(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីហួសចិត្តចំពោះទង្វើរបស់ក្រុមជ្រុល និយម ដែលដើរបញ្ចេះមន្ត្រីអឺរ៉ុបឱ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជា នៅក្នុងពេលដែលប្រទេសលើពិភពលោកកំពុងស្វែងរកវិធីបញ្ចៀសទណ្ឌកម្មពីសហរដ្ឋអាមេរិក។ Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

ក្នុងពេលដែលកម្ពុជា ក៏ដូចជាប្រទេសដទៃកំពុងខ្នះខ្នែងចរចាជាមួយមន្ត្រីរដ្ឋបាលអាមេរិក ស្វែងរកការបន្ធូរបន្ថយអត្រាពន្ធ ក្រុមជ្រុលនិយម បានដឹកនាំបក្ខពួកទៅញុះញង់មន្ត្រីអឺរ៉ុប ដើម្បីបង្កើនសម្ពាធសេដ្ឋកិច្ចដាក់មកលើកម្ពុជាថែមទៀត។ ទង្វើញុះញង់នោះ មិនមែនជារឿងសាមញ្ញទេ ហើយក៏ជាការឆ្លុះបញ្ចាំងនូវសារជាតិខ្មែរមួយក្តាប់តូច ដែលសម្តីនិយាយហាក់ដូចជាស្នេហាជាតិ, ស្នេហាលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែការពិតគឺជាទង្វើ ដែលចង់សម្លាប់ខ្មែរដោយបញ្ចេះឱ្យបរទេសដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រជាជាតិកម្ពុជាខ្លួនឯងតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា កម្ពុជា និងប្រទេសជាច្រើននៅលើសកលលោក ត្រូវបានសហរដ្ឋអាមេរិក បង្កើនអត្រាពន្ធដារលើទំនិញនាំចូលយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែបានព្យួររយៈពេល៩០ថ្ងៃ ដើម្បីឱ្យសាមីប្រទេសនីមួយៗ ធ្វើការចរចាដោយផ្ទាល់ជាមួយនឹងមន្ត្រីអាមេរិក។ ក្នុងពេលដែលមន្ត្រីរាជរដ្ឋាភិបាលកំពុងខ្នះខ្នែង និងកំពុងចរចាជាមួយរដ្ឋបាលអាមេរិកស្វែងរកដំណោះស្រាយដ៏សមស្របស្រាប់តែក្រុមជ្រុលនិយម ដែលមានមេខ្លោងឈ្មោះ សម រង្ស៊ី រស់នៅក្រៅប្រទេសបែរជាយកឱកាសនោះ ទៅញុះញង់ឱ្យក្រុមប្រទេសនៅទ្វីបអឺរ៉ុប ធ្វើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសកម្ពុជា ក្នុងឧបាយកលស្វែងរកការខ្ទប់ដង្ហើមសេដ្ឋកិច្ចជាតិរបស់ខ្មែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងប្រសាសន៍ជួបសំណេះសំណាលជាមួយកម្មករក្នុងទិវា ១ឧសភា ក្នុងក្រុងព្រះសីហនុ បានថ្លែងថា ខណៈរាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការដោយមិនខ្លាចនឿយហត់ដើម្បីការពារប្រទេសមិនឱ្យរងនឹងភាពចលាចលសេដ្ឋកិច្ច និងការការពារជីវភាពរបស់ប្រជាពលរដ្ឋនោះ ក្រុមជ្រុលនិយម កំពុងបញ្ចុះបញ្ចូលមហាអំណាចបរទេសដើម្បីរឹតបន្តឹងសម្ពាធសេដ្ឋកិច្ចមកលើកម្ពុជា ទៅវិញ៖

«ការដាក់ទណ្ឌកម្មមិនមែនតែកម្ពុជាទេ…ជិត២០០ប្រទេស។ ខ្ញុំឃើញអ្នកខ្លះម្សិលមិញគេទៅអួតគេទៅសភាពអឺរ៉ុប។ គេទៅប្រាប់អឺរ៉ុបថា កុំភ្លេចដាក់ទណ្ឌកម្មរដ្ឋាភិបាលខ្មែរ ដែលយើងកំពុងតែប្រឈមនឹងពាណិជ្ជកម្ម និងការដាក់ពន្ធរបស់អាមេរិក ប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋយើងហើយ ក៏គេនៅតែមិនភ្លេចអួតពីរឿងគេ ទៅប្រាបអឺរ៉ុបត្រៀមដាក់ទណ្ឌកម្មឱ្យកម្ពុជាទៀត ។ តើដាក់ទណ្ឌកម្មរូបមន្តអ្វី? ភាគច្រើនគឺប្រើសេដ្ឋកិច្ចដូចដក EBA។ អញ្ចឹងតើបានផលដល់ កម្មករ,ពលករយើងទេ? អត់ទេ! ដក EBA ដាក់សម្ពាធសេដ្ឋកិច្ចបន្ថែម គឹបន្ថយនូវការដឹកជញ្ជូនទំនិញ រោងចក្រត្រូវបិទ តើគេអួតទេ?

