(ភ្នំពេញ)៖ បន្ទាប់ពីបានទទួលជួបសវនាការ និងទទួលថវិកាពីសប្បុរសជនចំនួន៦ក្រុម កាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ ,នៅរសៀលថ្ងៃដដែលនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា បានបន្តទទួលជួបសវនាការជាមួយសប្បុរសជនចំនួន ៦ក្រុមទៀត ដែលបាននាំយកអំណោយជាថវិកាសរុប ៣៧០.០០០ ដុល្លារអាមេរិក រួមជាមួយរថយន្តហ្វតភីគអាប់ ១គ្រឿង (FORD Ranger XL) និងមួកសុវត្ថិភាពចំនួន ៥០០មួក មកឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
 
សប្បុរសជនទាំង៦ស្ថាប័នរដ្ឋ និងឯកជននារសៀលនេះ រួមមាន៖

១៖ ក្រសួងធនធានទឹក និងឧតុនិយម គណៈប្រតិភូដឹកនាំដោយលោកជំទាវ លៀង យុគ ថោជេដ្ឋា ឧបត្ថម្ភថវិកាចំនួន ២០.០០០ ដុល្លារអាមេរិក។ គិតចាប់ពីឆ្នាំ២០០៨ មកដល់បច្ចុប្បន្ននេះ ក្រសួងធនធានទឹក និងឧតុនិយម បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ចំនួន ៩លើក មានថវិកាសរុប ៤៩.៧០០ ដុល្លារអាម៉េរិក។

២៖ ក្រុមហ៊ុន ម៉ែន សារុន គណៈប្រតិភូដឹកនាំដោយឯកឧត្តម ឡាយ ស៊ា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនម៉ែនសារុន ឧបត្ថម្ភថវិកាចំនួន ២០.០០០ ដុល្លារអាមេរិក។ គិតចាប់ពីឆ្នាំ២០០២ មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនម៉ែនសារុន បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ចំនួន ២០លើក មានថវិកាសរុប ២៧៥.២០០ ដុល្លារអាមេរិក, អង្ករ ៥០តោន និងមីយើង ១១.៧០០កេស។

៣៖ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) គណៈប្រតិភូដឹកនាំដោយលោកស្រី ធាម រមណីយ អគ្គនាយិការងប្រតិបត្តិ និងជានាយិកាទំនាក់ទំនងគូភាគី-ប្រធានគ្រប់គ្រងតំបន់ ឧបត្ថម្ភថវិកាចំនួន ១០០.០០០ ដុល្លារអាមេរិក។ គិតចាប់ពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ននេះ ធនាគារ ABA បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ចំនួន ១២លើក មានថវិកាសរុប ៦២៣.០០០ ដុល្លារអាម៉េរិក។

៤៖ ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC/BIDV) គណៈប្រតិភូដឹកនាំដោយលោក ឡាំ វ៉ាន់ហៃ អគ្គនាយកធនាគារ ឧបត្ថម្ភថវិកាចំនួន ៣០.០០០ ដុល្លារអាម៉េរិក។ គិតចាប់ពីឆ្នាំ២០១១ ដល់បច្ចុប្បន្ននេះ ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ចំនួន ១៦លើក មានថវិកាសរុប ៩២០.០០០ ដុល្លារអាម៉េរិក។

៥៖ ក្រុមហ៊ុន ហ្គេនស៍ប៊ឺក (GANZBERG) គណៈប្រតិភូដឹកនាំដោយលោក ហ្វ្រាន់ ចូសេហ្វ៍ ប្រ៊ូន (Franz J. BRUNE) ឧបត្ថម្ភរថយន្តហ្វតភីគអាប់ពណ៌ស ១គ្រឿង (FORD Ranger XL) ផលិតឆ្នាំ២០២៥ និងមួកសុវត្ថិភាពចំនួន ៥០០មួក (គិតជាថវិកាស្មើនឹង ៣៨.៥០០ ដុល្លារអាមេរិក)។ គិតចាប់ពីឆ្នាំ២០១៤ ដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន ហ្គេនស៍ប៊ឺក បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ចំនួន ៨លើក មានរថយន្ត Ford Ranger ៧គ្រឿង, ថវិកា ៤ម៉ឺនដុល្លារ, មួកសុវត្ថិភាព ៤ពាន់មួក និងអង្ករ ៥០តោន។

