(កោះកុង)៖ លោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុង និងក្រុមការងារនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ បាននាំយកអំណោយមនុស្សធម៌របស់សាខាអនុសាខាកាកបាទក្រហមកម្ពុជាផ្តល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន២១គ្រួសារ ស្មើនឹង២១ខ្នងផ្ទះ ដោយសារខ្យល់កន្រ្តាក់ ក្នុងនោះបណ្តាលឱ្យខូចខាតទាំងស្រុង៣ខ្នងផ្ទះ ស្ថិតនៅឃុំជីខលើ និងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
លោកស្រី ឈី វ៉ា បាននាំនូវការផ្តាំផ្ញើ និងចូលរួមសោកស្ដាយពីសំណាក់លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត, លោក ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយក្តីនឹករឭកអាណិតអាសូរ និងសូមចូលរួមរំលែកនូវការសោកស្តាយ ជាមួយបងប្អូនដែលបានទទួលរងគ្រោះខូចខាតនូវទ្រព្យសម្បត្តិ និងផ្ទះសម្បែងដោយសារគ្រោះធម្មជាតិនេះ។
លោកស្រីទទូចឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះគ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិ ដែលកើតមានឡើងគ្រប់ពេល និងសូមជួយអប់រំ កូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន ប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ចរាចរណ៍ ត្រូវគោរពច្បាប់ចរាចរណ៍ និងសូមបងប្អូនកុំបាក់ទឹកចិត្តខិតខំបង្កបង្កើនផលនេសាទ និងដាំដំណាំរួមផ្សំ សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងបង្កើនសេដ្ឋកិច្ចគ្រួសារ ឱ្យកាន់តែប្រសើឡើងវិញ សូមបងប្អូនពូមីងថែរក្សាសុខភាព រស់នៅដោយមានអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលសាខាបានផ្ដល់ជូនរួមមាន៖ អង្ករ៥០គីឡូក្រាម មីជាតិ១កេស ត្រីខ១ឡូ ទឹកសុទ្ធ១កេស ព្រមទាំងថវិកាមួយចំនួន ហើយផ្ទះខូចខាតទាំងស្រុង ចំនួន១លានរៀល និងគ្រួសាររងគ្រោះដោយអន្លើ ១៧គ្រួសារ ថវិកា ៦ម៉ឺនរៀលដូចៗគ្នា។ ដោយឡែកអនុសាខាស្រុក បានផ្តល់ជូនទឹកសុទ្ធ១យួរ ព្រមទាំងថវិកា៥ម៉ឺនរៀល ដូចៗគ្នាផងដែរ៕