(ភ្នំពេញ)៖ នៅក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ (៣ ឧសភា ២០២៥) លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយលោក ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា តំណាងស្ថានទូតអាមេរិក ជប៉ុន ឥណ្ឌា អូស្ត្រាលី ឡាវ និងលោក Sardar Umar Alam តំណាងអង្គការយូណេស្កូ ប្រចាំកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតដែលស្លាប់ និងបាត់ខ្លួននាសម័យសង្គ្រាមនៅកម្ពុជា (១៩៧០-១៩៧៥) នៅសួនច្បារក្បែរស្ថានទូតបារាំង ប្រចាំកម្ពុជា។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ ពោលគឺចំនឹងថ្ងៃនៃទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ (៣ ឧសភា ២០២៥) ក្រោមប្រធានបទ «ការរាយការណ៍ក្នុងពិភពលោកថ្មីដ៏ក្លាហាន ផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតលើសេរីភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» ដែលមានការអញ្ជើញចូលរួមសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក្លិបអ្នកកាសែតកម្ពុជា សមាគមអ្នកសារព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាច្រើនរូបទៀត។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា៖ «ថ្ងៃនេះជាទីវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣២ យើងទាំងអស់គ្នាបានមកជួបជុំគ្នាដើម្បីប្រារព្ធពិធីគោរពវិញ្ញាក្ខន្ធដល់សហសេវិករបស់យើងជាអ្នកកាសែតជាតិនិងអន្តរជាតិដែលបានស្លាប់បាត់បង់ជីវិតក្នុងអំឡុងពេលចុះបំពេញការងារយកព័ត៌មាននៅក្នុងប្រទេសកម្ពុជាពេលកំពុងឆាបឆេះដោយភ្នក់ភ្លើងសង្គ្រាម ក្នុងទសវត្សរ៍ឆ្នាំ១៩៧០»

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា យើងមកជួបជុំគ្នានៅថ្ងៃនេះមិនមែនគ្រាន់តែដើម្បីចងចាំនិងរំឭកវិញ្ញាណក្ខន្ធអ្នកសារព័ត៌មានដែលបានស្លាប់នោះទេ ប៉ុន្តែ ដើម្បីគោរពពីវីរភាពរបស់បងប្អូនអ្នកសារព័ត៌មានទាំងអស់នេះទាំងអ្នកសារព័ត៌មានកម្ពុជានិងអ្នកសារព័ត៌មានបរទេសដែលបានលះបង់សព្វបែបយ៉ាងរួមនឹងអាយុជីវិតរបស់ពួកគេដើម្បីចុះយក ព័ត៌មាន ផលិត និងផ្សាយព័ត៌មានអំពីសង្គ្រាម និងសោកនាដកម្មរបស់កម្ពុជាក្នុងសង្គ្រាមនាទសវត្សរ៍ឆ្នាំ១៩៧០។

ភ្ជាប់ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា កម្ពុជា បានធ្វើរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាន នៅកម្ពុជឆ្នាំ២០២៥ ដែលធ្វើឡើងដោយមន្ត្រីរបស់ក្រសួងព័ត៌មានផ្ទាល់ ខណៈដែលអ្នករៀបចំធ្វើកិច្ចការងារទាំងនេះ គឺមានសមត្ថភាពគ្រប់គ្រាន់ ​ដោយមិនចាំបាច់មានជំនួយពីបរទេសនោះទេ។ របាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៥» គឺជាការផ្តោតទៅលើអ្វីដែលជាស្ថានភាពពិតប្រាកដ នៅក្នុងប្រទេសកម្ពុជា។

ក្នុងរបាយការណ៍បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ស្ថានភាពសេរីភាពសារព័ត៌មាន និងសណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជា ត្រូវបានវាយតម្លៃថាមានភាពល្អប្រសើរ។ នេះជាលទ្ធផលចេញពីការសិក្សាវាស់វែងតាមបែបវិទ្យាសាស្ត្រ និងដោយការស្ទង់មតិក្នុងចំណោម អ្នកសារព័ត៌មាននៅទូទាំងប្រទេសកម្ពុជា ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥។ អ្នកសារព័ត៌មានចំនួន ៨១,៤% ក្នុងចំណោមអ្នកស្ទង់មតិសរុបចំនួន ៤៦៧នាក់ តំណាងអ្នកសារព័ត៌មានទូទាំងប្រទេសដែលបានចូលរួមបានវាយតម្លៃថាស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ក្នុងនោះ ៧២,២% បានឆ្លើយថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានស្ថានភាពល្អ ខណៈ ៩,២% បានឆ្លើយថាសេរីភាពសារព័ត៌មានមានស្ថានភាពល្អបំផុត»

ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា រាល់ការវាយតម្លៃពីខាងក្រៅ និងផ្អែកលើហេតុផលនយោបាយ គឺគ្រាន់តែជាសំលេងតូចមួយដើម្បីបង្ខូចកិត្តិយស មុខមាត់កម្ពុជាតែប៉ុណ្ណោះ។ ចំណែកប្រទេសមួយចំនួនអះអាងថាខ្លួនជាប្រទេសគោរសិទ្ធិសេរីភាព និងការបញ្ចេញមតិក៏មិនប្រាកដថាល្អឥតខ្ចោះដូចកម្ពុជានោះដែរ។

បើតាមលោក ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានអរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានផ្តួចផ្តើមគំនិតរៀបចំកម្មវិធីនេះនៅក្នុង ទិវាសេរីភាពសារព័ត៌មានពិភពលោកនេះ។ «កាតព្វកិច្ចនៃការចងចាំតម្រូវឱ្យយើងរំលឹកដល់អ្នកសារព័ត៌មានទាំងអស់នេះ ដែលភាគច្រើននៅក្មេងនៅឡើយ ដែលបានលះបង់អាយុជីវិត ក្នុងការបម្រើឧត្តមគតិមួយ៖ គឺដើម្បីរាយការណ៍ព័ត៌មានអំពីភាពភ័យរន្ធត់របស់សង្គ្រាម ដោយសត្យានុម័ត និងក្បែរទីតាំងសមរភូមិបំផុត។ ក្នុងចំណោមពួកគេ មានជនរួមជាតិរបស់ខ្ញុំជាច្រើន»

ឯកអគ្គរដ្ឋទូតបារាំងនៅកម្ពុជា បានលើកឡើងថា ជាមួយភាពក្លាហាន ពួកគេរំលឹកយើងថា ក្នុងគ្រប់កាលៈទេសៈទាំងអស់ អ្នកសារព័ត៌មានត្រូវតែអាចធ្វើការវិភាគ និងស៊ើបអង្កេតរឿងរ៉ាវពិភពលោកដោយសេរី និងឯករាជ្យ។ គេត្រូវតែការពារអ្នកការសែតក្នុងស្ថានភាពជម្លោះ។ «តាមរយៈរបាយការណ៍ថ្មីៗមួយបានបញ្ជាក់ថា អ្នកកាសែតជាង២០០នាក់ ត្រូវបានសម្លាប់កាលពីឆ្នាំមុននៅទូទាំងពិភពលោក។ ដូច្នេះ ការធ្វើសកម្មភាពរួមគ្នា របស់យើងមានសារៈសំខាន់ណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងសោកនាដកម្មបែបនេះ»។ នេះជាការបន្ថែមរបស់លោក ហ្សាក់ បឺឡេ។

ដោយ​មិនគិតពីចំនួន​ដ៏ច្រើន​ក្នុងសម័យ​ខ្មែរក្រហម អ្នក​កាសែត​ជាតិ និងអន្តរជាតិ​ចំនួន​៣៧នាក់ បាន​បាត់ខ្លួន ឬត្រូវបាន​សម្លាប់នៅ​កម្ពុជា ចន្លោះពី​ឆ្នាំ១៩៧០ ដល់​ឆ្នាំ១៩៧៥ ពោលគឺក្នុង​សម័យលន់ នល់ ក្នុងនោះមានអ្នកកាសែតកម្ពុជា (៥នាក់), ជប៉ុន (១០នាក់), បារាំង (៧នាក់), អាម៉េរិក (៧នាក់), អូស្ត្រាលី (១នាក់), អាល្លឺម៉ង់ (១នាក់), ស្វីស (២នាក់), អូទ្រីស (១នាក់), ហូឡង់ (១នាក់), ឡាវ (១នាក់) និង​ឥណ្ឌា (១នាក់)។​

គួរបញ្ជាក់ថា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានស្លាប់ និងបាត់ខ្លួន ក្នុងសម័យសង្គ្រាមនៅកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៥ សរុបទាំងអស់មានចំនួន ៣៧ រូប ក្នុងនោះ មានទាំងអ្នកថតរូប និងអ្នកយកព័ត៌មានជនជាតិជប៉ុន ជនជាតិបារាំង និងជនជាតិកម្ពុជា ដែលបានរកឃើញស្លាប់ក្នុងប្រទេសកម្ពុជា៕