(ភ្នំពេញ)៖ ស្ថានទូតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានសហការជាមួយគណៈកម្មការពិព័រណ៍កម្ពុជា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្ពុជាប្រចាំឆ្នាំលើកទី៩ ឆ្នាំ២០២៥ (9th Cambodia Festival) នៅសួនឧទ្យានយ៉ូយ៉ូហ្កិ (Yoyogi Park) នាទីក្រុងតូក្យូ។

កម្មវិធីបើកព្រឹត្តិការណ៍ពិព័រណ៍កម្ពុជានេះ បានអញ្ជើញចូលរួមជាអធិបតីដោយ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា និងជាប្រធានគណៈកម្មការពិព័រណ៍កម្ពុជា លោក ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា លោក IMAMURA Masahiro អតីតប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា និងជាទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក MIYAJI Takuma អនុរដ្ឋមន្រ្តី្កក្រសួងការបរទេសជប៉ុន ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួងពាណិជ្ជកម្មកម្ពុជា តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ឯកអគ្គរាជ/រដ្ឋទូត និងតំណាងអង្គទូតនៃបណ្ដាប្រទេសសមាជិកអាស៊ាន តំណាងសហគមន៍ខ្មែរនិងសមាគមនិស្សិតខ្មែរនៅជប៉ុន ក្រុមហ៊ុនឯកជនកម្ពុជា និងជប៉ុន ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន ព្រមទាំងភ្ញៀវអន្តរជាតិ ប្រមាណជាង​ ៥ម៉ឺននាក់។

ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជានេះ មានគោលបំណងដើម្បីផ្សព្វផ្សាយ និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ ជំរុញការវិនិយោគ ទេសចរណ៍ ផលិតផលសក្តានុពល និងម្ហូបអាហារខ្មែរទៅកាន់ប្រជាជនជប៉ុន និងភ្ញៀវបរទេសផ្សេងទៀត។ ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា មានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ដែលការរៀបចំនេះធ្វើឡើងស្របនឹងពេលឈប់សម្រាក (golden week) របស់ប្រជាជនជប៉ុន។

ក្នុងឱកាសនោះ លោក MIYAJI Takuma បានសង្កត់ធ្ងន់អំពី៖​ ១៖ ទំនាក់ទំនងដ៏ជិតស្និទ្ធ​ និងដ៏មានផ្លែផ្ការវាងកម្ពុជា​ និងជប៉ុន​ ២៖ ការចូលរួមចំណែករបស់ប្រទេសជប៉ុន​ក្នុងដំណើរការស្វែងរកសន្តិភាព​ និងការអភិវឌ្ឍន៍ប្រទេសកម្ពុជា​ និង​៣៖ ការពង្រីកកិច្ចសហប្រតិបត្តិកាគ្រប់វិស័យ​ ក្រោម​ «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» រវាងប្រទេសទាំងពីរ។

លោក IMAMURA Masahiro បានលើកឡើងអំពី៖ ១៖ កិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ក្នុងការស្វែងរកសន្តិភាព និងការកសាងប្រទេសកម្ពុជាដ៏រឹងមាំមួយ ទាំងការរក្សាបាននូវស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច​ ២៖ ភាពរីកចម្រើនដ៏ឆាប់រហ័សរបស់ ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ និង​ ៣៖ បានអះអាងពីការតាំងចិត្តក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា​ និងជប៉ុនបន្ថែមទៀត។

លោក ហ៊ុល សីលា បានលើកឡើងអំពីសក្តានុពលវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានចាត់ទុកជា «មាសបៃតង» ដែលជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងមានភាពទាក់ទាញល្បីល្បាញទូទាំងពិភពលោក និង២៖ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្តល់កិច្ចសហការគាំទ្រកន្លងមក និងស្នើសុំបន្តគាំទ្រ ជាពិសេសជុំវិញកិច្ចសហការក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា-ជប៉ុន ឱ្យកាន់តែទូលំទូលាយថែមទៀត។

ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍នេះ លោកឯកអគ្គរាជទូត បានលើកឡើងថា៖ ១៖ទំនាក់ទំនងកាន់តែល្អប្រពៃ និងរីកចម្រើនជាបន្តបន្ទាប់រវាងប្រទេសកម្ពុជា និងជប៉ុន ក្រោម «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និងការប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត, ២.គូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ប្រទេសជប៉ុន ក្នុងដំណើរការកសាងសន្តិភាព ក្នុងអំឡុងទសវត្សរ៍៩០ កសាងប្រទេសឡើងវិញ និងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសកម្ពុជា, ៣៖ ការអភិវឌ្ឍន៍ និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លៀសវៃ និងប្រកបដោយថាមពលដ៏ក្លៀវក្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត, ៤៖ សក្តានុពលវិនិយោគ ព្រមទាំងកាលានុវត្តភាពដ៏ល្អប្រសើរបំផុតរបស់ប្រទេសកម្ពុជា សម្រាប់វិនិយោគិនបរទេស និងវិស័យទេសចរណ៍ និង៥៖ អញ្ជើញបងប្អូនសហគមន៍ខ្មែរ មិត្តជប៉ុន និងភ្ញៀវអន្តរជាតិទាំងអស់ ចូលរួមគាំទ្រ និងទស្សនាពន្លាជាតិកម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិភពលោក២០២៥ នៅទីក្រុងអូសាកា ជាពិសេសនៅថ្ងៃរៀបចំពិធីអបអរសាទរ «ទិវាជាតិកម្ពុជា» នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងព្រឹត្តិការណ៍ពិព័រណ៍ឆ្នាំនេះ មានស្តង់ចំនួនជាង៨០​ បានដាក់តាំងបង្ហាញនូវផលិតផលខ្មែរ មុខម្ហូបខ្មែរ ផ្សព្វផ្សាយពីគោលដៅទេសចរណ៍ និងសក្តានុពលវិនិយោគនានា ការសម្តែងសិល្បៈចម្រុះ ចម្រៀងបុរាណនិងសម័យ រួមទាំងការរាំលេងកម្សាន្ត និងការបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលសម្តែងដោយក្រុមសិល្បៈ អញ្ជើញមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា កុមារាកុមារីខ្មែរនៅជប៉ុន ក្រុមសមាគមនិស្សិតខ្មែររៀននៅជប៉ុន និងជនជាតិជប៉ុនដែលស្រឡាញ់វប្បធម៌ខ្មែរ ផងដែរ។

ជាចុងបញ្ចប់ លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរ មិត្តជប៉ុន ក៏ដូចជា ភ្ញៀវអន្តរជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមទស្សនា និងគាំទ្រព្រឹត្តិការណ៍តាំងពិព័រណ៍កម្ពុជានេះ ព្រមទាំងបានសំដែងការអរគុណយ៉ាងជ្រាលជ្រៅដល់សមាជិកគណៈកម្មការរៀបចំពិព័រណ៍កម្ពុជា រួមទាំង យុវជន យុវនារី និងកុមារា កុមារី សិស្សនិស្សិតខ្មែរ និងជប៉ុន អ្នកស្ម័គ្រចិត្តទាំងអស់ និងអ្នកសំដែងរបាំ និងចម្រៀង ដែលបានញ៊ាំងឱ្យកម្មវិធីនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលជោគជ័យ។ លោកក៏បានគូសបញ្ជាក់តម្លៃពុំអាចកាត់ថ្លៃបានចំពោះការចូលរួមចំណែក និងការលះបង់របស់ពួកគេទាំងអស់គ្នា ក្នុងការអភិរក្ស និងលើកស្ទួយវប្បធម៌ខ្មែរពិត៕