(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សហភាពសហព័ន្ធយុវជនកម្ពុជា គណៈប្រតិភូយុវជនសិង្ហបុរី នៃកម្មវិធី Youth Leaders Collective នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។ ទស្សនកិច្ចរបស់សមាគមប្រជាជនសិង្ហបុរីនេះ គឺជាផ្នែកមួយនៃការអនុវត្តអនុស្សារណៈ នៃការយោគយល់គ្នា រវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមប្រជាជនសិង្ហបុរី (People’s Association of Singapore) ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៣មកម្ល៉េះ។

តាមរយៈសហប្រតិបត្តិការទ្វេភាគីនេះ ស្ថាប័នយើងទាំងពី២បានធ្វើការរួមគ្នាជាច្រើន ក្នុងនោះការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ទាំងកម្រិតថ្នាក់ដឹកនាំ និងយុវជនបានត្រូវធ្វើឡើងជាប្រចាំ។

ការផ្លាស់ប្តូរទស្សនកិច្ចរវាងយុវជនកម្ពុជា-សិង្ហបុរី បានឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងរឹងមាំរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសការជំរុញឲ្យមានកិច្ចសហការជាបន្តបន្ទាប់ លើកិច្ចការរួមគ្នាកសាងនូវមូលធនមនុស្ស ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការជំរុញវិស័យទេសចរណ៍ វិនិយោគទុន និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

ទស្សនកិច្ចនៅពេលនេះ ត្រូវបានធ្វើឡើង ចំពេលដែលប្រទេសយើងទាំង២កំពុងប្រារព្ធខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៥ ក្នុងសម័យសង្គមរាស្ត្រនិយម។

តាមរយៈចំណងមិត្តភាពដែលបានកសាងដោយថ្នាក់ដឹកនាំជំនាន់មុន ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះបិតាឯករាជ្យជាតិ និងលោក លី ក្វាន់យូ បន្តមកដល់សម្តេចតេជោ ហ៊ុន សែន និងលោក លី សៀនឡុង និងមកទល់បច្ចុប្បន្ន រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក Lawrence Wong បានសរបញ្ជាក់ឲ្យឃើញនូវទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ ជាពិសេសការចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងសហគមន៍អាស៊ានរួមគ្នា៕