(ហូជីមិញ, វៀតណាម)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាអ្នកដែលបានប្រឹងប្រែងជួយប្រទេសទីម័រឡេស្តេសម្រេចបំណងចូលជាសមាជិកអាស៊ាននោះ បានស្នើឱ្យប្រទេសវៀតណាម គាំទ្រប្រទេសទីម័រឡេស្តេក្លាយជាសមាជិកអាស៊ានពេញសិទ្ធិ។
ជាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយដែរនោះ រដ្ឋាភិបាលទីម័របានប្រឹងប្រែងយ៉ាងខ្លាំងក្នុងចូលជាសមាជិករបស់អាស៊ាន។ សម្តេចតេជោ ហ៊ុន សែន ជាតួអង្គមួយដ៏សំខាន់ ដែលបានប្រឹងប្រែងជួយដល់ប្រទេសទីម័រឡេស្តេ បានសម្រេចបំណងមួយនេះ។ បន្ទាប់ពីប្រឹងប្រែងអស់ជាច្រើនឆ្នាំ កាលពីឆ្នាំ២០២២ ពេលកម្ពុជាធ្វើជាប្រធានអាស៊ាននោះ ប្រទេសទីម័រឡេស្ត្តេ ត្រូវបានអនុញ្ញាតឱ្យក្លាយជាសមាជិកសង្កេតការណ៍របស់អាស៊ាន។ តាមរយៈសមាជិកសង្កេតការណ៍នេះ ទីម័រឡេស្តេអាចចូលរួមគ្រប់កិច្ចប្រជុំរបស់អាស៊ាន។ ប៉ុន្តែរហូតមកដល់ពេលនេះ ប្រទេសទីម័រឡេស្តេ មិនទាន់បានក្លាយជាសមាជិកពេញសិទ្ធិ ដែលអាចឱ្យប្រទេសនេះមានសំឡេងស្មើនឹងសមាជិកអាស៊ានដទៃទៀតនោះឡើយ។
បើទោះបីឃ្លាតឆ្ងាយពីកៅអីនាយករដ្ឋមន្ត្រីកម្ពុជាទៅហើយក្តី សម្តេចតេជោ ហ៊ុន សែន នៅតែបន្តចិញ្ចឹមចិត្តជួយដល់ប្រទេសទីម័រឡេស្តេ ឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។
នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នាទីក្រុងហូជីមិញ ប្រទេសវៀតណាម ក្នុងជំនួបជាមួយលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម, សម្តេចតេជោ ហ៊ុន សែន បានស្នើវៀតណាមគាំទ្រប្រទេសទីម័រឡេស្តេចូលជាសមាជិកអាស៊ាន។
សម្តេចតេជោ ហ៊ុន សែន បានរំលេចថា ចាប់តាំងពីក្លាយជាអ្នកសង្កេតការណ៍នៅឆ្នាំ២០២២ ប្រទេសទីម័រឡេស្តេ មិនត្រឹមតែបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចប្រជុំ និងសកម្មភាពអាស៊ានជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកក្នុងន័យស្ថាបនាដល់ការពិភាក្សាអំពីការកសាងសហគមន៍អាស៊ាន និងដំណើរការសមាហរណកម្មក្នុងតំបន់ផងដែរ។
សម្តេចតេជោបន្តលើកសរសើរប្រទេសទីម័រឡេស្តេថា ប្រទេសទីម័រឡេស្តេ បានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបំពេញរាល់តម្រូវការដែលមានចែងក្នុងផែនទីចង្អុលផ្លូវសម្រាប់សមាជិកភាពអាស៊ានពេញសិទ្ធិ ដោយបានបំពេញលក្ខណៈវិនិច្ឆ័យចំនួន៦ ក្នុងចំណោម៧ និងបន្តធ្វើឱ្យមានវឌ្ឍនភាពក្នុងការចូលជាភាគីនៃលិខិតូបករណ៍ គតិយុត្ត។
សម្តេចតេជោ អះអាងថា ដោយទទួលស្គាល់ការប្តេជ្ញាចិត្ត និងវឌ្ឍនភាពវិជ្ជមានរបស់ទីម័រឡេស្តេ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងឱ្យប្រទេសទីម័រឡេស្តេ ក្លាយជាសមាជិកអាស៊ានពេញសិទ្ធិនៅឆ្នាំនេះ ហើយទីម័រឡេស្តេ អាចបន្តធ្វើការចូលជាភាគីនៃលិខិតូបករណ៍គតិយុត្តដែលនៅសេសសល់នៅពេលក្រោយ។
សម្តេចប្រធានព្រឹទ្ធសភា ជឿជាក់ថា ការចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ នឹងធ្វើឱ្យអាស៊ានកាន់តែរឹងមាំជាក្រុមក្នុងពេលពិភពលោកមានភាពមិនប្រាកដប្រជា ហើយក៏នឹងជួយទីម័រឡេស្តេ ទទួលកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនផងដែរ។
សូមបញ្ជាក់ថា ពាក់ព័ន្ធការក្លាយជាសមាជិកពេញសិទ្ធិអាស៊ាន របស់ប្រទេសទីម័រឡេស្តេនេះ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ម្សិលមិញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានជួបជជែកជាមួយលោក អាន់វ៉ា អីុប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននៅឆ្នាំ២០២៥នេះផងដែរ៕