(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោក ឌួង អេលីត នាយកពិធីការ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញនាំយកថវិកា ១០លានរៀលចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោកស្រី សួន ចន្ថា អតីតតារាចម្រៀងជើងចាស់ដ៏មានទឹកដមមួយរូប និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោក កូវ ប៊ុនឈឿន ត្រូវជាស្វាមី ដែលទទួលមរណភាព វេលាម៉ោង ១៥៖៥៨នាទី កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៥៨ឆ្នាំ ដោយរោគាពាធ។ ពិធីបុណ្យប្រព្រឹត្តទៅនៅគេហដ្ឋាននៃសពស្ថិតនៅបុរីពិភពថ្មី ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្នុងវេលាដ៏សែនក្ដុកក្ដួលនេះ លោក ឌួង អេលីត បាននាំនូវការផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ដោយសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យពន់ពេកជាមួយនឹងលោកស្រី សួន ចន្ថាចំពោះការបាត់បង់ឧត្តមស្វាមីជាទីស្រឡាញ់ពេញបេះដូង និងក៏ជាបាត់បង់ឪពុកប្រកបដោយព្រហ្មវិហារធម៌របស់កូន និងបានប្រកាន់ខ្ជាប់នូវគុណធម៌ ចរិយាធម៌ ប្រណិប័តន៍ចំពោះ ឪពុក ម្តាយ ក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិ ញាតិសន្តានទាំងអស់។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក កូវ ប៊ុនឈឿន សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