ខ្ញុំថាពីមុន ថ្ងៃមុនខ្ញុំទើបនិយាយរួច ថាកាលពីទាមទារឱ្យដក EBA ពីមុនគឺលោក សម រង្ស៊ី លោកស្រី (កឹម មនោវិទ្យា) នោះបានទៅ…ហើយមានភស្តុតាង គាត់អួតថា នេះបានចរចារឱ្យគេសុំដក…ក្រោយមកគេដក តើនេះឬជាគុណសម្បត្តិនយោបាយរបស់អស់លោក? តើការដកអស់នោះ វាប៉ះពាល់ដល់ឆ្នាំងបាយប្រជាពលរដ្ឋទេ? ប៉ះពាល់! គាត់ក៏ដឹងដែរថា បើគេដាក់សម្ពាធ គឺប៉ះពាល់ដល់ឆ្នាំងបាយ អញ្ចឹងគាត់ចាំបាច់ទៅសុំរំឭកគេធ្វើអ្វី? បើមិនធ្វើក៏គេមិនថាគដែរ»។

ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកក្រុមជ្រុលនិយម ដែលអួតអំពី «បេសកកម្មការទូតរយៈពេលពីរថ្ងៃ» ទៅកាន់សហភាពអឺរ៉ុប, ពួកគេបានលើកឡើងពីការទាមទារឱ្យអឺរ៉ុបដាក់ទណ្ឌកម្មលើរាជរដ្ឋាភិបាល ដោយពួកគេប្រើពាក្យនិយាយថា ដាក់ទណ្ឌកម្មលើរដ្ឋាភិបាល ដឹកនាំដោយគ្រួសារ «ហ៊ុន» ។ រឿងនេះមិនមែនជារឿងតូចតាចទេ ពីព្រោះដោយសាររឿងគំនុំបុគ្គលដែលពួកគេបាន ច្រណែននិងខឹង ចំពោះសមត្ថភាពដឹកនាំដ៏អស្ចារ្យរបស់ក្រុមគ្រួសារត្រកូល «ហ៊ុន» ដែលដាក់ចេញនូវនយោបាយឈ្នះឈ្នះ បញ្ចប់សង្គ្រាមស៊ីវិល និងបាននាំមកនូវសន្តិភាពទាំងស្រុង និងការអភិវឌ្ឍជាតិថែមទៀតនោះ ទើបពួកគេបានព្យាយាមបង្កើតជាលេសផ្សេងៗ ដើម្បីរកការទម្លាក់កំហុសដាក់មកលើប្រទេសកម្ពុជាខ្លួនឯង។

ពីព្រោះតែមហិច្ឆតានយោបាយ ក្រុមជ្រុលនិយម ធ្វើជាមើលមិនឃើញនូវភាពរីកចំរើនក្នុងប្រទេសកម្ពុជាខ្លួនឯងដោយសារតែម្លប់សន្តិភាពនៃនយោបាយឈ្នះឈ្នះ ដែលបានធ្វើឱ្យប្រទេសអស់សង្គ្រាមតាំងពីចុងឆ្នាំ១៩៩៨នោះមក។ ម្យ៉ាងវិញទៀត នយោបាយឈ្នះឈ្នះ នៅបានជួយស្តាររំលេចកេរ្តិ៍ឈ្មោះជាតិខ្មែរ ឱ្យមានកិត្តិយសសាឡើងវិញនៅលើឆាកអន្តរជាតិ និងនយោបាយឈ្នះឈ្នះ ក៏បានក្លាយជាគំរូចំពោះប្រទេសជាច្រើនដែលមានសង្គ្រាមស៊ីវិល, និងក្រោមនយោបាយឈ្នះឈ្នះ នោះទៀត ពួកមារសត្រូវ ត្រូវបានបបបាក់ខ្លបខ្លាច និងមិនអាចប្រើឥទ្ធិពលបដិវត្តន៍ពណ៌ បំផ្លាញសង្គមជាតិទៀតបានឡើយ។

