(កំពង់ធំ)៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសីលាសាងសង់ទីស្នាក់ការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីលោក នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំខេត្ត បណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរដែនដីក្រុងស្រុក បងប្អូនអតីតយុទ្ធជន និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
បន្ទាប់ពីពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីសាងសង់អគារស្នាក់ការសមាគមអតីតយុទ្ធជន តាមបែបប្រពៃណីសាសនារួចមក, ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងថ្លែងសុន្ទរកថា ស្វាគមន៍ និងបានរាយការណ៍ជូនអង្គពិធីអំពីបច្ចុប្បន្នភាពអតីតយុទ្ធជននៅខេត្តកំពង់ធំ ដែលមានជាង ៤,០០០នាក់ និងអ្នកនៅក្នុងបន្ទុកជាច្រើនពាន់នាក់។
លោកបានបញ្ជាក់អំពីគម្រោងសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជានៅខេត្តកំពង់ធំ នៅពេលនេះ ដែលមានទំហំ ៣១៨,១៣ ម៉ែត្រការ៉េ ធ្វើពីបេតុង ប្រក់ក្បឿង ចែកចេញជា៧បន្ទប់ សម្រាប់បម្រើនិរន្តរភាពការងារ របស់អតីតយុទ្ធជននៅខេត្តកំពង់ធំ ដែលគ្រោងចំណាយទឹកប្រាក់ក្នុងការសាងសង់ចំនួនជាង១០ម៉ឺនដុល្លារ។ ដោយឡែកការរៀបចំចាក់ដីបំពេញទីធ្លា សម្រាប់សាងសង់ទីស្នាក់ការសមាគមនេះត្រូវបានចំណាយទឹកប្រាក់អស់ ៣៣,២៧៥,០០០រៀល។
ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណចំពោះលោក នួន ផារ័ត្ន រួមជាមួយស្ថាប័នជំនាញមានការពាក់ព័ន្ធ ដែលបានជួយដោះស្រាយដីសម្រាប់សាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជននៅខេត្តកំពង់ធំនៅពេលនេះ។
លោកបានកោតសរសើរចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានរួមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជននៅគ្រប់បណ្ដាថ្នាក់ ក្នុងការបម្រើ និងដោះស្រាយការលំបាកខ្វះខាតជូនបងប្អូនអតីតយុទ្ធជន នៅក្នុងខេត្តកំពង់ធំ នាពេលកន្លងទៅបានយ៉ាងល្អប្រសើរ។
លោកបានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានបង្កលក្ខណៈងាយស្រួល គ្រប់បែបយ៉ាង ក្នុងការបម្រើបងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ដោយបានដោះស្រាយដីសម្បទានសង្គមកិច្ច សាងសង់ផ្ទះសម្បែង រៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជូនបងប្អូនអតីតយុទ្ធជននៅទូទាំងប្រទេសបានយ៉ាងល្អប្រសើរ ហើយថ្ងៃនេះ ដើម្បីមាននិរន្តរភាពការងារសម្រាប់បម្រើឲ្យបងប្អូនអតីតយុទ្ធជន សម្ដេចលោកបានអនុញ្ញាតឲ្យធ្វើការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា នៅគ្រប់បណ្ដាខេត្តរាជធានី ដើម្បីងាយស្រួលក្នុងការដោះស្រាយ និងបម្រើសេចក្តីត្រូវការចាំបាច់នានាជូនបងប្អូនអតីតយុទ្ធជនយើង។
ទេសរដ្ឋមន្រ្តី គន់ គីម បានផ្ដាំផ្ញើក្រុមវិស្វកម្ម ដែលមានភារកិច្ចសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ត្រូវធ្វើការសាងសង់ប្រកបដោយគុណភាព សោភ័ណភាព ស្របតាមលក្ខណៈបច្ចេកទេស និងគំរូប្លង់ដែលត្រូវសាងសង់។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី និងអភិបាលខេត្តកំពង់ធំ ក៏បានផ្ដល់ជូនស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងថវិកាក្នុងម្នាក់ៗចំនួន៥០,០០០រៀល អំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនអតីតយុទ្ធជនចំនួន១០០នាក់ ដែលបានចូលរួមក្នុងឱកាសនេះផងដែរ៕