(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងថា ការអភិវឌ្ឍន៍មិនថាតែផ្នែកពុទ្ធចក្រ ឬអាណាចក្រទេ គឺពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខ សុវត្ថិភាព និងស្ថិរភាពរបស់ប្រទេសជាតិ។ នៅពេលដែលប្រទេស របស់យើងមានសុខសន្តិភាព ការកសាងផ្នែកព្រះពុទ្ធសាសនាក៏មានការរីកចម្រើន ប៉ុន្តែប្រសិនបើប្រទេសរបស់យើងធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម មិនត្រឹមតែគ្មានឱកាសក្នុងការកសាងសមិទ្ធផលនានា ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រប៉ុណ្ណោះទេ សូម្បីតែសមិទ្ធផលដែលបានកសាងរួចមកហើយ ក៏ត្រូវបានបំភ្លេចបំផ្លាញ ទៅវិញដោយសារសង្គ្រាមដែរ។

លោកសូមពុទ្ធបរិស័ទ ព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋទាំងអស់ បើចង់ឱ្យប្រទេសជាតិរបស់យើងមានការអភិវឌ្ឍរីកចម្រើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ យើងទាំងអស់គ្នាត្រូវថែរក្សាឱ្យបាននូវសុខសន្តិភាព ដើម្បីសេចក្ដីសុខសាន្តរបស់យើង និងដើម្បីការអភិវឌ្ឍន៍ប្រទេសជាតិ និងព្រះពុទ្ធសាសនារបស់យើងជាបន្តទៀត។

អភិបាលខេត្តថ្លែងបែបនេះ នៅក្នុងពិធីស្រោចស្រពសុគន្ធវារី ព្រះមន្ត្រីសង្ឃអនុគណស្រុកអង្គស្នួល និងព្រះចៅ អធិការវត្ត គ្រូសូធ្យស្តាំ និងគ្រូសូធ្យឆ្វេង ចំនួន ១៦អង្គ ក្រោមព្រះរាជធិបតី សម្តេចព្រះពោធិវ័ង្សកិត្តិ បណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅវត្តអង្គពពាយមានជ័យ ស្ថិតនៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។

លោកអភិបាលខេត្តបន្តថា ដំណើរការក្នុងផ្នែកពុទ្ធចក្ររបស់យើងកំពុងតែមានការការអភិវឌ្ឍន៍ និងរីកចម្រើនគួរឱ្យមោទនៈជាទីបំផុត ប៉ុន្តែក្នុងនោះយើងក៏នៅមានបញ្ហាប្រឈមដែលជាអធិករនៅតាមទីវត្តអារាមួយចំនួន ដែលបានកើតឡើងក្នុងខេត្តកណ្ដាលផងដែរ។ បញ្ហាអធិករនេះ គឺជាបន្ទុករបស់អាជ្ញាធរខេត្ត និងមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ តែត្រូវរួមគ្នាបន្តធ្វើការដោះស្រាយ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានស្នើអាជ្ញាធរមូលដ្ឋាន សូមផ្ដល់ការគាំទ្រនៅគ្រប់ទីអារាមទាំងអស់ ក្នុងការរៀបចំសណ្ដាប់ធ្នាប់ ការការពារសន្តិសុខជូនប្រជាពលរដ្ឋរបស់យើងដែលមកធ្វើបុណ្យ មកធ្វើដំណើរកំសាន្ត នៅតាមទីអារាម ដោយត្រូវធ្វើឱ្យទីវត្តអារាមជាកន្លែងដែលស្ងប់ស្ងាត់ សម្រាប់ធ្វើបុណ្យ និងមិនត្រូវមានការគំរាមកំហែង សម្លុត មិនមានអំពើលួច ឆក់ ប្លន់ ដែលបង្កជាការភ័យខ្លាចនៅក្នុងទីវត្តអារាមនានានៅក្នុងស្រុកអង្គស្នួល ក៏ដូចជាទូទាំងខេត្តកណ្ដាលផងដែរ៕