(កណ្ដាល)៖ លោក ឡូយ សារឹម អាយុ៤៧ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិអញ្ជែងក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរ ដើម្បីសុំការអន្តរាគមន៍ចំពោះការលើកផ្លាកគណបក្សកម្លាំងជាតិ នៅមុខផ្ទះរបស់ពួកគាត់ ដោយគ្មានការអនុញ្ញាត និងមិនពេញចិត្តពីលោកដែលជាម្ចាស់ផ្ទះ។
ក្រុមការងារគណបក្សកម្លាំងជាតិ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ បានទៅលើកផ្លាកគណបក្សរបស់ខ្លួន នៅមុខផ្ទះប្រជាពលរដ្ឋដែលធ្វើឲ្យប្រជាពលរដ្ឋសម្ដែងការខឹងសម្បារ និងមិនពេញចិត្តជាខ្លាំងចំពោះសកម្មភាពនៃការលើកផ្លាកគណបក្សនេះ។
នៅពេលគណបក្សកម្លាំងជាតិកំពុងលើកផ្លាកបែបនេះ ពួកគាត់បានទៅហាមឃាត់ ដើម្បីបញ្ឈប់សកម្មភាព ប៉ុន្តែសកម្មជនគណបក្សនេះមិនបញ្ឈប់ឡើយ ពីសំណាក់បុគ្គលឈ្មោះ ជាម សុខខុន។
ក្រោយពីឃើញសកម្មភាពរឹងទទឹងបែបនេះ ប្រជាពលរដ្ឋបានទៅដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរ ដើម្បីជួយអន្តរាគមន៍ និងបញ្ឈប់សកម្មភាព នៃការលើកស្លាកគណបក្សកម្លាំងជាតិបែប គ្រាដែលពួកគាត់មិនពេញចិត្តនឹងមិនមានការអនុញ្ញាតឲ្យមានការលើកស្លាកគណបក្សមួយនេះដោយ។
លោក ឡូយ សារឹម បានបញ្ជាក់ថា កាពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ មានឈ្មោះ ជាម សុខខុន តំណាងគណបក្សកម្លាំងជាតិឃុំពុកប្ញស្សី បានមកទំនាក់ទំនងសុំដាក់ផ្លាកគណបក្សកម្លាំងជាតិមុខដីរបស់លោក តែលោកមិនបានយល់ព្រមទេ ស្រាប់តែនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ២រសៀល ជៀម សុខខុន និងបក្ខពួក១ក្រុម ប្រមាណ១០នាក់ នាំគ្នាមកជីលបង្គោលរាបឥដ្ឋ លើកផ្លាកគណបក្សកម្លាំងជាតិ នៅលើដីចំហៀងខាងត្បូងមុខផ្ទះលោក ទោះបីលោកប្រាប់ ព្រមទាំងមានកម្លាំងនគរបាលហាមឃាត់ឲ្យផ្អាក ក៏នៅតែបន្តធ្វើរួចរាល់ដែរ។
ដូច្នេះដើម្បីកុំឲ្យសាធារណៈជនយល់ច្រឡំថា លោក និងគ្រួសារ ជាសមាជិកគណបក្សកម្លាំងជាតិ លោកស្នើសុំលោកអភិបាលស្រុកខ្សាច់កណ្តាល មេត្តាអន្តរាគមន៍រុះរើផ្លាកគណបក្សកម្លាំងជាតិចេញឲ្យផុតពីដីមុខផ្ទះលោផង មិនតែប៉ុណ្ណោះឈ្មោះ ជាម សុខខុន បានគំរាមថា បើមានការខូចខាត ប៉ះពាល់ផ្លាកដែលលើករួចនេះនឹងមានបញ្ហាជាមួយពួកគេ៕