ក្រោមនយោបាយឈ្នះឈ្នះ ប្រទេសជាតិទទួលបានការអភិវឌ្ឍន៍ទៅមុខយ៉ាងរលូន ដោយកម្ពុជា បានចាកចេញពីប្រទេសដែលមានជីវភាពក្រីក្រ និងចំណូលតិចតួច និងរាជរដ្ឋាភិបាលកាច់ចង្កូតដោយគណបក្សប្រជាជនកម្ពុជា កំពុងដឹកនាំនាវាសន្តិភាពនេះឆ្ពោះទៅត្រើយនៃប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៣០ និង២០៥០ជាបន្តបន្ទាប់។ អ្វីទាំងនេះហើយ ដែលក្រុមជ្រុលនិយម បានខឹងសម្បារនឹងក្រុមគ្រួសារត្រកូល «ហ៊ុន» ដែលកំពុងដឹកនាំប្រទេសដោយបានធ្វើឱ្យប្រទេសជាតិ កាន់តែថ្កុំថ្កើងនិងរុងរឿងក្នុងសតវត្សទី២១នេះ។

* យុទ្ធសាស្ត្រជ្រុលនិយម៖ ធ្វើសកម្មភាពបំផ្លាញក្នុងរូបភាពបន្លំជាឈឺឆ្អាល
ក្រុមជ្រុលនិយមដឹកនាំដោយ សម រង្ស៊ី ជានិច្ចជាកាលតែងលាក់ខ្លួននៅពីក្រោយភាសាប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ប៉ុន្តែរបៀបវារៈពិតប្រាកដរបស់ក្រុមជ្រុលនិយមទាំងនេះ គឺការសាបព្រួសអស្ថិរភាព និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាលកម្ពុជានៅលើឆាកអន្តរជាតិតែប៉ុណ្ណោះ។ រូបថតមួយសន្លឹក ដែលបង្ហោះតាមបណ្តាញសង្គម, មេខ្លោងក្រុមជ្រុលនិយម ដូចជាលោក ស្រី មូ សុខហួរ និងអ្នកនាំពាក្យឈ្មោះ គឹម សុខ កោតតែហ៊ានបង្ហាញទឹកមុខរីករាយដ៏ក៏គួរឱ្យខ្មាស់អៀន ជាមួយការសរសេរថា មន្ត្រីជាន់ខ្ពស់គណៈកម្មការអឺរ៉ុប បញ្ជាក់ជំហរសង្គ្រោះប្រជាធិបតេយ្យកម្ពុជា។ សំណូរមួយដែលចង់ដឹងនោះគឺថាហេតុអ្វីបានជាទង្វើដើរបញ្ចេះបរទេសឱ្យសម្លាប់សេដ្ឋកិច្ចជាតិខ្លួនឯង បែរចាត់ទុកជាទង្វើសង្គ្រោះប្រជាធិបតេយ្យទៅវិញ?

សម្តេចបវរធិបតី ដែលបង្ហាញក្តីហួសចិត្តចំពោះទង្វើសម្លាប់សេដ្ឋកិច្ចជាតិដែរនោះ ក៏បានដាក់សំណួរចង់ដឹងថា តើទង្វើដើរបញ្ចេះឱ្យបរទេសដាក់ទណ្ឌកម្មមកលើ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាខ្លួនឯងនោះ ពិតជាទង្វើនៃមោទនភាពរបស់ពួកគេមែនដែរឬយ៉ាងណា?

«បើអស់លោកសប្បាយចិត្តហើយ អស់លោកមានមោទនភាព ហើយអ្នកគាំទ្រខំគាំទ្រលោកស្រី អ្នកនយោបាយវ័យចំណាស់ ដូចអ្នកនាំពាក្យអត់សក់អីហ្នឹង ចេញមកអួត គេថាគេទៅវិភាគឱ្យថ្នាក់ដឹកនាំអឺរ៉ុបដើម្បីយល់ ហើយធ្វើការសម្រេចចិត្ត និងកុំភ្លេចដាក់ទណ្ឌកម្មកម្ពុជា។ បើអស់លោកសប្បាយចិត្ត នូវក្នុងការយកជើងរាទឹក ឬមួយក៏ដាក់ឱ្យសេដ្ឋកិច្ចកម្ពុជា ការងារប្រជាជននៅហានិភ័យដើម្បីផលប្រយោជន៍ជ្រុងនយោបាយមួយរបស់អស់លោក ខ្ញុំជឿថា ប្រជាពលរដ្ឋខ្មែរ អាចមើលហើយថា តើអ្នកណាដែលប្រជាជនកំពុងមានការលំបាក ទៅដើរអំពាវនាវឱ្យគេដាក់សម្ពាធបន្ថែម… (ទណ្ឌកម្ម) អាមេរិកមិនទាន់គ្រប់ទេ? ទៅរំឭកអឺរ៉ុបកុំភ្លេចដាក់ថែមទៀត។ បងប្អូនគិតមើលទៅ តើរដ្ឋាភិបាលជាអ្នកមិនស្រលាញ់ប្រជាជន ធ្វើបាបប្រជាជនរឿងការងារឬទេ? ភស្តុតាងជាក់ស្តែង បងប្អូនមើលខ្លួនឯងទៅ ហើយវិភាគទៅបងប្អូន ខ្ញុំអាចថាមានហ្វេសបុក មានអីមើលហើយ។ យកអាជ្រុងរឿងនេះរឿងនោះប៉ុន្តែទាមទារយុទ្ធសាស្ត្រ ខឹងគោវ៉ៃរទេះបែបនេះ។ អញ្ចឹងខ្ញុំគិតថា ខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋវិនិឆ្ឆ័យ»។

