(ភ្នំពេញ)៖ រដ្ឋាភិបាលឡាវ បានអនុញ្ញាតឱ្យកម្ពុជា ដឹកទំនិញកសិកម្មឆ្លងកាត់ប្រទេសខ្លួន ទៅប្រទេសចិន ឬប្រទេសទី៣ តាមរយៈប្រព័ន្ធផ្លូវដែកនិងរថភ្លើងល្បឿនលឿន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅកាន់ប្រទេសឡាវ។
គួរបញ្ជាក់ថា កាលថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ។
ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើ វិស័យកសិកម្មរវាងប្រទេសទាំងពីរ និងពិនិត្យលទ្ធភាពតភ្ជាប់ការផ្គត់ផ្គង់ធាតុចូលសម្រាប់ផលិតកម្មជីកសិកម្ម ពីឡាវមកកម្ពុជា។
លោករដ្ឋមន្ត្រី បានចូលរួមកិច្ចប្រជុំទ្វេភាគីរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃ ព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មនិងរុក្ខាកម្មនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
នៅក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រីទាំងពីរបានពិនិត្យពិភាក្សាលើកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌនៃ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលភាគីទាំងពីរបានឯកភាពគ្នា និងចុះហត្ថលេខាកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។
ជាលទ្ធផលនៃកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ លើការងារអាទិភាពចំនួន៣ សំខាន់ៗដូចខាងក្រោម៖
*ទី១៖ កិច្ចសហប្រតិបត្តិការលើធាតុចូលកសិកម្ម ជាពិសេសធាតុផ្សំនៃជីកសិកម្ម ដោយផ្តោតសំខាន់ លើជីប៉ូតាស (potash-based fertilizer)។
*ទី២៖ ការជំរុញកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្តោតលើការនាំចេញផលិតផលស្វាយទៅប្រទេសចិន ឬប្រទេសទី៣ តាមរយៈការប្រើប្រាស់ប្រព័ន្ធផ្លូវដែកនិងរថភ្លើងល្បឿនលឿនឆ្លងកាត់ប្រទេសឡាវ ដើម្បីបើកទីផ្សារថ្មីសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា។
*ទី៣៖ ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតលើឆាកអន្តរជាតិក្នុងវិស័យកសិកម្ម ដើម្បីផល ប្រយោជន៍រួមនៃប្រទេសទាំងពីរ។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូបានអញ្ជើញទៅទស្សនកិច្ច ផ្ទាល់នៅ ក្រុមហ៊ុន Asia-Potash ដែលជាក្រុមហ៊ុនលំដាប់លេខ៥ក្នុងពិភពលោកលើការផលិតជីប៉ូតាស (potash-based fertilizer)។
សូមជម្រាបថា ដំណើរទស្សនកិច្ចនេះមានគោលដៅស្វែងយល់ពីដំណើរការទាញយករ៉ែ Potash មកប្រើប្រាស់ជាសារធាតុផ្សំមួយក្នុងការផលិតជីកសិកម្ម និងភ្ជាប់ទំនាក់ទំនងឱ្យអ្នកវិនិយោគកម្ពុជាអាចនាំយក ផលិតផលសម្រេចជីប៉ូតាស (potash-based fertilizer) មកប្រើប្រាស់ក្នុងការផលិតជីនៅកម្ពុជា៕
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម៖