(ត្បូងឃ្មុំ)៖ ជាក្រុមហ៊ុនដំបូងគេនៅក្នុងខេត្តត្បូងឃ្មុំ គឺក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) បានសម្ពោធជាផ្លូវការ ដើម្បីវេចខ្ចប់ផ្លែទុរេន ត្រៀមខ្លួនដើម្បីនាំចេញទៅទីផ្សាប្រទេសចិននៅពេលខាងមុខនេះ។ ទីតាំងរោងចក្រនេះ ស្ថិតនៅក្នុងភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រវិចខ្ចប់ផ្លែទុរេននេះ ធ្វើឡើងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ដោយគ្រោងវិនិយោគលើដំណាំទុរេននេះ រាប់សិបតោនទៅកាន់ទីផ្សាប្រទេសចិន តាមរយៈការប្រមូលទិញពីកសិករ ដែលដាំទុរេនក្នុងខេត្តត្បូងឃ្មុំទាំងអស់ ដោយកំណត់ទិញទៅតាមទំហំផ្លែ ប្រភេទផ្លែ និងគុណភាពនៃផ្លែទុរេន តាមតម្លៃទីផ្សាជាក់ស្តែង។

លោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានឱ្យដឹងថា «នេះគឺជាលើកទី១ហើយ ដែលយើងទទួលបានការវិនិយោគពីក្រុមហ៊ុន អេចអេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) ដែលបានធ្វើការវិនិយោគលើដំណាំ ទុរេននេះ។ ជាក់ស្តែងកាលពីមុន កសិករដែលដាំដុះដំណាំទុរេននេះ ពុំទាន់មានទីផ្សារទូលំទូលាយនៅឡើយ ដោយគ្រាន់តែផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ប្រទេសថៃ។ ប៉ុន្តែ ពេលនេះយើងមានទីតាំងរោងចក្រ ដែលប្រមូលទិញផ្លែទុរេន និងវេចខ្ចប់ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដែលបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាកសិករក្នុងខេត្ត សម្រាប់ដាំណាំប្រភេទនេះ ពោលងាយស្រួលក្នុងការលក់ ព្រមទាំងទទួលបានតម្លៃសមរម្យ ប្រកបដោយទំនុកចិត្តខ្ពស់ និងមានគុណភាព»។

លោកបានបន្តទៀតថា ការបង្កើតឱ្យមានរោងចក្រប្រមូលទិញផ្លែទុរេន និងវេចខ្ចប់នេះ គឺកាត់បន្ថយការចំណាយរបស់បងប្អូនប្រជាកសិករអ្នកដាំទុរេន ក៏ដូចជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម ឱ្យឈានឆ្ពោះមួយកម្រិតទៀត។ លោកថា «យើងមិនមែនមានទីផ្សារនាំចេញតែប្រទេសថៃ និងវៀតណាម ប៉ុណ្ណោះទេ តែឥឡូវនេះយើងមានការនាំចេញទៅកាន់ប្រទេសចិនបន្ថែមទៀត ងាយស្រួលដល់កសិករ ក្នុងការជ្រើសរើសលក់ទៅឱ្យរោងចក្រនាំចេញនីមួយៗ»។

គួរបញ្ជាក់ថា ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥,២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ៣,៤០៣ហិកតា ដែលទទួលបានបរិមាណផលប្រមាណ ៣៦ ៦៥៦តោនក្នុង១ឆ្នាំ។ បច្ចុប្បន្នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងត្រៀមរៀបចំដាក់ចេញគោលនយោបាយ ជំរុញខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ជាពិសេសជំរុញការនាំចេញទៅក្រៅប្រទេស ក្នុងនោះខេត្តត្បូងឃ្មុំបច្ចុប្បន្នមានផ្ទៃដីដាំដុះ ដំណាំទុរេនទូទាំងខេត្ត សរុបប្រមាណ៩៥០ហិកតា ដែលអាចនាំចេញទៅកាន់ទីផ្សារអន្តជាតិ ហើយការបង្កើតឱ្យមានទីតាំងទទួលទិញ និងវេចខ្ចប់ផ្លែទុរេនក្នុងខេត្តត្បូងឃ្មុំនេះ នឹងកាន់តែជម្រុញទីផ្សារទុរេនកម្ពុជាកាន់តែទូលំទូលាយ បន្ថែមទៀត៕