(កំពង់ចាម)៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ នៅសាលាខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំ ពិភាក្សាអំពីទីតាំងបើកទ្រូងផ្លូវ កំណាត់ផ្លូវជាតិលេខ ៧ ស្គន់-កំពង់ចាម ដើម្បីសុវត្ថិភាពចរាចរណ៍ និងសោភ័ណភាព បរិស្ថានបៃតងតាមដងផ្លូវ។
លោក លឹម ស៊ីដេនីន បានថ្លែងថា កិច្ចប្រជុំពិភាក្សា អំពីការធ្វើសួនចែកទ្រូងផ្លូវ និងការបើកទ្រូងផ្លូវ កំណាត់ផ្លូវជាតិលេខ ៧ ស្គន់-កំពង់ចាមនេះ គឺមានគោលបំណងឲ្យការធ្វើចរាចរណ៍តាមដងផ្លូវមានសុវត្ថិភាពខ្ពស់ និងបង្កើនសោភ័ណភាពបរិស្ថានតាមដងផ្លូវ។
លោករដ្ឋលេខាធិការបានបញ្ជាក់ផងដែរថា ដើមឡើយការបែងចែកទ្រូងផ្លូវ គឺលាបថ្នាំជាគំនូស បទឆ្វេង ឬបទស្ដាំ ប៉ុន្តែការធ្វើបែបនោះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើន ដូច្នេះហើយទើបមានការកែប្រែធ្វើជាសួនចែកទ្រូងផ្លូវវិញ ដោយមានបើកទ្រូងផ្លូវ ក្នុងកម្រិតណាមួយដើម្បីឲ្យចរាចរណ៍រលូន បញ្ជៀសការគ្រោះថ្នាក់បាត់បង់ជីវិតដោយសារការធ្វើចរាចរណ៍នេះ។
លោករដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ការធ្វើសួនចែកទ្រូងផ្លូវ គឺមិនមានការឆ្លងកាត់ ប្រសិនបើចង់ឆ្លងកាត់លុះត្រាដល់កន្លែងបើកទ្រូងផ្លូវ ដែលចំណុចនេះធ្វើឲ្យមានសុវត្ថិភាពខ្ពស់។ ទន្ទឹមនឹងនេះ ក៏អាចបង្កើនសោភ័ណភាព បរិស្ថានបៃតង ដោយការដាំដើមឈើ ឬដាំផ្កាជាដើម៕