(កំពត)៖ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ លោក ហ៊ុន សុខា ទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត បានអញ្ជើញទទួលអតីតសកម្មជនគណបក្សប្រឆាំងនានានៅក្នុងឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ចំនួន១៤៥នាក់។
ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ភុំ ផាន់ណាវី, លោក ឱម ម៉ាក់ធារី, លោក ហុង ភាព, លោក គង់ សុខហេង និងសមាជិកក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត អាជ្ញាធរស្រុក និងឃុំ និងសកម្មជនសរុបចំនួន១៩៤នាក់។
លោក ហ៊ុន សុខា បានផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
លោកបានកោតសរសើរចំពោះការកែប្រែចិត្ត និងជ្រើសរើសផ្លូវដ៏ត្រឹមត្រួវឡើងវិញ គឺស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបន្តថា «ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំ និងអភិវឌ្ឍន៍កម្ពុជាតាំងពីបាតដៃទទេរ រហូតមានហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនសម្បើម និងអិវឌ្ឍន៍លើគ្រប់វិស័យ ជាសមិទ្ធិផល នៃការរក្សាសន្តិភាព។ ប្រសិនជាប្រទេសជាតិគ្មានសន្តិភាព នរណាក៏មិនអាចធ្វើការ រៀនសូត្រ ធ្វើដំណើរកម្សាន្ត និងប្រកបរអាជីវកម្មបានឡើយ ជាក់ស្តែង និងយើងចងចាំមិនភ្លេចនោះគឺរបបកម្ពុជាប្រជាធិបតេយ្យ។
សកម្មជនទាំងគ្នាមានភាពសប្បាយរីករាយ នៅពេលបានជួបជាមួយថ្នាក់ដឹកនាំ និងផ្តល់ភាពកក់ក្តៅ ព្រមទាំងប្តេជ្ញាស្មោះស្ម័គ្រជាមួយគណបក្សប្រជាជនកម្ពុជា និងមិនជឿលើពាក្យសម្តីញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម ទៀតឡើយ។
សកម្មជនទាំងអស់យល់ឃើញយ៉ាងច្បាស់អំពីការអភិវឌ្ឍន៍ និងកាន់តែយល់ច្បាស់ទៀតនោះ គឺគណបក្សប្រឆាំងដែលនៅក្រៅប្រទេស គឺមានតែចក្ខុវិស័យតែមួយប៉ុណ្ណោះដើម្បីបំផ្លាញប្រទេសជាតិប៉ុណ្ណោះ ដូចជាឱ្យគេកាត់ជំនួយជាដើម៕