ក្រុមជ្រុលនិយម ដើម្បីតែនយោបាយបំផ្លាញផលប្រយោជន៍ជាតិខ្មែរ បានបង្កើតរកលេសផ្សេងដទៃទៀតដូចជាមានការចោទប្រកាន់ថា រាជរដ្ឋាភិបាលលក់កូតាទំនិញនាំចេញទៅប្រទេសចិន និងចោទថារោងចក្រកម្ពុជា គ្រាន់តែជាមុខទំនិញរបស់ចិន ដែលកំណត់សម្រាប់ទីផ្សារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។

សម្តេចបវរធិបតី បានច្រានចោលនូវការចោទប្រកាន់ទាំងនេះ។ តាមពិតប្រព័ន្ធនាំទំនិញចេញរបស់កម្ពុជាបានតម្រូវនូវមាតិកាក្នុងស្រុក Local Content or Domestic Content ហើយស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងថែមទៀត។ ភាពមិនប្រក្រតីណាមួយពាក់ព័ន្ធនឹង Local Content នឹងមិនអាចនាំទំនិញចេញទៅក្រៅស្រុកបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលក៏បានទទួលស្គាល់ថា វាគ្មានប្រព័ន្ធណាមួយល្អឥតខ្ចោះនោះទេ ខណៈភាពមិនប្រក្រតីម្តងម្កាល ក៏ធ្លាប់កើតមាននៅតាមប្រទេសដទៃផងដែរ ប៉ុន្តែអ្វីទាំងនោះ មិនឆ្លុះបញ្ចាំងពីគោលនយោបាយ ឬគុណតម្លៃរបស់ប្រទេស ដែលបាន ប្តេជ្ញាចិត្តលើការគោរពច្បាប់ដូចប្រទេសកម្ពុជានេះឡើយ។ សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវអាជ្ញាធរគ្រប់ជាន់ថ្នាក់សុំត្រួតពិនិត្យទំនិញនាំចេញដើម្បី កុំឱ្យមានអំពើក្លែងបន្លំ នាំចេញក្នុងស្លាកជាទំនិញដែលផលិតក្នុងប្រទេសកម្ពុជា។

* តើអ្នកណាជាអ្នកបង់ថ្លៃខាត បើសិនជាមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច?
ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពិតណាស់ គឺមិនប៉ះពាល់ដល់រដ្ឋាភិបាលទេ។ ទណ្ឌកម្មសេដ្ឋកិច្ច ជាទណ្ឌកម្មដែលសង្កត់កមនុស្សទូទៅ, សង្កត់កម្មកររោងចក្រ សង្កត់កសិករ ម្ចាស់អាជីវកម្មខ្នាតតូច និងប្រជាពលរដ្ឋសាមញ្ញ ដែលពួកគេទេទទួលរងនូវការរឹតបន្តឹងផ្នែកសេដ្ឋកិច្ចនោះ។

