(ភ្នំពេញ)៖ មន្ទីរបរិស្ថានខេត្តក្រចេះ សូមបំភ្លឺជូនសាធារណៈជន និងបណ្តាញសារព័ត៌មានទាំងអស់ឱ្យ បានជ្រាបថា នាពេលថ្មីៗនេះ មានការចុះផ្សាយរបស់បណ្តាញសារព័ត៌មានមួយតាមប្រព័ន្ធ TikTok អំពីករណីគោយន្តកន្ត្រៃដឹកជញ្ជូនឈើហ៊ុបជ្រុង តាមបណ្តោយផ្លូវជាតិលេខ៧ ភូមិសាស្ត្រស្រុកអូរគ្រៀងសែនជ័យ ឆ្ពោះមកស្រុកចិត្របុរី ខេត្តក្រចេះ កាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោងជាង៨យប់។
ការផ្សព្វផ្សាយខាងលើជំរុញឱ្យមានភាពយល់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីនៃ មន្ទីរបរិស្ថានខេត្ត ពីព្រោះករណីដឹកជញ្ជូនខាងលើនេះ មន្ត្រីជំនាញបានឆ្លៀតផ្ទាត់ និងយកនិយាមកា (UTM) ដែលមានក្នុងរូបភាព មកទំលាក់ចូលក្នុងផែនទីតំបន់ការពារធម្មជាតិ ទើបបញ្ជាក់ឱ្យឃើញថាទីតាំងដែលមានការដឹកជញ្ជូននោះស្ថិតនៅលើកដងផ្លូវជាតិលេខ៧ នៅចំណុចព្រំប្រទល់ស្រុកអូរគ្រៀងសែនជ័យ និងស្រុកចិត្របុរី ដែលមានចម្ងាយផ្លូវជាង ៤២Km ពីដែនជម្រកសត្វព្រៃសំបូរ។ បើទោះបីជានៅក្រៅតំបន់ការពារក៏ដោយ ក៏មន្ទីរបរិស្ថានខេត្តក្រចេះ នឹងបន្តខិតខំប្រឹងប្រែងសហការជាមួយគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកពាក់ព័ន្ធ ដើម្បីស្វែងរកតម្រុយនៃមុខសញ្ញាជនប្រព្រឹត្តបទល្មើស និងប្រភពឈើដែលជនសង្ស័យប្រមូលយកមក។
មន្ទីរបរិស្ថានខេត្តក្រចេះ សូមធ្វើការច្រានចោលទាំងស្រុង ចំពោះការ ចុះផ្សាយរបស់បណ្តាញសង្គមសារព័ត៌មានមិនពិត ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមន្ត្រី នៃមន្ទីរបរិស្ថានខេត្តក្រចេះទាំងស្រុង។ ក្នុងនោះ មន្ទីរបរិស្ថានខេត្តក្រចេះសូមស្វាគមន៍គ្រប់បណ្តាញសង្គមទាំងអស់ជួយផ្តល់ព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ ទាន់ពេលវេលា មកមន្ត្រីជំនាញដើម្បីចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ដើម្បីជាឧត្តមប្រយោជន៍ជាតិ៕