(ព្រះសីហនុ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ​ជាមួយតំណាង​ក្រុមហ៊ុននាវា MAERSK ដឹកនាំដោយលោក Tassilo Brinzer អនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) និងជាអនុប្រធានក្រុមប្រឹក្សាធុរកិច្ចសហភាពអ៊ឺរ៉ុប-អាស៊ាន(EU-ABC) រួមជាមួយ លោក Rutger Heijsteeg នាយកគ្រប់គ្រងក្រុមហ៊ុន MAERSK Cambodia និងជាអនុប្រធានគណៈកម្មាធិការដឹកជញ្ជូន និងភស្តុភារកម្ម នៃ EuroCham។

កិច្ចប្រជុំនេះមានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោកប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ(ក.ស.ស.), លោក លោកស្រី ជាថ្នាក់ដឹកនាំស្ថាប័នទាំងពីរ, តំណាង EuroCham, តំណាង EU-ABC, និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ ក្នុងគោលបំណងស្វែងយល់អំពីសមត្ថភាព និងប្រតិបត្តិការរបស់ ក.ស.ស. ឱ្យបានកាន់តែច្បាស់ និងស៊ីជម្រៅសំដៅស្វែងរក​ឱកាស​សហប្រតិបត្តិការ​រួមគ្នានាពេលអនាគត។ ក្នុងនោះដែរមានការធ្វើបទបង្ហាញពីសំណាក់ លោកប្រធានអគ្គនាយក ក.ស.ស. អំពី៖ សាវតានៃការអភិវឌ្ឍ, រចនាសម្ព័ន្ធគ្រប់គ្រង, សេវាកម្ម, ទិន្នន័យនៃការអភិវឌ្ឍ និងប្រតិបត្តិការ, ផែនការអភិវឌ្ឍន៍រយៈពេលខ្លី និងផែនការមេសម្រាប់ពេលអនាគត។

នាឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងបន្ថែមអំពីវិសាលភាពនៃវិស័យកំពង់ផែសមុទ្រនៅទូទាំងប្រទេស, វិស័យដឹកជញ្ជូនតាមផ្លូវទឹក/ផ្លូវសមុទ្រ, សមាហរណកម្មហេដ្ឋា​រចនាសម្ព័ន្ធដឹកជូន, និងវិស័យភស្តុភារកម្ម ដែលវិស័យទាំងអស់នេះមានអំណោយផលទៅវិញទៅមក និងចូលរួមជំរុញឱ្យវិស័យកំពង់ផែ និងការដឹកជញ្ជូនតាមផ្លូវសមុទ្រនៅកម្ពុជា​កាន់តែមានសក្តានុពលខ្ពស់​ថែមមួយកម្រិតទៀត។

បន្ទាប់ពីបានស្តាប់បទបង្ហាញដោយលោកប្រធានអគ្គនាយក ក.ស.ស. និងការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល គណៈប្រតិភូតំណាងក្រុមហ៊ុន MAERSK Cambodia បានបង្ហាញចំណាប់​អារម្មណ៍ជាវិជ្ជមាន និងជំនឿចិត្តខ្ពស់ចំពោះសមត្ថភាព និងប្រតិបត្តិការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏ដូចជាវិស័យកំពង់ផែ និងវិស័យដឹកជញ្ជូនតាមផ្លូវទឹក/ផ្លូវសមុទ្ររបស់កម្ពុជាទាំងមូល។

តាមរយៈជំនួបនេះដែរលោកឧបនាយករដ្ឋមន្ត្រី សង្ឃឹមថាគណៈប្រតិភូដែលបានចូលរួម នឹងផ្សព្វផ្សាយបន្តអំពីបទពិសោធន៍ល្អៗ ជុំវិញបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀត​នៅក្នុងសហគមន៍​ធុរកិច្ចរបស់ខ្លួន ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀតមកកម្ពុជា សំដៅបង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ៕