នៅពេលដែលពួកជ្រុលនិយមបញ្ចុះបញ្ចូលឱ្យបរទេសដាក់ទណ្ឌកម្ម, ទណ្ឌកម្មទាំងនោះ គឺពួកគេដាក់មកលើប្រជាជនកម្ពុជាតែប៉ុណ្ណោះ។ ល្បែងនយោបាយរបស់ពួកគេ កំពុងធ្វើឱ្យខូចទ្រង់ទ្រាយនៃសង្គមកម្ពុជា គំរាមកំហែងដល់សន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ចសង្គម ដែលធ្លាប់តែជួយមនុស្សរាប់លាននាក់ចាកចេញពីភាពក្រីក្ររួចមកហើយក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។ ដូច្នេះ កំហឹងជាបុគ្គលរបស់មេខ្លោងក្រុមជ្រុលនិយម ដាក់មកលើក្រុមគ្រួសារត្រកូល «ហ៊ុន» ដែលបានធ្វើឱ្យប្រទេសជាតិថ្កុំថ្កើង និងរុងរឿងនោះ វាគឺជាទណ្ឌកម្ម ដាក់មកលើប្រជាពលរដ្ឋខ្មែរដែលបានទទួលមនុញ្ញផលពីម្លប់សន្តិភាពនៃនយោបាយឈ្នះឈ្នះ តែប៉ុណ្ណោះ។

រយៈពេល២៦ឆ្នាំរួចមកហើយ, ក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះឈ្នះ កម្ពុជាបានប្រែក្លាយអតីតកាលដ៏សោកនាដកម្មរបស់ខ្លួន ក្លាយជាប្រទេសដែលមានមូលដ្ឋានគ្រឹះរឹងមាំលើ គ្រប់វិស័យមានន័យថាបើគ្មានម្លប់សន្តិភាពនៃនយោបាយឈ្នះឈ្នះ, កម្ពុជាក៏គ្មានវឌ្ឍនភាពដូចបច្ចុប្បន្ន បើគ្មានម្លប់សន្តិភាពនៃនយោបាយឈ្នះឈ្នះ ក៏មិនមានការអនុវត្តលទ្ធិប្រជាធិបតេយ្យប្រកបដោយអត្ថន័យដូចសព្វថ្ងៃនេះឡើយ។ ប្រជាពលរដ្ឋខ្មែរ មិនផ្លាស់ប្តូរសង្គមដែល សុខសាន្តក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះឈ្នះ ស្រវាយកសង្គ្រាមវិញនោះទេ។

ការគម្រាមកំហែងសម្រាប់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មិនមែនដោយសារការដាក់អត្រាពន្ធពីបរទេសឡើយ ប៉ុន្តែគឺដោយសារតែក្រុមជ្រុលនិយម ដែលក្លែងបន្លំខ្លួនឯងធ្វើជាអ្នកសង្គ្រោះ ប៉ុន្តែធាតុពិត គឺដើម្បីតែបំផ្លាញជាតិខ្លួនឯងតែប៉ុណ្ណោះ។

ដូច្នេះការប៉ុនប៉ងរបស់ក្រុមជ្រុលនិយមដែលចង់ព្យាបាទក្រុមគ្រួសារត្រកូល «ហ៊ុន» គឺប្រៀបដូចជាការចង់នាំសង្គមជាតិដ៏រុងរឿងឱ្យធ្លាក់ចូលក្នុងអស្ថិរភាពនយោបាយ និងវិបត្តិចលាចលតែប៉ុណ្ណោះ។ ក្រុមជ្រុលនិយម មានជម្រើសតែមួយគត់ គឺការរំលាយក្រុមនេះចោល ដើរចេញពីទណ្ឌិត សម រង្ស៊ី និងចាកចេញពីមេខ្លោងទាំងឡាយណាដែលមានគំនិតច្រណែនឈ្នានីស ក្រុមគ្រួសារត្រកូល «ហ៊ុន» និងត្រូវរួមកសាងប្រទេសកម្ពុជារួមគ្នា ក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះឈ្នះ ដែលជាពន្លឺផ្លូវដ៏ត្រចះត្រចង់សម្រាប់ជាតិខ្មែរដ៏រុងរឿង។ ពេលវេលា ភ្ញាក់ខ្លួននៅមិនទាន់ហួសពេលនៅឡើយទេ។

ក្រុមជ្រុលនិយមត្រូវដឹងថា ការរត់ចេញទៅក្រៅប្រទេសដោយការបង្កើតរឿងអាក្រក់និយាយ អំពីជាតិឯងដើម្បីធ្វើឱ្យគេស្អប់ខ្ពើមកម្ពុជាក្នុងប្រយោជន៍រកការដាក់ទណ្ឌកម្មនោះ មិនមែនជាអំពើស្នេហាជាតិទេ។ បរទេសមិនស្រឡាញ់ខ្មែរ ជាងខ្មែរខ្លួនឯងឡើយ បរទេសនឹងឆក់ឱកាសគ្រប់គ្រងខ្មែរ និងសម្លឹងរកផលប្រយោជន៍ផ្ទាល់ខ្លួនពីខ្មែរ នៅពេលដែលខ្មែរបែកបាក់គ្នាតែប៉ុណ្ណោះ៕