(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ និយោជិត ក្រុមហ៊ុនចំការកៅស៊ូ ស្រុកសន្ទុក ៥០០នាក់ ស្ថិតក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីអបអរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ១ ឧសភា ២០២៥ ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចិរភាព និងភាពធន់»។
លោក នួន ផារ័ត្ន អានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារជូនជនរួមជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិរួចមក លោកបង្ហាញក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ដែលជាពិធីប្រារព្ធឡើងក្នុងន័យរំលឹកដល់បុព្វហេតុរបស់ពលករ កម្មករ នៅលើពិភពលោកទាំងមូល ដែលបានតស៊ូទាមទារសេរីភាព និងយុត្តិធម៌កាលពី ១៣៩ឆ្នាំមុន និងដើម្បីឧទ្ទិសដល់វីរភាពពលករ កម្មករ និងវិញ្ញាណក្ខន្ធរបស់វីរៈជនស្នេហាសេរីភាព និងយុត្តិធម៌។
ឆ្លៀតក្នុងឱកាសនោះ លោកបាននាំនូវក្តីនឹករលឹក និងផ្តាំផ្ញើការសួរសុខទុក្ខ និងស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតរបស់សម្តេច នាយករដ្ឋមន្ត្រីជូនដល់បងប្អូនកម្មករ និយោជិតនៃក្រុមហ៊ុនចំការកៅស៊ូទាំងអស់។ ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជាតែងតែបានប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភានេះ និងបានចេញសារាចរណែនាំ និងសារលិខិត ដើម្បីបំផុសលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ រោងចក្រ សហគ្រាសនានា រៀបចំខួបអនុស្សាវរីយលើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា សំដៅបង្កបរិយាកាសសប្បាយរីករាយ សាមគ្គីភាព និងភាតរភាព ក្នុងទ្រង់ទ្រាយតូច និងតាមស្ថានភាពជាក់ស្តែង។
លោកបញ្ជាក់ថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយបានផ្តល់លទ្ធភាពឲ្យកម្ពុជា អាចទាក់ទាញវិនិយោគិនបរទេស ដើម្បីបង្កើតការងារដល់ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ មានជីវភាពធូរធារ សម្បូរសប្បាយដូចសព្វថ្ងៃ និងជំរុញឲ្យក្រុមកម្មករទាំងអស់ចូលរួមថែរក្សាសុខសន្តិភាពឲ្យបានគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយ តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់គ្នា។
លោក នួន ផារ័ត្ន បានផ្តាំផ្ញើដល់កម្មករនិយោជិតទាំងអស់ សូមឲ្យគោរពទៅតាមគោលការណ៍ច្បាប់របស់រាជរដ្ឋាភិបាលនិងក្រុមហ៊ុនពិសេសនោះ គឺធ្វើយ៉ាងណាត្រូវអប់រំកូនចៅ កុំប្រើប្រាស់គ្រឿងញៀន និងធ្វើជាក្មេងទំនើង។
លោក អៀង សុភាព ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ បានលើកឡើងពី វិស័យឯកជនមានការសហការគ្នាជាមួយស្ថាប័នរដ្ឋបានល្អ ដោយចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចជាតិ ពិសេសជាអ្នកជួយ បង្កើតការងារជូនប្រជាពលរដ្ឋយើង ឲ្យមានការងារធ្វើ និងចូលរួមលុបបំបាត់ភាពក្រីក្រ របស់ប្រជាពលរដ្ឋក្នុងការឆ្លើយតបទៅ នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកបន្តថាខេត្តកំពង់ធំ មានសហគ្រាស គ្រឹះស្ថានសរុបចំនួន ៥៧៧សហគ្រាស ដែលប្រើប្រាស់កម្លាំងកម្មករ និយោជិត សរុបចំនួន ១៥,៤០៦នាក់ ស្រី៥,៩៣៤នាក់ ក្នុងនោះ៖
សិប្បកម្មផលិតឡឥដ្ឋ-ក្បឿង មានចំនួន ៣៦សហគ្រាស មានកម្មករនិយោជិតសរុបចំនួន១៧៤នាក់ ស្រី៧៩នាក់។
វិស័យកសិឧស្សាហកម្មមានចំនួន ២៥សហគ្រាស មានកម្មករនិយោជិតសរុប ចំនួន ១១,៨៩៧នាក់ ស្រី ៤,៧៧២នាក់។
ក្នុងចំណោមវិស័យកសិឧស្សាហកម្មទាំង២៥ មានក្រុមហ៊ុនចម្ការកៅស៊ូធំៗ ចំនួន១៧សហគ្រាស មានកម្មករ និយោជិតសរុប ១១,៣៥៤នាក់ ស្រី៤,៤៣៣នាក់។ ក្នុងនោះ ក្រុមហ៊ុនចម្ការ កៅស៊ូវៀតណាម មាន៩សហគ្រាស មានកម្មករនិយោជិតសរុប ៩,៧១៦នាក់។
ដោយឡែក ក្នុងឱកាសពិធីសំណេះសំណាល អបអរសាទរខួបអនុស្សាវរយ៍លើកទី១៣៩ នៃទិវាពលកម្ម អន្តរជាតិ ១ ឧសភា ២០២៥នេះ មានក្រុមហ៊ុនចម្ការកៅស៊ូចំនួន៤ក្រុមហ៊ុន គឺក្រុមហ៊ុនតាន់បៀន ១៥០នាក់, ក្រុមហ៊ុនបារៀ ១៥០នាក់, ក្រុមហ៊ុនភឿកវ៉ា ១៥០នាក់ និងក្រុមហ៊ុនហ្គោលហ្វ័យស៊ុន ៥០នាក់៕