(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងគណៈប្រតិភូនៃក្រុមហ៊ុន Cambodian Broadcasting Service (CBS) ដែលមាន CTN/MYTV/CNC/CBS Digital និងលោក Mario Kassar ជាផលិតករខ្សែភាពយន្ត Hollywood ល្បីល្បាញ មកពីសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងឧស្សាហកម្មភាពយន្ត, ការផ្សព្វផ្សាយទូរស្សន៍ រួមទាំងគោលបំណងផលិតភាពយន្តនៅកម្ពុជា។
តាមរយៈជំនួបរវាងលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា លោក Mario Kassar ជាផលិតករខ្សែភាពយន្ត Hollywood ល្បីល្បាញ បានបង្ហាញពីគោលដំណងផលិតនូវឯកសារអំពីសក្តានុពល ការអភិវឌ្ឍ ការរីកចម្រើនលើវិស័យទេសចរណ៍ របស់ប្រទេសកម្ពុជា តាមរយៈការផលិតជាឯកសារ ព្រមទាំងការថតជាខ្សែភាពយន្តជាដើម។
ត្រង់ចំណុចនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថានេះ គឺជាកិច្ចការងារសំខាន់ពីការងារផ្សព្វផ្សាយពីសក្តានុពលជាច្រើន ព្រមទាំងចំណុចវិជ្ជាមាន កក្តាសុខសន្តិភាព ស្ថិរភាពពេញ សេដ្ឋកិច្ច និងការវិនិយោគរបស់កម្ពុជា ចេញទៅលើឆាកអន្តរជាតិ។ បន្ថែមនេះវាក៏នឹងក្លាយជាច្រកមួយដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយបរទេសផ្សេងៗទៀត ដែលមានការចាប់អារម្មណ៍ចុះមកយកព័ត៌មានល្អៗរបស់កម្ពុជា ដោយអាចសហការគ្នាជុំវិញការចេញផ្សយនូវព័ត៌មានពិតពីកម្ពុជា បញ្ជូនដល់ដៃមិត្តអ្នកអានរបស់នៅជុំវិញពិភពលោក។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកឡើងពីការផ្សព្វផ្សាយព័ត៌មានពិតពីប្រទេសកម្ពុជានឹងជះផលវិជ្ជមានជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសលើវិស័យទេសចរណ៍៕