(ព្រះវិហារ)៖ អគារសិក្សាថ្មី១ខ្នង មានចំនួន៥បន្ទប់ ស្ថិតក្នុងសាលាបឋមសិក្សាអូរសណ្តានញាតិ ក្នុងស្រុកជាំក្សាន្ត ដែលសាងសង់អស់ថវិកាជិត៧ម៉ឺនដុល្លារ ជាអំណោយរបស់អង្គការសម្រេចសុបិន្តកុមារកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ក្រោមវត្តមានលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរស្រុកជាំក្សាន្ត តំណាងអង្គការសម្រេចសុបិន្តកុមារកម្ពុជា ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអរគុណអាជ្ញាធរមូលដ្ឋានឃុំ ស្រុក ក្នុងស្រុកជាំក្សាន្ត ដែលបានខិតខំយកចិត្តទុកដាក់ស្វះស្វែងរកអង្គការដៃគូរ និងសប្បុរជន ជួយសាងសង់សាលារៀននេះឡើង ដើម្បីអនាគតកូនៗនៅទីនេះ។ លោកបានកោតសរសើរ និងអរគុណអង្គការសម្រេចសុបិន្តកុមាកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ស្វែងរកតំបន់ដាច់ស្រយ៉ាល តំបន់ដែលលំបាក ដើម្បីផ្តល់នូវសាលារៀន ផ្តល់អនាគតដល់កូនចៅប្រជាពលរដ្ឋ។
លោក គីម រិទ្ធី បានថ្លែងអំពាវនាវអាណាព្យាបាលទាំងអស់ សូមបញ្ជូនកូនចៅដែលគ្រប់អាយុមកចុះឈ្មោះចូលរៀន និងរៀនឱ្យបានទៀងទាត់ ដើម្បីឱ្យពួកគាត់ចេះអក្សរ មានចំណេះដឹង និងដើម្បីទៅអនាគត គឺពួកគាត់អាចយកចំណេះដឹងទាំងនេះ ទៅប្រកបមុខរបរចិញ្ចឹមជីវិតផ្សេងៗបាន។
លោកអំពាវនាវប្រជាពលរដ្ឋត្រូវគោរពច្បាប់ គោរពអាជ្ញាធរមូលដ្ឋាន និងសូមសហការ ក៏ដូចជាការសំណូមពរនូវការខ្វះខាតផ្សេងៗ ដើម្បីឱ្យអាជ្ញាធរបានដឹងឭ និងមានវិធានការជួយដោះស្រាយបានទាន់ពេលវេលា។
ជាមួយគ្នានេះ លោកអភិបាលខេត្តព្រះវិហារ ក៏បានអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសាលាបឋមសិក្សាអូរសណ្តានញាតិ និងបានបំពាក់គ្រឿងឥស្សរិយយស ប្រគល់បណ្ណសរសើរអង្គការសម្រេច សុបិន្តកុមារកម្ពុជា ព្រមទាំងបានចែកជូននូវសម្ភារសិក្សាដល់សិស្សានុសិស្ស និងពិសារអាហារសាមគ្គីដោយភាពស្និទស្នាលផងដែរ៕