៦៖ ធនាគារកាណាឌីយ៉ា (Canadia Bank) គណៈប្រតិភូដឹកនាំដោយលោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាក្រុមហ៊ុនកាណាឌីយ៉ាគ្រុប ឧបត្ថម្ភថវិកាចំនួន ២០០.០០០ ដុល្លារអាម៉េរិក។ គិតចាប់ពីឆ្នាំ២០០០ ដល់បច្ចុប្បន្ននេះ ធនាគារកាណាឌីយ៉ា បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ចំនួន ២៥លើក មានថវិកាសរុប ២.២៥៥.៥០០ ដុល្លារអាម៉េរិក។
 
ស្ថិតក្នុងឱកាសជួបជាមួយសប្បុរសជនទាំងអស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវព្រះរាជសវណីរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលតែងតែបានចូលរួមបរិច្ចាគថវិកា សម្ភារ: ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ។

លោកជំទាវបណ្ឌិតបានថ្លែងបន្តថា ទឹកចិត្តដ៏សប្បុរសនេះ គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក និងជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផលរបស់កាកបាទក្រហមកម្ពុជា។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏បានជម្រាបជូនគណៈប្រតិភូ អំពីសកម្មភាពសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ដូចជាតាមរយៈការឧបត្ថម្ភថវិកា ១លានដុល្លារ ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១២រៀងមក, ការឧបត្ថម្ភថវិកា ៥លានដុល្លារ ជូនមន្ទីរពេទ្យហ្លួងម៉ែ, ការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប, ការចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់សមាគម អង្គការ មជ្ឈមណ្ឌលនានា ដែលទទួលបន្ទុកខាងផ្នែកកុមារកំព្រា ជនមានពិការភាព ចាស់ឥតទីពឹងជាដើម -ល- និងសកម្មភាពជាច្រើនទៀតរបស់កាកបាទក្រហមកម្ពុជា។

ជាក់ស្តែង ក្នុងឆ្នាំ២០២៤កន្លងទៅ កាកបាទក្រហមកម្ពុជា បានប្រើប្រាស់មូលនិធិទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋានធ្វើប្រតិបត្តិការដោយមានអ្នកទទួលផលដោយផ្ទាល់ និងប្រយោលប្រមាណជាង ២លាននាក់ តាមរយៈវិស័យអាទិភាពទាំង៤ រួមមាន ១) ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ២)សុខភាព និងការថែទាំសុខភាពតាមសហគមន៍ ៣) ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ និងសុខុមាលភាពសង្គម និង៤) ការអភិវឌ្ឍស្ថាប័ន។ លោកជំទាវបណ្ឌិត ក៏បានគោរពជូនពរដល់ សប្បុរសជន និងគណៈប្រតិភូទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ចជាបន្តបន្ទាប់។
 
ជាកិច្ចឆ្លើយតប សប្បុរសជនទាំងអស់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុន និងសប្បុរសជន ស្ថាប័នរដ្ឋ និងឯកជន បានចូលរួមសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា។

ទន្ទឹមនឹងនេះ សប្បុរសជន ក៏បានគូសបញ្ជាក់ផងដែរថា ដោយសារកត្តាសុខសន្តិភាព ទើបបានផ្តល់ឱកាសឱ្យក្រុមហ៊ុនមានការរីកចម្រើន ហើយយើងគ្រប់គ្នាមានឱកាសក្នុងការចូលរួមនៅក្នុងសង្គមជាតិ ចូលរួមកាត់បន្ថយភាពក្រីក្រ ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ និងជាពិសេសដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ៕