(កោះកុង)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន លោក VanlavaWna Bawitlunag ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតី ប្រកាសអបអរសាទរស្រុកបូទុមសាគរ ក្នុងខេត្តកោះកុង ជាស្រុកដែលអស់មីន។
ពិធីប្រកាសនេះ បានធ្វើឡើងនាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង, លោក សែម រតនា អគ្គនាយកស្ដីទីមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សា សន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម និងមានការចូលរួមអបអរសាទរមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ សិស្សានុសិស្សរួមទាំងប្រជាពលរដ្ឋជាច្រើនរូប។
នាឱកាសនោះលោកស្រី មិថុនា ភូថង បានឱ្យដឹងថា ក្នុងនាមអាជ្ញាធរដែនដីខេត្ត លោកស្រីពិតជាមានក្តីរំភើបរីករាយ ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់នៅពេលនេះ ដែលអាជ្ញាធរបានចាត់ទុកជាថ្ងៃប្រវត្តិសាស្ត្រដ៏ឧត្តុងឧត្តម សម្រាប់ស្រុកបូទុមសាគរ ក្រោយទទួលបានជោគជ័យប្រកបដោយមោទកភាព ក្នុងការកំចាត់ឃាតកលាក់មុខដែលបានលាក់ខ្លួនកប់ក្នុងដីជាង៤០ឆ្នាំ ហើយបានសម្លាប់អាយុជីវិតប្រជាពលរដ្ឋ ធ្វើឲ្យធ្លាក់ខ្លួនពិការ ស្ត្រីមេម៉ាយ កុមារកំព្រា ដោយសារតែមរតកសង្គ្រាមបន្សល់ទុក្ខ គឺគ្រាប់មីននេះ។
លោកស្រីអភិបាលខេត្ត បានបន្តថា អាជ្ញាធរខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ នៃអាជ្ញាធរមីន និងមន្ត្រីរាជការថ្នាក់ខេត្តក្រុង ស្រុក និងឃុំសង្កាត់ នៃខេត្តកោះកុង ដែលបាននិងកំពុងបំពេញតួនាទី ភារកិច្ចចូលរួមចំណែកយ៉ាងសកម្ម និងឥតរុញរាដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋ។
នយោបាយយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រព្រមទាំងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលកំពុងដឹកនាំប្រកបដោយភាពឈ្លាសវៃ និងមានចក្ខុវិស័យភ្លឺស្វាង មុតមាំរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបន្តជំរុញលើកកម្ពស់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម សំដៅនានានៅសុខភាពស្ថេរភាពនយោបាយការអភិវឌ្ឍប្រកបដោយចីរភាពមានភាពរស់ រវើករីកចម្រើនទាំងជីវភាពរស់នៅ សុខដុមរមនាសង្គមជាតិជូនប្រជាពលរដ្ឋ។
នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានចូលរួមអបអរសាទរចំពោះការប្រកាសស្រុកបទុមសាគរ ជាស្រុកអស់មីន ដែលនេះជាសមិទ្ធផលដែលប្រទេសឥណ្ឌា បានសហការជាមួយនឹងរាជរដ្ឋាភិបាលនៃកម្ពុជា ចូលរួមយ៉ាងសកម្មក្នុងការកំចាត់គ្រាប់មីនឱ្យអស់ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើស្រែចម្ការ ដោយសុវត្ថិភាពមិនមានគ្រាប់មីនបន្តទៀត។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណប្រទេសឥណ្ឌា និងអគ្គរាជទូតឥណ្ឌា ដែលបានចូលរួមសហការយ៉ាងសកម្មក្នុងការជួយជាកម្ចាត់គ្រាប់មីននៅកម្ពុជា៕