(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ បានថ្លែងថា ក្នុងសង្គមប្រជាធិបតេយ្យ, របបសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ គឺជាអំណាចទី៤ បន្ទាប់ពីអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាននៅទូទាំងប្រទេស លើកទី៧ ដែលមានអ្នកចូលរួមសរុបប្រមាណជាង ៥ពាន់នាក់។

ថ្លែងទៅកាន់អង្គពិធី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា ចាត់ទុកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ គឺជាមែកធាងនៃប្រព័ន្ធគ្រប់គ្រងរដ្ឋ និង មាន តួនាទីសំខាន់ក្នុងការផ្សព្វផ្សាយនូវសកម្មភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលជូនសាធារណជន ហើយនាំយកបញ្ហាសង្គមនិងទុក្ខធុរៈរបស់ប្រជាជនមកប្រាប់រាជរដ្ឋាភិបាលវិញ។

ការណ៍នេះ សម្ដេចបវរធិបតី បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងសង្គមប្រជាធិបតេយ្យ សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ គឺជាអំណាចទី៤ បន្ទាប់ពីអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ដោយសារសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយមានឥទ្ធិពលលើនយោបាយ និងអំណាចទាំង៣ដោយឡែក។ ការពិភាក្សាវែកញែកអំពីសកម្មភាពរបស់មន្ត្រីសាធារណៈ និងស្ថាប័ននយោបាយក្នុងគោលបំណងលើកកម្ពស់ផលប្រយោជន៍សាធារណៈ និងតាមដានការអនុវត្តរបស់អំណាចទាំង៣»

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលកម្ពុជាប្ដេជ្ញាលើកស្ទួយ និងគោរពសេរីភាពសារព័ត៌មានដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីរបបសារព័ត៌មាន៕