(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំពិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្រ្តីនៃកម្ពុជា ជាមួយអ្នកសារព័ត៌មាន លើកទី៧ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ នាមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC រាជធានីភ្នំពេញ។

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារបូកសរុបជារួមរបស់គណៈកម្មការរៀបចំពិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន បានធ្វើឡើងនៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន។

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានបញ្ជាក់ថា ការជួបជុំរវាងអ្នកសារព័ត៌មាន ជាមួយប្រមុខរាជរដ្ឋាភិបាល ដែលត្រូវធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ គឺស្របគ្នានៃការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក។

លោករដ្ឋមន្ត្រី បានជម្រាបជូនដែរថា ការសម្រេចជ្រើសរើសយកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ សម្រាប់ជំនួបរវាងអ្នកសារព័ត៌មាន ជាមួយនឹងប្រមុខរាជរដ្ឋាភិបាល គឺជាការសម្រេចរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏ដូចជាការសម្រេចរបស់រាជរដ្ឋាភិបាលផងដែរ។

ដើម្បីឱ្យដំណើរការកម្មវិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥ ក្រសួងព័ត៌មាន បានចេញនូវសេចក្តីជូនដំណឹងដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលបានចុះឈ្មោះចូលរួម ត្រូវត្រៀមលក្ខណៈ និងអនុវត្តន៍តាមការណែនាំរបស់គណៈកម្មការរៀបចំឱ្យបានល្អ និងមានសណ្តាប់ធ្នាប់។ នៅពេលអញ្ជើញទៅចូលរួមសម្រាប់ច្រកចូលអាគារ E និង G (ផ្លូវខាងជើង) សម្រាប់អង្គភាពវិទ្យុ ទូរទស្សន៍ និងអ្នកផលិត មាតិកា, ច្រកចូលអាគារ A និង B (ផ្លូវខាងត្បូង) សម្រាប់អង្គភាពកាសែត គេហទំព័រ ទស្សនាវដ្ដី ព្រឹត្តិបត្រ រោងពុម្ព ទីភ្នាក់ងារសារព័ត៌មានបរទេសប្រចាំកម្ពុជា។

គួររម្លឹកថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ ខែមករា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី បានអនុញ្ញាតឱ្យរៀបចំកម្មវីធីជំនួបរវាងអ្នកសារព័ត៌មាន ជាមួយនាយករដ្ឋមន្រ្ដី ដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានអាចជជែកពិភាក្សា ការលើកឡើងពីបញ្ហា សំណូមពរ ឬកង្វល់ផ្សេងៗ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងជួយដោះស្រាយ។

ជំនួបនេះ ក៏ជាការបង្ហាញនូវការចូលរួមលើកកម្ពស់ការបើកលម្ហ សិទ្ធិសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជា ផងដែរ។ គិតចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់ឆ្នាំ២០២៥នេះ ជំនួបរវាងអ្នកកសារព័ត៌មានជាមួយ នាយករដ្ឋមន្រ្ដី គឺបានធ្វើឡើងចំនួន៦លើករួចមកហើយ ប៉ុន្តែ ត្រូវខកខានធ្វើនៅឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ ដូច្នេះនៅថ្ងៃទី៣ ខែឧសភា ខាងមុខនេះ គឺជាពិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥៕