(ពោធិ៍សាត់)៖ លោក ឌុក សុខា ប្រធានសហគមន៍នេសាទ ស្រីចឹក កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានថ្លែងអំណរគុណអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) និងសហភាពអឺរ៉ុប ដែលផ្ដល់ជំនួយជាច្រើនដូចជាថវិកាសម្រាប់ល្បាត, សម្ភារៈ និងបច្ចេកទេសនានា ដើម្បីអភិវឌ្ឍសហគមន៍ រហូតបង្ក្រាបបទល្មើសនេសាទបានដោយជោគជ័យ។

ការលើកឡើងបែបនេះរបស់លោក បានធ្វើឡើងក្នុងដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន ដែលសហការរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលជលផល, សហភាពអឺរ៉ុប និងអង្គការស្បៀងនិងកសិកម្ម នៃអង្គការសហប្រជាជាតិ FAO ទៅកាន់សហគមន៍នេសាទ ស្រីចឹក ក្នុងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ដំណើរទស្សនកិច្ចនេះ មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា រហូតដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។

នាឱកាសនោះ លោក ឌុក សុខា បានធ្វើបទបង្ហាញពីស្ថានភាពទូទៅ និងវឌ្ឍនភាពរបស់សហគមន៍ក្រោយចូលរួមជាមួយគម្រោង CAPFISH-Capture សហការរួមដោយរដ្ឋបាលជលផល និងអង្គការ FAO ក្រោមកញ្ចប់ជំនួយពីសហភាពអឺរ៉ុប បានផ្លាស់ប្ដូរសហគមន៍នេះជាតំបន់អភិរក្សជលផល ដែលទទួលស្គាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ទាំងពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៨រហូតមកដល់បច្ចុប្បន្ន។

បន្ថែមពីនេះ លោកប្រធានសហគមន៍ បានលើកឡើងថាគម្រោងបានផ្ដល់ធនធានមកកាន់សហគមន៍ ដើម្បីធ្វើការល្បាត បង្ក្រាបបទល្មើសនេសាទក្នុងសហគមន៍ រហូតទទួលបានជោគជ័យ ដែលលេចឡើងតាមរយៈផលកើននៃជលផលក្នុងទឹកសាប។ លោក បានបន្តថា ក្រោយពីទទួលបានជោគជ័យ ប្រជាពលរដ្ឋក្នុងសហគមន៍បានបង្កើនកម្រិតជីវភាពរបស់ខ្លួនបានល្អប្រសើរជាងមុនផងដែរ៕