(កំពង់ស្ពឺ)៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ នៅព្រឹកទី០១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដឹកនាំ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ប្រារព្ធខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ក្រោមប្រមូលបទ «រួមគ្នាស្ម័ត្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹង​អាកាសធាតុ» ដោយមានការចូលរួមពី​គណៈកម្មាធិការ​​សាខា សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរ-អង្គភាពនានាជុំវិញខេត្ត យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្តកាកបាទក្រហម អ្នកឧកញ៉ា លោកឧកញ៉ា តំណាងម្ចាស់​​ក្រុមហ៊ុន អាជីវករ សប្បុរសជនជាតិ អន្តរជាតិ សរុបប្រមាណ ១៣០០នាក់។

នាឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ការប្រារព្ធមីទ្ទីងអបអរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម នាពេលនេះក្នុងគោលបំណងរំលឹក​ដល់ថ្ងៃកំណើត​របស់លោក ហង់រី ឌុយណង់ ដែលជាស្ថាបនិករបស់កាកបាទក្រហម យល់ដឹងអំពីប្រវត្តិចលនារបស់កាកបាទក្រហម អឌ្ឍចន្ទក្រហម និងបង្ហាញជូនពីលទ្ធផលការងារមនុស្សធម៌ ដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានអនុវត្តក្នុងរយៈពេល៥ឆ្នាំកន្លងមក ព្រមទាំងសូមអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានចូលរួមឧបត្ថម្ភជាថវិកា សម្ភារៈឬអំណោយមនុស្សធម៌ផ្សេងៗដល់សាខា ដើម្បីបន្តបេសកកម្មមនុស្សធម៌ ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ ពិសេសគ្រោះមហន្តរាយដែលបង្កឡើងដោយធម្មជាតិ។

តាមរយៈពិធីនេះដោយសន្ដានចិត្តមនុស្សធម៌របស់អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាសប្បុរសជន សមាជិកសមាជិកានៃអង្គពិធីទាំងមូល បានចូលរួមឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ នូវថវិកាជាតួលេខបឋមប្រាក់រៀលមានចំនួន ៤១៩,៩២៦,០០០រៀល និងជាប្រាក់ដុល្លារមានចំនួន ៧៧,៨៩០ដុល្លារផងដែរ៕