(កំពង់ចាម)៖ ថ្នាក់ដឹកនាំខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាលជាមួយកម្មករកម្មការិនី ជាង៦០០នាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសជាំងស៊ូ ផ្លូវជាតិលេខ៦ ស្ថិតនៅឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងឱកាសទិវាខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយ ចីរភាព និងភាពធន»

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា បច្ចុប្បន្នខេត្តកំពង់ចាម មានរោងចក្រ សហគ្រាស និងគ្រឹះស្ថានសរុប៦២៣កន្លែង ដែលមានកម្មករនិយោជិតសរុប ៤៧,០៣២នាក់ ក្នុងនោះឧស្សាហកម្ម វាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងមានចំនួន ២៧កន្លែង ក្នុងនោះមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១កន្លែង ដោយមានរោងចក្រសហគ្រាសកំពុងដំណើការចំនួន ៨កន្លែង និងមានកម្មករនិយោជិតសរុប ២៥៦៨នាក់ កម្មករនិយោជិតវិស័យកាត់ដេរសំលៀកបំពាក់ស្បែកជើង ម្នាក់ៗ ទទួលបានប្រាក់ចំណូលជាមធ្យម ២៥៤ដុល្លារ និងវិស័យផ្សេងៗ ទទួលបានប្រាក់ចំណូល ជាមធ្យម ២៣៤ដុល្លារ។

បើគិតប្រាក់ឈ្នួលរបស់កម្មករនិយោជិតជាមធ្យមប្រចាំឆ្នាំវិស័យកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងវិស័យផ្សេងៗជាង១៤០លានដុល្លារ ក្នុងមួយឆ្នាំ ដែលបានរួមចំណែកបង្កើនចំណូលរបស់ ប្រជាជនខេត្តកំពង់ចាមប្រចាំឆ្នាំ (GDP) ក្នុងម្នាក់ៗ ចំនួន ២.៤៧៨ដុល្លារ។

ក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានអំពាវនាវលោក លោកស្រីអគ្គនាយក នាយក ឬម្ចាស់រោងចក្រសហគ្រាស គ្រឹះស្ថានទាំងអស់ ចូលរួមអនុវត្តសារាចរណែនាំរបស់រាជរដ្ឋាភិបាលឱ្យអស់លទ្ធភាព ដែលអាចធ្វើទៅបាន ជាពិសេសផលិតបដាពាក្យស្លោក តាមខ្លឹមសារសារាចរណែនាំ និងជ្រើសរើសទីតាំងសំខាន់ៗ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ព្រមទាំងចូលរួមផ្សព្វផ្សាយសារលិខិតសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន» ដើម្បីរួមចំណែកបង្កើតភាពសុខដុមរមនា រវាងនិយោជក និងកម្មករនិយោជិត៕