្លារអាមេរិក។

ជាថ្មីម្ដងទៀត លោកបានណែនាំ និងលេីកទឹកចិត្តក្រុមហ៊ុន ហាស វេនឈ័រ ខេមបូឌា ក៏ដូចជាក្រុមហ៊ុនផលិត និងនាំចូលជី និងថ្នាំកសិកម្មផ្សេងទៀត ឱ្យធ្វេីការបណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីការប្រេីប្រាស់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដល់ដៃគូចែកចាយ និងកសិករ ដេីម្បីចូលរួមកាត់បន្ថយថ្លៃដេីមផលិត និងបង្កេីនប្រាក់ចំណេញរបស់ប្រជាកសិករ។

សូមជម្រាបថា ក្រុមហ៊ុន ហាស វេនឈ័រ ខេមបូឌា បានចាប់ផ្តេីមផលិតជីធម្មជាតិចាប់ពីឆ្នាំ២០១៩មក និងកំពុងផ្តល់ការងារសម្រាប់ប្រជាពលរដ្ឋខ្មែរចំនួន ៤៥នាក់។ ក្នុងឆ្នាំ២០២៥នេះ ក្រុមហ៊ុនមានផែនការផលិត ជីប្រមាណ ៥,០០០តោន និងគ្រោងតម្លេីងម៉ាសុីនទី៣មួយទៀត នៅចុងឆ្នាំនេះ ដេីម្បីបង្កេីនការផលិតថែមទៀត៕