(ភ្នំពេញ)៖ សាលាគណរាធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ស្ដីពីការនិមន្តគោចរបិណ្ឌបាត និងការនិមន្ត ក្នុងសាធារណដ្ឋាននៃរាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីណែនាំ​ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

សេចក្ដីណែនាំ ​បានឲ្យដឹងថា យោងស្មារតីអង្គប្រជុំរបស់ សាលាគណរាជធានីភ្នំពេញ ដែលមានការចូលរួមពីមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ សាលាអនុគណខណ្ឌទាំង១៤ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ស្តីពីការពង្រឹងការប្រតិបត្តិធម៌ វិន័យរបស់ភិក្ខុ សាមណេរក្នុងរាជធានីភ្នំពេញ ដើម្បីធានាបាននូវសេចក្តីថ្លៃថ្នូរ ក្នុងសាសនមណ្ឌលព្រះពុទ្ធសាសនា និងផ្អែកលើទិដ្ឋភាពជាក់ស្តែងក្នុងពេលនេះ ភិក្ខុសាមណេរនៅតែបន្តនិមន្តគោចរបិណ្ឌបាតនៅតាមទីអគោចរដ្ឋាន និងនិមន្តចូលទៅកាន់ទីកន្លែងកំសាន្តសាធារណៈនានា ក្នុងរាជធានីភ្នំពេញ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងជំនឿនៃព្រះពុទ្ធសាសនា។

ដើម្បីទប់ស្កាត់បញ្ហាខាងលើឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យបន្ថែមទៀត សាលាគណ និងមន្ទីរ ធម្មការនិងសាសនារាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖

១៖ ការនិមន្តគោចរបិណ្ឌបាតរបស់ភិក្ខុ សាមណេរគ្រប់រូប ត្រូវប្រកបដោយអភិសមាចារ និមន្តបាន តែក្នុងកន្លែងជាទីគោចរតែម៉្យាងប៉ុណ្ណោះ។ ហាមការនិមន្តបិណ្ឌបាតនៅមុខមន្ទីរពេទ្យ ក្នុងទីផ្សារ តាមរោង ចក្រ សហគ្រាស ចំណតរថយន្ត ឬតាមកម្មវិធីបុណ្យនានាដែលមិនមានការនិមន្ត។

២៖ ហាមភិក្ខុ សាមណេរ គង់កំសាន្តតាមសួនច្បារមុខព្រះបរមរាជវាំង សួនសាធារណៈ ហាងកាហ្វេ នៅតំបន់មាត់ទន្លេចតុម្មុខ និងក្នុងតំបន់ផ្លូវសម្រាប់ថ្មើរជើងចាប់ពីមុខព្រះបរមរាជវាំង ដល់រមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ជាដើម ចាប់ពីម៉ោង ៦:០០នាទីល្ងាច ដល់ម៉ោង ១១:០០នាទីយប់។

៣៖ ព្រះចៅអធិការគ្រប់វត្ត មានភារកិច្ចអប់រំ ណែនាំ និងត្រួតពិនិត្យការសិក្សារៀនសូត្រ និងការ បដិបត្តិធម៌វន័យរបស់ភិក្ខុ សាមណេរក្រោមឱវាទឱ្យស្ថិតក្នុងត្រៃសិក្ខាទាំង៣ គឺ សីល សមាធិ បញ្ញា ពិសេស ឱ្យចូលរួមអនុវត្តខ្លឹមសារខាងលើឱ្យបានហ្មត់ចត់បំផុត។

ក្នុងករណីដែលភិក្ខុ សាមណេររូបណាពុំបានគោរព តាមសេចក្តីណែនាំខាងលើនេះ ត្រូវសហការជាមួយមន្ត្រីសង្ឃសាលាគណ សាលាអនុគណ មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដោះស្រាយឱ្យបានត្រឹមត្រូវទៅតាមធម៌ វិន័យ និងបទប្បញ្ញត្តិផ្សេងៗជាធរមាន។

៤៖ សាលាអនុគណគ្រប់ខណ្ឌ ត្រូវរៀបចំក្រុមការកសង្ឃរបស់សាលាអនុគណ របស់វត្តនីមួយៗក្នុង ខណ្ឌ ដើម្បីចុះអនុវត្តទប់ស្កាត់ការនិមន្តគោចរបិណ្ឌបាតនៅតាមទីអគោចរដ្ឋាន និងនិមន្តចូលទៅកាន់ទីកន្លែង កំសាន្តសាធារណៈនានានៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសសាលាអនុគណខណ្ឌដូនពេញ ត្រូវរៀបចំ ការកសង្ឃមួយក្រុមដើម្បីអនុវត្តការងារនេះ។

ព្រមជាមួយនេះ គ្រប់សាលាអនុគណ ត្រូវត្រៀមលក្ខណៈសហការជាមួយមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញឱ្យបានជិតស្និទ្ធ សំដៅចុះទប់ស្កាត់សកម្មភាពតាម ទីដែលហាមឃាត់ខាងលើ ឱ្យទទួលបានជោគជ័យ ស្របតាមគោលការណ៍កំណត់។

សាលាគណ និងមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ មានសេចក្តីសង្ឃឹមជឿជាក់ថា មន្ត្រីសង្ឃសាលា អនុគណ គណៈសង្ឃវត្ត នឹងរួមសហការអនុវត្តខ្លឹមសារនេះ ប្រកបដោយជោគជ័យយ៉ាងពិតប្រាកដ៕