(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសវនាការ និងទទួលថវិកាចំនួន ១លានដុល្លារ ពីក្រុមហ៊ុន ជីប ម៉ុង (CHIP MONG) ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅស្នាក់កណ្ដាលកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញប្រគល់ដោយផ្ទាល់ពីលោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, លោកអ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល, អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយក, លោកជំទាវ គីម ចាន់ណា នាយិកាជាន់ខ្ពស់, អ្នកឧកញ៉ា លាង ហួង អគ្គនាយកក្រុមហ៊ុន ជីប ម៉ុងលែន, អ្នកឧកញ៉ា លាង ពៅ អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេនខបភើរេសិន, លោកជំទាវ លីវ សុខឆេង នាយិកាជាន់ខ្ពស់ក្រុមហ៊ុន ជីប ម៉ុង រីថែល។

កន្លងមកក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ។គិតចាប់ពីឆ្នាំ២០០១ ដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនជីបម៉ុង បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ចំនួន ៤៤លើក មានថវិកាសរុប ៧.៨២៥.៣៥០ដុល្លារអាមេរិក រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

សូមជម្រាបថា លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងកូន​របស់អ្នកឧកញ៉ា បានចូលរួមឧបត្ថម្ភថវិកាជួយ ដល់រាជរដ្ឋាភិបាលយ៉ាងច្រើន ដូចជាចូលរួមបរិច្ចាគថវិកា ដល់ការទិញវ៉ាក់សាំងការពារកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ, ជួយចូលរួមឧបត្ថម្ភថវិកា ដល់យុទ្ធនាការទប់ស្កាត់ជំងឺកូវីដ១៩, ចូលរួមឧបត្ថម្ភថវិកាទិញមន្ទីរពេទ្យនគរទេព, ជួយបរិច្ចាគថវិកាដល់ការសាងសង់មន្ទីរពេទ្យកាល់ម៉ែត, បរិច្ចាគថវិកាដល់ក្រុមគ្រូពេទ្យធីតា (TYDA) ជួយដល់ជនរងគ្រោះក្នុងករណី រលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តកែប, ជួយដល់ជនរងគ្រោះក្នុងករណីរលំបាក់អគារនៅខេត្តព្រះសីហនុ, បរិច្ចាគថវិកាដល់មូលនិធិត្រីចក្រយានកម្ពុជា, ជួយថវិកាដល់សមាគមន៍ស៊ីក្លូ, ជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ព្រមទាំងចូលរួមជួយជាថវិកាដល់កម្មវិធីផ្សេងៗជាច្រើនទៀត៕