(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា មន្ត្រីដែលយកលុយពីបទល្មើសនេសាទ គឺចូលរួមប្រព្រឹត្តបទល្មើសហើយ ដូច្នេះសម្រាប់លោកគឺមិនលក់ឧត្តមគតិខ្លួនឯងជាដាច់ខាត។

ការបញ្ជាក់របស់លោកបែបនេះ បានធ្វើឡើងក្នុងដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន ដែលសហការរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលជលផល, សហភាពអឺរ៉ុប និងអង្គការស្បៀងនិងកសិកម្ម នៃអង្គការសហប្រជាជាតិ FAO ទៅកាន់សហគមន៍នេសាទកំពង់ប្រាក់ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ការទប់ស្កាត់នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិនេះ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាឱ្យប្រជាជនមានជីវភាពរស់នៅដែលប្រកបរបរនេសាទតកូនតចៅ ឱ្យមាននិរន្តរភាពនូវពូជធនធានមច្ឆាជាតិ ខណៈដែលពេលនេះប្រជាជនមានការកើនឡើង។ទន្ទឹមនឹងបញ្ហាកំណើនប្រជាជន ការចូលរួមទប់ស្កាត់បទល្មើសនេសាទនានា ក្នុងទិសដៅតែមួយកត់គឺរក្សាឱ្យបាននូវធនធានជលផលទាំងក្នុងទឹកសាប និងទឹកប្រៃ។

ជាមួយគ្នានេះ លោក ខូយ រីដា មានបន្តថាការទប់ស្កាត់​ និងការអនុវត្តច្បាប់សម្រាប់បទល្មើសនេសាទ គឺចាំបាច់ត្រូវតែមានដែលក្រសួងកសិកម្មកំពុងតែត្រៀមអនុម័តនេះ ដើម្បីអភិរក្សពូជត្រីសម្រាប់បងប្អូនប្រជានេសាទ មិនមែនសម្រាប់រដ្ឋាភិបាល ឬក្រសួងកសិកម្មនោះទេ។

ឆ្លៀតនាឱកាសនោះ លោកអភិបាល បានថ្លែងអំណរគុណដល់កងទ័ពជើងគោកភូមិភាគទី៥ ដែលបានចំណាយពេលវេលារាប់ខែក្នុងទឹកដីខេត្តពោធិ៍សាត់នេះ ហើយយើងធ្វើឱ្យប្រជាពលរដ្ឋស្ម័គ្រចិត្តចូលរួមអនុវត្តតាមគោលការណ៍ច្បាប់របស់ក្រសួងកសិកម្មដែលបានកំណត់ ហើយលោកជឿជាក់ថាពូជត្រីទៅថ្ងៃខាងមុខនឹងមានកើនឡើងបន្ថែមទៀត។

ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពបទល្មើសនេសាទ, លោក ខូយ រីដា បានមានប្រសាសន៍ថា ការបង្ក្រាបបទល្មើសនេសាទ​ មិនមែនទើបតែចាប់ផ្ដើមធ្វើនោះទេ តែយើងបានអនុវត្តយូរមកហើយ ជាពិសេសតំបន់អភិរក្សដែលតែងតែស្ថិតនៅក្រោមការពិនិត្យតាមដានដោយលោកផ្ទាល់។ «យើងត្រូវចាំថាអស់ត្រីឃើញទឹក នៅលើគោកអស់ព្រៃឃើញដី នេះហើយដែលយើងត្រូវប្រយ័ត្ន ព្រោះមិនប្រាកដថាឃើញទឹក គិតថាក្នុងទឹកមានត្រីនោះទេ»។ នេះបើតាមការបញ្ជាក់របស់លោក។

ជាថ្មីម្ដងទៀត លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា៖ «ឧទាហរណ៍ខ្លួនខ្ញុំជាអភិបាលខេត្ត បើខ្ញុំទៅយកផលប្រយោជន៍ពីហ្នឹង (បទល្មើសនេសាទ) ជាថវិកា ជាអ្វីផ្សេង (ស្អីៗ) ចឹងស្មើនឹងចូលរួមប្រព្រឹត្តបទល្មើសរួចស្រេចហើយ លុយបានពីណា បានពីប្រព្រឹត្តបទល្មើស អ៊ីចឹងបើយើងយកលុយពីបទល្មើស បានន័យថាយើងចូលរួមប្រព្រឹត្តបទល្មើសហើយ...តាំងពីខ្ញុំនៅជាមន្ត្រី គឺខ្ញុំមិនលក់ឧត្តមគតិរបស់ខ្ញុំទេ»