(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមេសា ឆ្នំា២០២៥ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរបស់ក្រុមហ៊ុន GE HealthCare ដឹកនាំដោយលោកវេជ្ជបណ្ឌិត Rajan Kalidindi ប្រធានផ្នែកទីផ្សារ និងផែនការយុទ្ធសាស្រ្ត ។
ជំនួបនេះបានធ្វើឡើនៅទីស្ដីការក្រសួង ក្នុងគោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិភាក្សាអំពីផែនការសហការបន្តរួមមាន ការអភិវឌ្ឍសេវាព្យាបាល ជំងឺមហារីក និងជំងឺរ៉ាំរ៉ៃ បច្ចេកវិទ្យាថ្មីៗ ផ្នែកសុខាភិបាល។
ជាកិច្ចចាប់ផ្ដើមលោកសាស្ត្រាចារ្យរដ្ឋមន្ដ្រី បានសម្ដែងការកោតសរសើរចំពោះភាពជោគជ័យ នៃកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមករវាងក្រុមហ៊ុន GE HealthCare និងក្រសួងសុខាភិបាល ជាពិសេស តាមរយៈអនុស្សរណៈនៃការយោគយល់ គាំទ្រការអភិវឌ្ឍ និងធ្វើទំនើបកម្មឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ អភិវឌ្ឍបច្ចេកវិទ្យាវេជ្ជសាស្ត្រនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត និងបានចូលរួមបណ្តុះបណ្តាលបុគ្គលិកជំនាញថែមទៀតផង។
ជាការឆ្លើយតបលោកវេជ្ជបណ្ឌិត Rajan Kalidindi បានថ្លែងអំណរគុណ ចំពោះ លោកសាស្ត្រាចារ្យរដ្ឋមន្ដ្រី ដែលបានឆ្លៀតពេលវេលាទទួលជំនួបពិភាក្សានាពេលនេះ ព្រមទាំង បានបន្តគាំទ្រការចូលរួមរបស់ក្រុមហ៊ុន GE HealthCare លើវិស័យសុខាភិបាលតាំងពីពេលចាប់ផ្តើមនៃ រហូតមកដល់ពេលនេះ។
ជាមួយគ្នានេះលោក Rajan Kalidindi បានលើកឡើអំពីទិសដៅថ្មី ដែលក្រុមហ៊ុនគ្រោងនឹងសហការចូលរួមគាំទ្រលើបេសកម្មវិស័យសុខាភិបាល ដោយពង្រីកគម្រោងបណ្តុះបណ្តាលបន្ថែម ដល់មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរសុខាភិបាលរាជធានី ខេត្ត។
លើសពីនោះក្រុមហ៊ុន GE HealthCare បានបន្តការប្តេជ្ញាចិត្តក្នុងការរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា តាមរយៈ ការរួមបញ្ចូលការបំពាក់ឧបករណ៍បច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប និងកម្មវិធីបណ្តុះបណ្តាលលើធនធានមនុស្ស ឱ្យស្របទៅនឹងការវិវឌ្ឍន៍នៃវេជ្ជសាស្ត្រពិភពលោក សំដៅចូលរួមលើកកម្ពស់ជំនាញថែទាំសុខភាព និងសម្រាប់ការផ្តល់សេវាកម្មដ៏ល្អបំផុតជូនអ្នកជំងឺ។
បន្ទាប់ពីការប្ដេជ្ញាចិត្ដរបស់ក្រុមហ៊ុនខាងលើនេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានបង្ហាញនូវមោទនភាព ចំពោះសហការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពខ្ពស់ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ ដែលបានអភិវឌ្ឍរួមគ្នា រវាង GE HealthCare និងក្រសួងសុខាភិបាល ដោយបញ្ជាក់ក្តីសង្ឃឹមថា កិច្ចសហការនេះនឹងជួយលើកកម្ពស់សមត្ថភាព ប្រព័ន្ធថែទាំសុខភាពជាតិ ទំនើបកម្មបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងការបណ្តុះបណ្តាលគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការផ្នែកថែទាំសុខភាពរបស់ប្រជាជនកម្ពុជា៕